បើតាមសៀវភៅថ្មីមួយនិពន្ធដោយអ្នកកាសែត Bob Woodward ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានដឹងកាលពីដើមឆ្នាំ២០២០ថា វីរុសកូរ៉ូណាអាចមានគ្រោះថ្នាក់ខ្លាំងក្នុងសហរដ្ឋអាមេរិក ក៏ប៉ុន្តែលោកបានបំភ័ន្តសាធារណជនអាមេរិកាំងដោយចេតនាអំពីភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ដើម្បីជៀសវាងកុំឱ្យប្រជាពលរដ្ឋផ្អើលឆោឡោ។
នៅពេលដែលវីរុសកូរ៉ូណារាលដាលពីប្រទេសចិនទៅទូទាំងពិភពលោក លោក Robert O'Brien ទីប្រឹក្សាសន្តិសុខជាតិបានថ្លែងប្រាប់លោក Trump នៅក្នុងកិច្ចប្រជុំមួយក្នុងសេតវិមានកាលពីថ្ងៃទី២៨មករាថា «នេះជាការគំរាមកំហែងខាងសន្តិសុខជាតិធំបំផុតដែលលោកប្រឈមក្នុងតំណែងប្រធានាធិបតីរបស់លោក» នេះបើតាមសៀវភៅមានចំណងជើងថា «Rage» ប្រែថា «កំហឹង» នោះ។
លោក Woodward ដែលជាបណ្ណាធិការជំនួយនៃសារព័ត៌មាន Washington Post បានដកស្រង់ពាក្យសម្តីលោក O'Brien ដែលបាននិយាយថា «នេះជាបញ្ហាពិបាកបំផុតដែលលោកនឹងប្រឈម»។លោក Matthew Pottinger ទីប្រឹក្សារងសន្តិសុខជាតិបានយល់ស្របជាមួយការវាយតម្លៃនេះ។
ជាសាធារណៈ លោក Trump បានថ្លែងបន្ធូរបន្ថយការគំរាមកំហែងនេះ។ ដប់ថ្ងៃបន្ទាប់មកលោក Trump បានហៅទូរសព្ទទៅលោក Woodward ហើយលោកបានថ្លែងថា លោកគិតថា ស្ថានភាពជំងឺនេះនាំឱ្យរន្ធត់ខ្លាំងជាងការរំពឹងទុកឆ្ងាយណាស់។
លោក Trump បានថ្លែងនៅក្នុងការនិយាយទូរសព្ទកាលពីថ្ងៃទី៧កុម្ភៈថា «លោកអ្នកគ្រាន់តែស្រូបខ្យល់ក្នុងដង្ហើមវាឆ្លងហើយ។ ហើយជំងឺនេះធ្ងន់ធ្ងរណាស់។ ហើយវាមានគ្រោះថ្នាក់ដល់ជីវិតជាងជំងឺផ្តាសាយធំទៅទៀត»។
លោកប្រធានាធិបតីបានបញ្ជាក់ឡើងវិញថា «ជំងឺនេះជាជំងឺដ៏ប្រល័យ»។
លោក Trump បានថ្លែងជាសាធារណៈប្រាប់ប្រជាពលរដ្ឋអាមេរិកាំងថា វីរុសនេះនឹងបាត់ទៅវិញក្នុងពេលឆាប់ៗនេះ ហើយជំងឺនេះមិនធ្ងន់ធ្ងរជាងជំងឺផ្តាសាយប្រចាំរដូវទេ។ លោកបានទទូចថា រដ្ឋាភិបាលសហរដ្ឋអាមេរិកគ្រប់គ្រងជំងឺនេះបានទាំងស្រុងហើយ។
នៅក្នុងការហៅទូរសព្ទមួយក្នុងបណ្តាការហៅទូរសព្ទ១៨លើក ដែលលោក Woodward បានថតសំឡេង លោក Trump បានសារភាពកាលពីថ្ងៃទី១៩មីនាថា លោកបាននិយាយបន្ធូរបន្ថយគ្រោះថ្នាក់ដោយជំងឺនេះដោយចេតនា។
លោកបានថ្លែងថា«ខ្ញុំតែងតែនិយាយបន្ធូរបន្ថយដល់ជំងឺនេះ»។
សេតវិមានមិនបានចោទសួរអំពីភាពត្រឹមត្រូវនៃការដកស្រង់ពាក្យសម្តីរបស់លោក Trump ទាំងនេះទេ តែនៅពេលសៀវភៅ«Rage»បានចែកចាយកាលពីថ្ងៃពុធ ទី៩ ខែកញ្ញា អ្នកស្រី Kayleigh McEnany អ្នកនាំពាក្យសេតវិមានបានខិតខំបន្ថយការខូចខាតខាងនយោបាយ។
អ្នកស្រីបានថ្លែងថា លោក Trump «ចង់ឱ្យប្រទេសមានការស្ងប់ស្ងៀម។ នេះជាអ្វីដែលពួកមេដឹកនាំធ្វើ»។
អ្នកស្រី Kayleigh McEnany បានថ្លែងថា «ប្រធានាធិបតីរូបនេះបានធ្វើការងារដែលមិនធ្លាប់មានពីពេលមុន ក្នុងការដោះស្រាយបញ្ហាជំងឺកូវីដ។ លោកតែងតែយល់ឃើញច្បាស់លាស់អំពីជីវិតមនុស្សដែលយើងអាចបាត់បង់។ ហើយនៅលើវេទិកានេះ លោកបានទទួលស្គាល់ថា បញ្ហានេះធ្ងន់ធ្ងរកាលពីខែមីនា ដែលថា មានមនុស្ស១សែន ឬ ២សែននាក់អាចស្លាប់»។
កាលពីថ្ងៃព្រហស្បតិ៍ទី១០ កញ្ញា លោក Trump បានថ្លែងតាម Twitter ថា «លោក Bob Woodward មានដកស្រង់ពាក្យសម្តីខ្ញុំជាច្រើនក្នុងពេលច្រើនខែ។ ប្រសិនបើលោកគិតថា ពាក្យសម្តីទាំងនោះអាក្រក់ឬនាំឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងនោះ ហេតុដូចម្តេចបានជាលោកមិនរាយការណ៍ជាបន្ទាន់នៅក្នុងការខិតខំប្រឺងប្រែងដើម្បីជួយជីវិតមនុស្ស? ក្រែងលោកមានកាតព្វកិច្ចធ្វើការណ៍នេះដែរ? អត់ទេ ពីព្រោះលោកដឹងថា ចម្លើយទាំងនេះល្អនិងត្រឹមត្រូវ។ គឺរក្សាភាពស្ងប់ស្ងៀម និងកុំភ្ញាក់ផ្អើល!»
ការលាតត្រដាងក្នុងសៀវភៅនេះកើតឡើងក្នុងអំឡុងពេលតិចជាង៨អាទិត្យមុនការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៣ វិច្ឆិកា ដែលជាការប្រកួតប្រជែង រវាងលោក Trump និងគូប្រជែងរបស់លោកគឺលោកអតីតអនុប្រធានាធិបតី Joe Biden ខាងគណបក្សប្រជាធិបតេយ្យ។
នៅក្នុងការធ្វើដំណើរទៅឃោសនាបោះឆ្នោតមួយក្នុងរដ្ឋ Michigan ដែលជារដ្ឋមានការប្រកួតប្រជែងខាងនយោបាយខ្លាំងក្នុងតំបន់កណ្តាលនៃភាគខាងលិចប្រទេស លោក Biden បានរិះគន់ខ្លាំងដល់លោក Trump ក្នុងការដោះស្រាយបញ្ហាវីរុសកូរ៉ូណាដែលនៅពេលនេះបានបណ្តាលឱ្យជនជាតិអាមេរិកាំងជិត១សែន៩ម៉ឺននាក់ស្លាប់ ហើយមានអ្នកឆ្លងជាង៦លាន៣សែននាក់។ តួលេខទាំងពីរនេះជាតួលេខច្រើនបំផុតអំពីអ្នកស្លាប់ និងអ្នកកើតជំងឺនេះ ក្នុងចំណោមប្រទេសទាងអស់ក្នុងពិភពលោក។
លោក Biden បានថ្លែងថា«លោក Trump បានដឹងអំពីភាពធ្ងន់ធ្ងរនៃជំងឺនេះ តែលោកចង់និយាយកុហកសាធារណជនអាមេរិកាំងអំពីការគំរាមកំហែងនេះដល់ប្រទេសជាតិជាច្រើនខែ...លោកបរាជ័យក្នុងការបំពេញការងាររបស់លោក ដោយចេតនា។ នេះជាការហួសពីការគួរឲ្យស្អប់ខ្ពើមទៅទៀត»។
ពួកអ្នកជំនាញខាងសុខភាពឥឡូវនេះនិយាយថា ការស្ទង់ប្រមាណមួយបង្ហាញថា ជនជាតិអាមេរិកាំង៤សែន១ម៉ឺននាក់អាចស្លាប់ដោយសារជំងឺកូវីដ១៩នៅដើមឆ្នាំ២០២១។
លោក Todd Belt ជាសាស្ត្រចារ្យខាងការចាត់ចែងនយោបាយនៅឯសាកលវិទ្យាល័យ George Washington។ លោកបាននិយាយថា ការលាតត្រដាងពីសៀវភៅនេះអំពីការឆ្លើយតបរបស់លោក Trump ដល់វិបត្តិវីរុសកូរ៉ូណាអាចផ្តល់ផលចំណេញខាងនយោបាយសម្រាប់គណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ។
លោក Todd Belt បានថ្លែងថា«គណបក្សសាធារណរដ្ឋ ច្បាស់ជានឹងនិយាយថា លោក Trump បានបង្ហាញនូវការដឹកនាំប្រទេស។ លោកមិនចង់ឱ្យប្រជាពលរដ្ឋផ្អើលឆោឡោទេ។ ចំណែកគណបក្សប្រជាធិបតេយ្យវិញនឹងនិយាយថា នេះជាសេចក្តីសម្រេចចិត្តមិនល្អមួយហើយវាធ្វើឱ្យបញ្ហានេះ រឹតតែធ្ងន់ធ្ងរជាងមុន។ ដូច្នេះ ខ្ញុំយល់ថា ប្រជាពលរដ្ឋនឹងបកស្រាយការណ៍នេះតាមការយល់ឃើញដោយប្រកាន់គណបក្ស»។
លោក Woodward ល្បីឈ្មោះក្នុងវិស័យសារព័ត៌មានអាមេរិកាំង ដោយសារលោកបានចូលរួមជាមួយលោក Carl Bernstein អ្នករាយការណ៍ព័ត៌មាននៃកាសែត Washington Post ក្នុងការឆ្កឹះកកាយរឿងអាស្រូវនយោបាយ Watergate ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលនាំឱ្យលោកប្រធានាធិបតី Richard Nixon លាលែងចេញពីតំណែង។
សៀវភៅថ្មីនេះរបស់លោក Woodward កត់ត្រាការចាត់ការមិនល្អរបស់រដ្ឋបាលលោក Trump ក្នុងការដោះស្រាយបញ្ហាការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ហើយក៏មាននិយាយអំពីរឿងចម្រូងចម្រាសឯទៀតៗដែរ ក្នុងអំឡុងពេលលោកTrump កាន់តំណែងប្រធានាធិបតីអាមេរិកាំងជិតបួនឆ្នាំ។
លោក Woodward បានសរសេរថា «លោក Trump ហាក់ដូចជា មិនដែលចង់ប្រមូលកម្លាំងរដ្ឋាភិបាលសហព័ន្ធទេ ហើយហាក់ដូចជារុញច្រានបញ្ហាទៅដាក់បន្ទុកលើរដ្ឋទាំងអស់វិញ» ក្នុងការដោះស្រាយបញ្ហានៃការរាតត្បាតជាសាកលនៃជំងឺនេះ។ លោក Woodward បន្តទៀតថា «គ្មានទ្រឹស្តីនៃការចាត់ចែងកិច្ចការពិតប្រាកដនៃករណីនេះឬមួយក៏ចាត់ចែងឱ្យធំដុំ សម្រាប់ដោះស្រាយវិបត្តិគ្រាមានអាសន្នបន្ទាន់មួយដែលសហរដ្ឋអាមេរិក មិនដែលជួបប្រទះនេះ»។
លោក Woodward បាននិយាយថា លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងដែលជាញឹកញយជាមុខមាត់សាធារណៈរបស់រដ្ឋបាល Trump បានឆ្លើយនឹងសំណួរអំពីជំងឺកូវីដ១៩ ហើយនៅពេលមួយនោះលោកបានមានប្រសាសន៍ប្រាប់អ្នកឯទៀតថាលោក Trump «មានការយល់ឃើញខុសពីគេ» ហើយមិនផ្តោតការយកចិត្តទុកដាក់លើការប្រជុំទេ ហើយមានភាពដឹកនាំដែល«គ្មានទិសដៅច្បាស់លាស់»ទេ។
បើតាមលោក Woodward ថា លោក Fauci បាននិយាយអំពីលោក Trump ថា«ការផ្តោតការយកចិត្តទុកដាក់របស់លោក Trump មិនមានរយៈពេលយូរទេ។ គោលដៅតែមួយគត់របស់លោកគឺធ្វើឱ្យជាប់ឆ្នោតជាថ្មីតែប៉ុណ្ណោះ»។
លោក Woodward បាននិយាយយោងដល់ការប្រជុំមួយក្នុងការិយាល័យរបស់លោកប្រធានាធិបតី ក្នុងសេតវិមានថានៅក្រោយលោក Trump បានធ្វើសេចក្តីថ្លែងការណ៍ខុសនៅក្នុងការធ្វើសន្និសីទកាសែតមួយ លោក Fauci បានមានប្រសាសន៍នៅចំពោះមុខលោកប្រធានាធិបតីថា«យើងមិនចង់ឱ្យលោកប្រធានាធិបតីចេញមុខនិយាយជាសាធារណៈ ដែលអាចនាំឲ្យលោកងាយរងគ្រោះ ដោយលោកនិយាយអ្វីដែលនឹងធ្វើឱ្យខូចប្រយោជន៍លោកនៅថ្ងៃក្រោយ។»
លោក Woodward បានពណ៌នាថាលោក Fauci មានការស្រងាកចិត្តជាពិសេសអំពី លោក Jarred Kushner កូនប្រសាលោក Trump និងជាទីប្រឹក្សាម្នាក់របស់សេតវិមានដែលបាននិយាយដូចជាអ្នកសម្តែងលើកទឹកចិត្តពួកកីឡាករដោយនិយាយថាអ្វីៗអស្ចារ្យទាំងអស់អំពីការឆ្លើយតបរបស់រដ្ឋបាលដល់់វិបត្តិវីរុសកូរ៉ូណា។
នៅពេលដែលវីរុសនេះរាលដាលទូទាំងប្រទេស លោក Kushner បានថ្លែងថាអំពីលោក Trump ថា«គោលដៅគឺធ្វើឲ្យលោកដកខ្លួនចេញពីការគ្រប់គ្រងទៅធ្វើការឃោសនាបោះឆ្នោតវិញ។»
ប្រែសម្រួលដោយលោក ឈឹម សុមេធ