ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​២​ក្នុង​ប្រទេស​អូស្ត្រាលី​ហាម​ឃាត់​ការ​ប្រើ​ថង់​ប្លាស្ទិក​តែ​មួយ​លើក


រូបឯកសារ៖​ មនុស្ស​ដើរកាន់​ថង់​កាត់​មុខ​ធនាគារ​មួយ​ ក្នុង​ទីក្រុង​ Sydney កាល​ពី​ថ្ងៃ​ទី ៤​ ខែ​មិថុនា ឆ្នាំ ២០១៨។
រូបឯកសារ៖​ មនុស្ស​ដើរកាន់​ថង់​កាត់​មុខ​ធនាគារ​មួយ​ ក្នុង​ទីក្រុង​ Sydney កាល​ពី​ថ្ងៃ​ទី ៤​ ខែ​មិថុនា ឆ្នាំ ២០១៨។

រដ្ឋ​២​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​ចេញ​ការ​ហាម​ឃាត់​ការ​ប្រើ​ស្បោង​ប្លា ស្ទីក​ដែលប្រើ​តែ​មួយ​ដង​ហើយ​យក​ទៅ​ចោល។​ ស្បោងស្វិត​មាំ​ដែល​អាច​ប្រើ​លើស​ពី​ម្ដង​ ​នឹង​ត្រូវ​លក់​ជំនួស​វិញ។

ទោះ​យ៉ាងណា​ក៏​ដោយ​ ការ​ហាម​ឃាត់​នៅរដ្ឋ​ Western Australia និង Queensland មាន​បញ្ហា។​ អតិថិជន​ជា​ច្រើន​និយាយ​ថា វា​ជា​ការ​មិន​ស្រួល​ទេ ​ខណៈ​ដែល​ក្រុម​បរិស្ថាន​កំពុង​អបអរ​សាទរ​ចំពោះ​ចំណាត់​ការ​នេះ។

សាខា​ផ្សារ Supermarket ​សំខាន់​ៗ​របស់​អូស្ត្រាលី​បាន​ខិត​ខំ​អនុវត្ត​ការ​ហាម​ឃាត់​ប្រើ​ស្បោង​ប្លាស្ទិក​តែ​ម្ដង​នេះ។

នៅ​ឯ​ហាង​លក់ដូរ​ទំនិញ​មួយ​កន្លែង​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង Perth ក្នុង​រដ្ឋ Western Australia ​មាន​អតិថិជន​ខឹង​សម្បារ​ម្នាក់​បាន​យក​ដៃ​រឹត​ក​ កម្មករ​ហាង​លក់ដូរ​នោះ។

ហាង​លក់​ទំនិញ​មួយ​បាន​សម្រេច​ឲ្យ​ស្បោង​ដែល​អាច​ប្រើ​ឡើង​វិញ​បាន​ ទៅអតិថិ​ជន​ដោយ​មិន​គិត​ថ្លៃ​បន្ទាប់​ពី​ពួក​អ្នក​ទិញ​ទំនិញ​បាន​ធ្វើ​ពហិការ​មិន​ទិញ​ទំនិញ។

នៅ​ទី​កន្លែង​ផ្សេង​ទៀត​មាន​ការ​ច្របូក​ច្របល់​អំពី​ច្បាប់​ថ្មី​ ដែល​បាន​ចូល​ជាធរមាន​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​រដ្ឋ Western Australia ​និង​រដ្ឋ Queensland។

រដ្ឋនិង​ដែនដី​ទាំងអស់​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលីបាន​ធ្វើ​ច្បាប់​ដើម្បី​លប់​បំបាត់​ការ​ប្រើ​ស្បោង​ប្លាស្ទិក​តែ​ម្ដង​ ឬ​ក៏​មាន​បំណង​ធ្វើ​ច្បាប់ ​លើកលែងតែ​រដ្ឋ New South Wales ដែល​នៅ​ទី​នោះ​មេដឹកនាំ​នយោបាយ​បាន​និយាយ​ថា គេ​មិន​ត្រូវ​ការច្បាប់​ថ្មី​ទេ ​ពីព្រោះ​តែ​ផ្សារ​ទំនើប​បាន​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួនឯង​ហើយ។

ផ្សារ​ទំនើប​ Woolworths ​និង Coles ​ដែល​ជា​សាខា​ហាង​លក់​គ្រឿង​ទេស​ដ៏​សំខាន់​មួយ ​លែង​ផ្ដល់​ស្បោង​ប្លាស្ទិក​ដោយ​មិន​គិត​ថ្លៃ​ដល់អ្នក​ទិញ​ទៀត​ហើយ។

លោក Tony Mardini ​ជា​អ្នក​នាំ​ពាក្យ​ហាង​លក់​គ្រឿង​ទេស​ Woolworths ​បាន​និយាយ​ថា ៖«យើង​គ្រាន់​តែ​ចង់​ធ្វើ​ជា​អ្នក​លក់​ទំនិញ​រាយ​មាន​ការ​ទទួល​ខុសត្រូវ​ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​គាំទ្រ​បរិស្ថាន​ហើយ​នឹង​យក​ស្បោង​ប្លាស្ទិក​ចំនួន​៣​.​២​ ពាន់លាន​ថង់ចេញ​ពី​បរិស្ថាន»។

លោកស្រី Sarah Thompson មកពី​អង្គការ​ Planet Ark ដែល​ជា​ក្រុម​យុទ្ធនាការ​ដើម្បី​បរិស្ថាន​ ចង់បាន​ការ​ហាម​ឃាត់​ប្រើ​ប្លាស្ទិក​ច្រើន​ជាង​នេះ​ទៀត។​

លោកស្រី Sarahបាន​ថ្លែង​ថា៖ «ផលិតផល​មួយ​ចំនួន​ដែល​ផ្សារ​ទំនើប​ Supermarketមាន​ដូចជា​បំពង់​បឺត​ទឹក មាន​របស់​ផ្សេងទៀត​ដូច​ជា​កែវ​កាហ្វេ ​មាន​របស់​សម្រាប់​ខ្ចប់​ជា​ច្រើន​ដែល​មិន​មាន​ការចាំបាច់»។

ការ​ហាម​ឃាត់​ការ​ប្រើ​ស្បោង​ប្លាស្ទិក​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ដើម្បី​កាត់​បន្ថយ​កាក​សំណល់​ក្នុង​ប្រទេស​អូស្ត្រាលី។​ ក្រុមហ៊ុន​លក់​ទំនិញ​រាយ​នៅ​ក្នុង​រដ្ឋ​៤​នៃ​រដ្ឋ​ទាំងអស់​ចំនួន​៦របស់​អូស្ត្រាលី​ ​ឥឡូវនេះ​នឹង​ប្រឈម​ការ​ផាក​ពិន័យ​រហូតដល់​៤​៦០០​ដុល្លារ​ ចំពោះ​ការ​ប្រើ​ស្បោង​ប្លាស្ទិក​។

អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រទេស​ជាង​៦០​បាន​ហាម​ឃា​ត់​ឬ​យក​ពន្ធ​លើ​ការ​ប្រើ​ស្បោង​ប្លាស្ទិក​តែ​ម្ដង។​ អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់​ស្មាន​ថា វត្ថុ​ធ្វើ​ពី​ផ្លាស្ទិក​ស្តើងៗ​រហូត​ដល់​៥លាន​លាន​ត្រូវ​បាន​គេ​ប្រើ​នៅ​ជុំវិញ​ពិភព​លោក។

ក្នុង​ប្រទេស​កេនយ៉ា ​ការ​ហាម​ឃាត់​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ជួយ​ប្រយុទ្ធ​ជំងឺ​គ្រុន​ចាញ់​ ពីព្រោះ​សត្វ​មូស​បាន​ប្រើ​ស្បោង​ប្លាស្ទិក​ជា​កន្លែង​បង្ក​បង្កើត​កូន។

ក្នុង​ប្រ​ទេស​បង់ក្លាដែស ​ស្បោង​ដែល​គេ​បោះចោល​បាន​ធ្វើ​ឲ្យ​ស្ទះ​ប្រឡាយ​បង្ហូរទឹក​ហើយ​បាន​បណ្ដាល​ឲ្យ​មាន​ការ​ជន់​លិច​យ៉ាង​ខ្លាំង៕


ប្រែស​ម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG