ក្រុមគ្រួសាររបស់ជនបង្កហេតុក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលសម្លាប់មនុស្សម្នាក់ បានប្តឹងក្រុមគ្រួសារជនរងគ្រោះដែលស្លាប់ ពីបទបរិហារកេរ្តិ៍ និងជេរប្រមាថជាសាធារណៈ។
ការប្តឹងផ្តល់នេះ បន្ទាប់ពីតុលាការរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនជនបង្កម្នាក់ ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ជាអ្នកបើកបររថយន្ត Jeep ដែលត្រូវបានរាយការណ៍ថា បើកបុកអ្នកធ្វើដំណើរតាមម៉ូតូម្នាក់ស្លាប់ កាលពីខែធ្នូ ឆ្នាំមុន។
បើតាមដីការបស់តុលាការ ម្តាយរបស់ជនបង្កបានប្តឹងក្រុមគ្រួសារជនរងគ្រោះចំនួន ៤នាក់ ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ» «បរិហារកេរ្តិ៍តាមសារព័ត៌មាន» និង«ជេរប្រមាថជាសាធារណៈ»។ ពួកគេទាំង ៤នាក់ ដែលជាសាច់ញាតិរបស់ជនរងគ្រោះដែលស្លាប់ ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺក្នុងនាមជាជនសង្ស័យនៅថ្ងៃទី ២៤ ខែមករា ខាងមុខនេះ។
បើតាមដីកាកោះហៅ ៤ច្បាប់ ផ្សេងគ្នារបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ៩ ខែមករា អ្នកស្រី សុខ លីណា ម្តាយរបស់ជនបង្កបានប្តឹងមនុស្ស៤នាក់រួមមាន អ្នកស្រី គ្រុយ ឈិនលាំង ត្រូវជាភរិយារបស់អ្នកស្លាប់ កញ្ញា សៀង សេរីរដ្ឋា និងកញ្ញា សៀង មួយអេង ត្រូវជាប្អូនស្រីបង្កើតរបស់អ្នកស្លាប់ និងលោក សំរិទ្ធ សារុន ត្រូវជាសាច់ញាតិរបស់អ្នកស្លាប់ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារកេរ្តិ៍តាមសារព័ត៌មាន និងបទជេរប្រមាថជាសាធារណៈ។
បើតាមដីកាកោះទាំងនោះ អ្នកស្រី សុខ លីណា បានប្តឹងមនុស្សទាំង៤នាក់នេះ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤ ហើយតុលាការបានកោះហៅឱ្យអ្នកទាំង ៤ ចូលបំភ្លឺ នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤។
គេមិនទាន់ដឹងលម្អិតថាតើមានការប្រើប្រាស់ពាក្យពេចន៍យ៉ាងដូចម្តេចខ្លះពីសំណាក់ក្រុមគ្រួសាររបស់ជនរងគ្រោះ រហូតដល់ម្តាយរបស់ជនបង្កប្តឹងពួកគេឡើយ។ ការប្តឹងផ្តល់នេះនាំឱ្យមានការរិះគន់ជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកទៅលើម្តាយរបស់ជនបង្ក។
កញ្ញា សៀង សេរីរដ្ឋា អាយុ២៤ឆ្នាំ ដែលត្រូវជាប្អូនស្រីបង្កើតរបស់អ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ បង្ហាញការងឿងឆ្ងល់ចំពោះពាក្យបណ្តឹងលើកញ្ញា និងបានអះអាងថា កញ្ញាមិនបានជេរប្រមាថអ្វីឡើយ។
កញ្ញាប្រាប់វីអូអេថា៖ «យើងអត់ទាន់បានទៅតុលាការទេបង។ យើងព្យាយាមស្ងប់ស្ងាត់ ដើម្បីឱ្យខាងតុលាការគាត់ធ្វើការ។ អ៊ីចឹងមានតែខាងក្រុមគ្រួសារសព ទើបស្ងាត់ស្ងៀម ទប់ចិត្ត ទប់កំហឹង ទប់អ្វីទាំងអស់ ដើម្បីឱ្យខាងតុលាការធ្វើការ។ តែចុងក្រោយ ខ្ញុំត្រូវបានទទួលពាក្យបណ្តឹង ដោយអត់មានដឹងថាមូលហេតុថាយើងធ្វើអ្វី បានគេប្តឹងយើង ហើយប្តឹងមិនមែនតែម្នាក់ទៀត គឺដល់ប្រពន្ធ បងប្រុស[សៀង គឹមហុង ដែលស្លាប់] ដែលគាត់កូនខ្ចី កូនទើបតែ ៦ខែ ត្រូវបានទទួលពាក្យបណ្តឹងហ្នឹង»។
កញ្ញារៀបរាប់បន្ថែមថា គ្រួសារមិនទាន់បាត់សោកសៅ និងមិនទាន់ធ្វើបុណ្យ ១០០ថ្ងៃចប់សព្វគ្រប់ផង បែរជាត្រូវរងពាក្យបណ្តឹងនេះថែមទៀត។
កញ្ញាបញ្ជាក់ថា៖ «ចាសបង គាត់ [ប្រពន្ធលោក សៀង គឹមហុង] នៅតែសោកសៅយំរាល់ថ្ងៃ ព្រោះអីកូន ៦ខែ ហើយគ្នាអត់មានដឹងអីត្រូវបាត់បង់ឪពុក ហើយបើនៅតែជាមួយកូនចឹងទៀត ហើយអាភាពសោកសៅហ្នឹងមិនងាយបាត់ទេ»។
ករណីគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញបានកើតឡើងនាវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ ដោយបុគ្គលឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ត្រូវបានចោទពីបទបើករថយន្តម៉ាក Jeep ពណ៌ខ្មៅ បុកបុរសជិះម៉ូតូម្នាក់ ឈ្មោះ សៀង គឹមហុង ស្លាប់នៅលើផ្លូវ ៥៦៦ កែង ៣១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ក្រោយពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ លោក ព្រហ្ម វិចិត្រសុសក្ដា បានគេចខ្លួនពេលមួយរយៈ និងបានចូលសារភាពនៅតុលាការ ក្រោយសមត្ថកិច្ចតាមចាប់ខ្លួន និងក្រោយមានការណែនាំពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដែលស្នើឱ្យតុលាការពិនិត្យ ស្រាវជ្រាវ និងដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមផ្លូវច្បាប់។ ក្រោយមក លោក ព្រហ្ម វិចិត្រសុសក្ដា បានចូលសារភាពនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ហើយក្រោយការសាកសួរ តុលាការក៏បានសម្រេចឃុំខ្លួនរូបលោកនៅពន្ធនាគាររាជធានីភ្នំពេញ ក្រោមបទចោទ«ធ្វេសប្រហែសក្នុងការបើកបរ» និងបទ«រត់គេចខ្លួន»។
ដោយឡែកនៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍នោះកើតឡើង គណនីហ្វេសប៊ុកដែលមានឈ្មោះថា Juppy និងត្រូវបានបញ្ជាក់ដោយក្រុមគ្រួសារថាជាហ្វេសប៊ុករបស់ភរិយារបស់អ្នកដែលស្លាប់ បានបង្ហោះសារមួយនិងត្រូវបានលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌យកមកផ្សព្វផ្សាយបន្តថា៖ «លោក ព្រហ្ម វិចិត្រសុភា [ដែលជាឪពុករបស់ជនសង្ស័យ] លោកចូលបុណ្យសព ១០០០$ ហើយលោកសូមឱ្យដកពាក្យបណ្តឹង បើមិនដកនឹងខូចអនាគតទាំងសងខាង លោកចង់គំរាមហ៍? ហើយលោកមកប្រាប់ពួកខ្ញុំដែលជាគ្រួសារសពឱ្យកាត់ចិត្តទៅ? លោក ព្រហ្ម វិចត្រសុភា ខ្ញុំឱ្យលោកបែបនឹងវិញលោកព្រមអត់? បើសិនជារូបសពជារូបកូនលោក តើលោកមានអារម្មណ៍បែបណា?....ខ្ញុំមិនឱ្យប្តីល្អរបស់ខ្ញុំស្លាប់ទៅបែបនេះទេ។ យុត្តិធម៌ត្រូវតែមានសម្រាប់ប្តីខ្ញុំ...»។
កញ្ញា សៀង សេរីរដ្ឋា ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោក សៀង គឹមហុង ជាអ្នកបើកបរម៉ូតូដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ បន្ថែមថា រហូតមកដល់ពេលនេះ ក្រុមគ្រួសារមិនទាន់ដឹងព័ត៌មានអ្វីបន្ថែមជុំវិញករណីដែលតុលាការចោទប្រកាន់ជនបង្កនៅឡើយទេ។
កាលពីកន្លងទៅ ក្រុមគ្រួសារជនរងគ្រោះបានទាមទារសំណងជំងឺចិត្ដ ២០ម៉ឺនដុល្លារអាមេរិកពីជនបង្ក និងស្នើឱ្យផ្ដន្ទាទោសតាមច្បាប់លើអ្នកបើកបរថយន្តនោះ។ ដូច្នេះប្រសិនបើតុលាការកឃើញកំហុស បុគ្គលនោះអាចជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ តាមមាត្រា ៨៥ នៃក្រមព្រហ្មទណ្ឌ ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា និងមិនប្រុងប្រយ័ត្ន និងតាមមាត្រា ៥៤៣ ពីបទរត់គេចខ្លួន ដែលអាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ១ឆ្នាំ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ សុំមិនអត្ថាធិប្បាយលើករណីនេះ ដោយស្នើឱ្យទាក់ទងទៅអ្នកនាំពាក្យរបស់តុលាការមួយទៀត។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពី អ្នកស្រី សុខ លីណា ជាម្តាយរបស់ជនបង្ក និងលោក ព្រហ្ម វិចិត្រសុភា ជាឪពុករបស់ជនបង្ក និងជាមេធាវីម្នាក់បាននៅឡើយទេ។
បើតាមការផ្សាយផ្ទាល់នៅលើបណ្តាញហ្វេសប៊ុក កាលពីថ្ងៃអង្គារ អ្នកស្រី សុខ លីណា បានអះអាងថា មូលហេតុដែលអ្នកស្រីដាក់ពាក្យបណ្ដឹងទៅតុលាការ ដោយសារតែមិនចង់ឱ្យមានការជេរប្រមាថ និងលាបពណ៌មកកាន់ក្រុមគ្រួសាររបស់អ្នកស្រីបន្តទៀត។ អ្នកស្រីបញ្ជាក់ថា ករណីគ្រោះថា្នក់ចរាចរណ៍នោះគឺជាឧបទ្ទវហេតុ ហើយកូនប្រុសរបស់អ្នកស្រីមិនមែនជាឃាតកឡើយ។ អ្នកស្រីបន្ថែមថាប្រសិនបើក្រុមគ្រួសារសពមិនពេញចិត្តចំពោះពាក្យបណ្ដឹងនេះ អ្នកស្រីនឹងដកពាក្យបណ្ដឹងនោះវិញ។
អ្នកស្រីថ្លែងថា៖ «អញ្ចឹងខ្ញុំធ្វើពាក្យបណ្ដឹងហ្នឹង គឺខ្ញុំចង់បញ្ជាក់ថា ឈប់ទៅ ខ្ញុំមានពាក្យបណ្ដឹង។ អញ្ចឹងខ្ញុំចង់ឱ្យគាត់កុំជេរខ្ញុំទៀត កុំជេរក្រុមគ្រួសារខ្ញុំទៀតទេ។ ខ្ញុំអត់មានន័យទាមទារស្អីទៀតទេ ប៉ុន្ដែបើសិនជាពាក្យបណ្ដឹងហ្នឹងធ្វើឱ្យគាត់ខឹងកាន់តែខ្លាំង ខ្ញុំអាចដកបាន អត់ជាបញ្ហា ប៉ុន្ដែសុំកុំដៀលត្មះក្រុមគ្រួសារខ្ញុំទៀត ប្រមាថក្រុមគ្រួសារខ្ញុំទៀត ខ្ញុំសុំតែប៉ិនហ្នឹង ទុកឱ្យច្បាប់គេធ្វើការ»។
អ្នកស្រី សុខ លីណា បន្ថែមថា ក្រុមគ្រួសាររបស់អ្នកស្រីបានទៅចូលរួមបុណ្យសព ហើយក៏មានគោលបំណង«សម្របសម្រួល»ជាមួយក្រុមគ្រួសារជនរងគ្រោះ ឱ្យដកពាក្យបណ្តឹង ដោយអ្នកស្រីបញ្ជាក់ថា«កុំឱ្យខូចអនាគតក្មេង» ដែលជាកូនប្រុសរបស់អ្នកស្រី។ ក្នុងពេលនោះ ក្រុមគ្រួសាររបស់អ្នកស្រីក៏បានចូលរួមថវិកាចំនួន ១០០០ដុល្លារសម្រាប់បុណ្យសព៕
វេទិកាបញ្ចេញមតិ