ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិល្បការិនី​ខ្មែរ​អាមេរិក​ទទួល​​ពាន​រង្វាន់​សម្រាប់​ស្នាដៃ​សិល្បៈ​អំពី​អត្តសញ្ញាណ


ស្នាដៃសិល្បៈ​​ជា​រូបភាព​ដែល​មាន​ឈ្មោះ​ថា Spiral Alley ឬ​ជា​ភាសាខ្មែឬ ផ្លូវ​ជា​រង្វង់ របស់​អ្នកស្រី Anida Yoeu Ali បាន​​ឈ្នះ​ពាន​រង្វាន់ដ៏​ល្បីល្បាញ​លើក​ទី១១​ឈ្មោះ Sovereign Asian Art Prize សម្រាប់​ឆ្នាំ​២០១៥​នេះ។ (រូបថត​ដោយ៖ Stuido Revolt)
ស្នាដៃសិល្បៈ​​ជា​រូបភាព​ដែល​មាន​ឈ្មោះ​ថា Spiral Alley ឬ​ជា​ភាសាខ្មែឬ ផ្លូវ​ជា​រង្វង់ របស់​អ្នកស្រី Anida Yoeu Ali បាន​​ឈ្នះ​ពាន​រង្វាន់ដ៏​ល្បីល្បាញ​លើក​ទី១១​ឈ្មោះ Sovereign Asian Art Prize សម្រាប់​ឆ្នាំ​២០១៥​នេះ។ (រូបថត​ដោយ៖ Stuido Revolt)

មូលនិធិ​សិល្បៈ​អធិបតេយ្យភាព ឬ The Sovereign Art Foundation បាន​ជ្រើសរើស​ស្នាដៃ​សិល្បៈ​របស់​អ្នកស្រី Anida Yoeu Ali ដែល​ជា​សិល្បការិនី​ខ្មែរ​សញ្ជាតិ​អាមេរិកម្នាក់ឲ្យឈ្នះ​ពាន​រង្វាន់​សិល្បៈលើក​ទី១១​ដ៏ល្បីល្បាញនៅ​អាស៊ី​ដែល​មាន​ឈ្មោះ​ថា the Sovereign Asian Art Prize។

អ្នក​ស្រី Anida Yoeu Ali ដែល​ជា​សិល្បការិនី​ខ្មែរ​សញ្ជាតិ​អាមេរិក​មួយ​រូប បាន​ផលិត​ស្នាដៃ​សិល្បៈ​ជា​រូបភាព​ផ្សេងៗ​ក្រោម​គម្រោង​ដែល​មាន​ឈ្មោះ​ថា Spiral Alley ឬ​ជា​ភាសា​ខ្មែរ​ថា ផ្លូវ​ជា​រង្វង់ ។ ស្នាដៃ​សិល្បៈ​របស់​អ្នក​ស្រី​មួយ​នេះ​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​ដែល​មាន​ឈ្មោះ​ថា The Sovereign Asian Art Prize លើក​ទី១១ ដោយ​លោក​ស្រី Kate Cary Evans ស្ថាបនិក និង​ជា​និពន្ធ​នាយក​នៃ​កម្រង​ឯកសារ​របស់​មូលនិធិ​សិល្បៈ​ឈ្មោះ Art Radar។

នេះ​គឺ​ជា​រូបភាព​មួយ​របស់​សិល្បៈការិនី Anida Yoeu Ali ក្នុង​គម្រោង​ស្នាដៃ​សិល្បៈ​របស់​អ្នក​ស្រី​ឈ្មោះ Spiral Alley ដែល​បានឈ្នះ​ពាន​រង្វាន់​លើក​ទី១១​ដែល​មាន​ឈ្មោះ​ថា Sovereign Asian Art Prize។ (រូបថត​ដោយ៖ Studio Revolt)
នេះ​គឺ​ជា​រូបភាព​មួយ​របស់​សិល្បៈការិនី Anida Yoeu Ali ក្នុង​គម្រោង​ស្នាដៃ​សិល្បៈ​របស់​អ្នក​ស្រី​ឈ្មោះ Spiral Alley ដែល​បានឈ្នះ​ពាន​រង្វាន់​លើក​ទី១១​ដែល​មាន​ឈ្មោះ​ថា Sovereign Asian Art Prize។ (រូបថត​ដោយ៖ Studio Revolt)

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ មូលនិធិ​សិល្បៈ​អធិបតេយ្យភាព ឬ​ហៅ​ថា The Sovereign Art Foundation ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ហុងកុង បាន​សម្រេច​ថា​ស្នាដៃ​សិល្បៈ​របស់​អ្នកស្រី Anida Yoeu Ali បាន​ឈ្នះ​ពាន​រង្វាន់​របស់​មូលនិធិ​សម្រាប់​ឆ្នាំ​នេះ។ ពាន​រង្វាន់​នេះ​គឺជា​ពាន​រង្វាន់​ខាង​សិល្បៈ​ដ៏​ល្បីល្បាញ​បំផុត​មួយ​នៅ​តំបន់​អាស៊ី ដែល​មិន​ត្រឹម​តែ​ផ្តល់​កិត្តិនាម និង​ពាន​រង្វាន់​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ផ្តល់​ជា​មូលនិធិ​ជា​ថវិកា​ចំនួន​៣ម៉ឺន​ដុល្លារដល់​សិល្បករ​ដែល​ឈ្នះ​ផង​ដែរ។

មូលនិធិ​សិល្បៈ​អធិបតេយ្យភាព​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ២០០៣។ មូលនិធិ​នេះ​គឺជា​អង្គការ​សប្បុរសធម៌​មួយ ដែល​ជួយ​ដល់​កុមារ​ក្រីក្រ​តាម​រយៈ​សិល្បៈ ដោយ​មាន​ផ្តល់​ជា​ការ​អប់រំ ការ​ប្រឹក្សា និង​ផ្តល់​ជា​គម្រោង​នីតិសម្បទាន។ ហើយ​សព្វថ្ងៃ​នេះ មូល​និធិ​នេះ​កំពុង​តែ​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា វៀតណាម ម៉ុងហ្គោលី នេប៉ាល់ និង​ស្រីលង្កា។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មូលនិធិ​នេះ ឲ្យ​ដឹង​ថា ស្នាដៃ​សិល្បៈ​របស់​អ្នក​ស្រី Anida គឺ​ប្រើ​ប្រាស់​វិធីសាស្ត្រ​ជា​ការ​អប់រំ​ច្រើន​ផ្នែក ដើម្បី​បង្កើត​ជា​រូបភាព ការ​តាំង​ពិព័រណ៍ និង​ការ​សម្តែង ដែល​អង្កេត​មើល​លើ​ឥទ្ធិពល​រវាង​សិល្បៈ ស្មារតី​ខាង​ផ្លូវ​ចិត្ត និង​ខាង​នយោបាយ​ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​អត្តសញ្ញាណ​បែប​អន្តរកាល​នៅ​កម្ពុជា។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ផង​ដែរ អ្នក​ស្រី Anida បាន​និយាយ​ដោយ​រំភើប​ថា «‍ខ្ញុំ​សង្ឃឹម​ថា ការ​ទទួល​បាន​ពាន​រង្វាន់​របស់​ខ្ញុំ​នេះ​នឹង​ជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​សិល្បៈករ​ផ្សេងៗ​ទៀត​ឲ្យ​បន្ត​បង្កើត​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​ទៅ​មុខ​ទៀត មិន​ថា​វា​ពិបាក​យ៉ាង​ណា​ក៏​ដោយ»។

អ្នក​ស្រី បាន​បន្ថែម​ទៀត​ថា បើ​ទោះ​បី​ជា​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​បាន​សម្លាប់​សិល្បៈករ​ខ្មែរ​រាប់​រយ​នាក់​ក៏​ដោយ ក៏​ស្មារតី​ខាង​សិល្បៈ​នៅ​តែ​ដក់​ជាប់​ក្នុង​ក្រអៅ​បេះដូង​របស់​មនុស្ស​គ្រប់​រូប ដែល​មាន​ជីវិត​ឆ្លង​ផុត​ពី​សម័យ​ខ្មែរ​ក្រហម រួម​ទាំង​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​បាន​រស់​នៅ​ក្រៅ​ប្រទេស​ដោយ​សារ​តែ​សង្គ្រាម ក្នុង​នោះ​រួម​មាន​ទាំង​រូប​អ្នក​ស្រី​ផង​ដែរ។

អ្នក​ស្រី Anida បាន​និយាយ​ថា ‍«‍ខ្ញុំ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​ជនជាតិ​ខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេស​ដោយ​សារ​តែ​សង្គ្រាម ដែល​បាន​ចូលរួម​រក្សា និង​កសាង​កេរមរតក​របស់​ខ្មែរ​តាម​រយៈ​ការងារ​សិល្បៈ​របស់​ខ្ញុំ»។

អ្នក​ស្រី Anida Yoeu Ali គឺ​ជា​ស្ត្រី​ខ្មែរ​ម៉ូស្លីម​មួយ​រូប ដែល​បាន​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​ដោយ​សារ​តែ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។ អ្នក​ស្រី​ក៏​ជា​សហ​ស្ថាបនិក​ស្ថានីយ៍​សិល្បៈ​មួយ​ដែល​មាន​ឈ្មោះ​ថា Studio Revolt ដែល​ជា​ទីស្នាក់ការ​សិល្បៈ និង​ប្រព័ន្ធ​សារព័ត៌មាន​ឯករាជ្យ​មួយ​នៅ​រាជធានី​ភ្នំពេញ។ ស្នាដៃ​សិល្បៈ​របស់​អ្នក​ស្រី​មាន​ដូច​ជា ការ​សម្តែង ការ​តាំង​ពិព័រណ៍ ការ​ផលិត​រូបភាព និង​ខ្សែ​ភាពយន្ត​ឯកសារ​ជា​ដើម។

អ្នកស្រី Anida Yoeu Ali ជា​សិល្បៈករ​ខ្មែរ​អាមេរិកាំង ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ដ៏​ល្បីល្បាញ​នៅ​តំបន់​អាស៊ី​ឈ្មោះ Sovereign Asian Art Prize លើក​ទី១១។ (រូបថត​ដោយ៖ Studio Revolt)
អ្នកស្រី Anida Yoeu Ali ជា​សិល្បៈករ​ខ្មែរ​អាមេរិកាំង ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ដ៏​ល្បីល្បាញ​នៅ​តំបន់​អាស៊ី​ឈ្មោះ Sovereign Asian Art Prize លើក​ទី១១។ (រូបថត​ដោយ៖ Studio Revolt)

ស្នាដៃ​សិល្បៈ​ដ៏​កម្រ​មួយ​របស់​អ្នកស្រី Anida ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ឈ្នះ​ពាន​រង្វាន់​ក្នុង​ចំណោម​ស្នាដៃ​សិល្បៈ​ចំនួន២៣៦​របស់​សិល្បៈករ​ជា​ច្រើន​នាក់ ដែល​តំណាង​ឲ្យ​ប្រទេស​ចំនួន​១៣​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដូច​ជា​ប្រទេស​អូស្ត្រាលី សិង្ហបុរី បាគីស្ថាន និង​ទីក្រុង Dubai។

កម្មវិធី​រាត្រី​សមោសរ​ប្រគល់​ពាន​រង្វាន់ the Sovereign Asian Art Prize លើក​ទី១១​នេះ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​ហុងកុង នៅថ្ងៃ​សុក្រ ទី​៨​ខាង​មុខ​នេះ៕

XS
SM
MD
LG