ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការពារប្រទេស​ស.រ.អា.ដក​ប្រាក់​៥០លានដុល្លារ​សម្រាប់ជំនួយ​យោធា​ប៉ាគីស្ថាន


រដ្ឋលេខាធិការ​ក្រសួង​ការពារ​ប្រទេស​ Jim Mattis​ និយាយ​ក្នុង​ការប្រជុំ​ជាមួយ​រដ្ឋមន្រ្តី​ការពារ​ប្រទេស​អ៊ីតាលី ​Roberta Pinotti កាល​ពីថ្ងៃអង្គារទី១១ កក្កដា ២០១៧ នៅ​មន្ទីរបញ្ចកោណ​ក្រសួង​ការពារ​ប្រទេស​។
រដ្ឋលេខាធិការ​ក្រសួង​ការពារ​ប្រទេស​ Jim Mattis​ និយាយ​ក្នុង​ការប្រជុំ​ជាមួយ​រដ្ឋមន្រ្តី​ការពារ​ប្រទេស​អ៊ីតាលី ​Roberta Pinotti កាល​ពីថ្ងៃអង្គារទី១១ កក្កដា ២០១៧ នៅ​មន្ទីរបញ្ចកោណ​ក្រសួង​ការពារ​ប្រទេស​។

ក្រសួង​ការពារប្រទេស​ស.រ.អា.​មិន​បាន​បើក​ប្រាក់រាប់សិប​លាន​ដុល្លារ​នៃ​ជំនួយ​យោធា​ទៅ​ឱ្យ​ប្រទេស​ប៉ាគីស្ថាន​ ទេ​នៅ​ក្រោយ​លោករដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក Jim Mattis បាន​សម្រេច​ថា​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ មិន​បាន​ចាត់​វិធានការ​ឱ្យ​បាន​គ្រប់គ្រាន់​ក្នុងការ​បង្ក្រាប​បណ្តាញ​ Haqqani ដែល​មាន​ចំណង​ទាក់ទង​ជាមួយពួក​តាលីបង់។​

កាលពី​ថ្ងៃ​សុក្រ លោក Mattis បានមាន​ប្រសាសន៍​ប្រាប់ពួក​អ្នកកាសែត​នៅ​ឯ​ក្រសួង​ការពារ​ប្រទេសថា​ «នេះ​គ្រាន់តែ​ជា​ការស្ទង់ប៉ាន់មើល​ស្ថានភាព​បច្ចុប្បន្ន។​ វា​មិន​មែន​ជា​គោលនយោបាយទេ។ វា​ជា​ការ​ពិត»។

កាល​ពី​អតីតកាល​ ស.រ.អា.ក៏​បានប្រកែក​មិន​ព្រមបង់ផ្នែក​ខ្លះ​នៃជំនួយ​យោធា​ឱ្យ​ដល់​ប្រទេសប៉ាគីស្ថាន​ដែរ​ដោយ​បានបង្ខាំង​ទុក​ប្រាក់​បីរយ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ទៅមិញ។​ ប្រទេសប៉ាគីស្ថាន​បាន​ទទួល​ប្រាក់​៥៥០​លានដុល្លារ​ក្នុង​ចំនួនទឹក​ប្រាក់​៩០០លានដុល្លារ​ដែល​មានការ​អនុញ្ញាតឱ្យ​ប្រទេស​នេះទទួល​ក្នុង​ឆ្នាំ​សារពើ​ពន្ធ២០១៦។

សេចក្តី​សម្រេច​របស់លោក Mattis មាន​ផល​ប៉ះពាល់​លើ​ប្រាក់​ចំនួន៥០​លាន​ដុល្លារ​ដែល​បានត្រូវ​កំណត់​កាលពី​ពេលមុន​សម្រាប់ផ្តល់ឱ្យ​ប្រទេស​ប៉ាគីស្ថាន។​

លោក Adam Stump អ្នកនាំពាក្យ​នៃ​ក្រសួងការពារ​ប្រទេស​ស.រ.អា.បាន​និយាយ​ថា​លោក Mattis «មិនអាច​បញ្ជាក់​ថា​ប្រទេស​ប៉ាគីស្ថាន បានធ្វើ​សកម្មភាព​គ្រប់គ្រាន់​ប្រឆាំងនឹង​បណ្តាញ Haqqani តាមការ​តម្រូវឱ្យមាននៅ​ក្នុង​ច្បាប់​នៃ​ការអនុញ្ញាត​ខាង​កិច្ចការពារ​ជាតិហៅ​កាត់ថា​ NDAA ក្នុង​ឆ្នាំ​សារពើពន្ធ​២០១៦​ទេ៕​

XS
SM
MD
LG