លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. លោក Jim Mattis បាននិយាយកាលពីថ្ងៃសុក្រថា លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បានបញ្ជាឱ្យមាន«ការបង្កើនកិច្ចប្រតិបត្តិការ»ប្រឆាំងនឹងពួក Jihadists រដ្ឋឥស្លាម នៅក្នុងប្រទេសស៊ីរី។
លោក Mattis បានហៅកិច្ចការនេះថាជា«ការផ្លាស់ប្តូរមួយខាងកលយុទ្ធ»ដោយលោកបាននិយាយថា ក្រុមយោធាបានងាកចេញកិច្ចប្រតិបត្តិការដែលបានត្រូវរៀបចំឡើងដើម្បីបណ្តេញពួកយុទ្ធជនរដ្ឋឥស្លាម ចេញពីកន្លែងដែលវាយរឹបអូសយកបាន ហើយផ្តោតការយកចិត្តទុកដាក់លើ«ការឡោមព័ទ្ធពួកសត្រូវនៅក្នុងសំបុកពួកវា»វិញ។
លោក Mattis បានមានប្រសាសន៍ថា «គោលបំណងរបស់យើងគឺរារាំងពួកយុទ្ធជនបរទេសដែលគេចខ្លួនរួចមិនឱ្យវិលត្រឡប់ទៅប្រទេសពួកគេវិញ» ដោយលោកបានកត់សម្គាល់ថានៅពេលនេះគោលដៅរបស់យើងគឺ«កម្ទេច»ពួក Jihadists រដ្ឋឥស្លាម មិនមែនគ្រាន់តែទប់ទល់នឹងពួកវាប៉ុណ្ណោះទេ។
លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា.បាននិយាយថា «គ្មានការរត់គេចខ្លួនរួចទេ»សម្រាប់ពួកសមាជិកក្រុមរដ្ឋឥស្លាម ដែលកំពុងឋិតនៅក្នុងប៉ែកខាងលិចនៃក្រុងម៉ូស៊ុល ដែលនៅទីនោះកងយោធារដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយកាលពីពេលមុននេះក្នុងសប្តាហ៍នេះថា ពួកគេបានឡោមព័ទ្ធក្រុងនេះហើយ ទោះណាជាលោក Mattis បានកត់សម្គាល់ថា គ្មានការកែប្រែនៅក្នុងបទបញ្ញត្តិនៃការប្រយុទ្ធសម្រាប់កងកម្លាំងចម្រុះទេ។
លោក Mattis បានមានប្រសាសន៍ថា៖ «យើងនឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែងទាំងអស់តាមដែលអាចធ្វើបានដើម្បីការពារពួកជនស្លូតត្រង់គ្មានទោសពៃរ៍»៕