ក្រសួងការពារសហរដ្ឋអាមេរិកច្រានចោលរបាយការណ៍ថាប្រទេសអាមេរិកប្រុងប្រៀបដកកងកម្លាំងយោធាចេញពីប្រទេសកូរ៉េខាងត្បូង។
លោក Jonathan Hoffman ប្រធានអ្នកនាំពាក្យនៃក្រសួងការពារសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា«គ្មានការពិតសោះ»នៅក្នុងសេចក្តីរាយការណ៍ទាំងឡាយដែលថាស.រ.អា.ពិចារណាដកពួកទាហានខ្លួនចេញពីឧបទ្វីបកូរ៉េ។
កាសែតអភិរក្សនិយមកូរ៉េខាងត្បូង Chosun Ilbo បាននិយាយយោងដល់«ប្រភព ការទូតមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន»ដែលបាននិយាយថាកងយោធាស.រ.អា.«ប្រុងប្រៀបដកពួកទាហានមួយកងពលតូច» ចេញពីឧបទ្វីបកូរ៉េ ប្រសិនបើកិច្ចចរចាអំពីការបង់ប្រាក់សម្រាប់ពួកទាហានស.រ.អា.នៅក្នុងប្រទេសកូរ៉េខាងត្បូងគ្មានការជឿនលឿន។ កងពលតូចយោធាស.រ.អា.មួយមានទាហានប្រមាណពី២ពាន់ទៅ៤ពាន់នាក់។
លោក Hoffman បាននិយាយថា«លោករដ្ឋមន្ត្រី Mark Esper បានអញ្ជើញទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុនដែលនៅទីនោះលោកបានមានប្រសាសន៍ជាថ្មីឡើងវិញអំពីការប្តេជ្ញាខ្លាំងក្លារបស់យើងដល់សាធារណរដ្ឋកូរ៉េនិងប្រជារាស្ត្រនៃប្រទេសនេះ។ យើងទាមទារឱ្យកាសែត Chosun Ilbo ដកអត្ថបទនេះរបស់ពួកគេចេញ»។
កិច្ចចរចារវាងស.រ.អា.និងប្រទេសកូរ៉េខាងត្បូងបានលុបចោលកាលពីថ្ងៃអង្គារអំពីការទាមទាររបស់រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោនឱ្យរដ្ឋាភិបាលក្រុងសេអ៊ូលបង្កើនវិភាគទានខាងហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ការទទួលកងកម្លាំងយោធាស.រ.អា.ឱ្យស្នាក់អាស្រ័យនៅក្នុងដែនដីរបស់ផងខ្លួន៕