ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិកំពុងអំពាវនាវឲ្យបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ Marib ភាគខាងជើង ប្រទេសយេម៉ែន ដោយព្រមានថា ការកើនឡើងនៃអំពើហិង្សាកំពុងគំរាមកំហែងជីវិតមនុស្សរាប់សែននាក់។
តំបន់ Marib ជាទូទៅ មិនធ្លាប់ដែលរងការប៉ះពាល់ដោយសារសង្រ្គាមស៊ីវិលរយៈពេលប្រាំមួយឆ្នាំនៅប្រទេសយេម៉ែនទេ រហូតដល់ពេលក្រុមឧទ្ទាម Houthi ចាប់ផ្តើមធ្វើការវាយប្រហារ ដើម្បីចូលគ្រប់គ្រងតំបន់នេះពីកងកម្លាំងរបស់រដ្ឋាភិបាលយេម៉ែន។
ដោយសារតែមានសុវត្ថិភាព មនុស្សរាប់សែននាក់បានភៀសខ្លួនទៅតំបន់ Marib ដើម្បីគេចចេញពី ការប្រយុទ្ធគ្នានៅតាមតំបន់ផ្សេងៗទៀតនៃប្រទេសយេម៉ែន។ មនុស្សយ៉ាងហោចណាស់ ប្រាំបីសែននាក់កំពុងស្ថិតនៅក្នុងតំបន់នេះ។
អ្នកនាំពាក្យផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិអ្នកស្រី Liz Throssel និយាយថា មនុស្សទាំងអស់នេះ និងជនស៊ីវិលរាប់ពាន់នាក់ផ្សេងទៀត កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់។ អ្នកស្រីព្រមានថា ជនស៊ីវិលរាប់សែននាក់ នឹងត្រូវបង្ខំចិត្តចាកចេញពីតំបន់នោះ ប្រសិនបើកងកម្លាំងជួរមុខបន្តប្រយុទ្ធទៅមុខនៅតាមកន្លែងនានា ក្នុងតំបន់ Marib ដែលមានមនុស្សរស់កកកុញ។
អ្នកស្រីបានថ្លែងថា៖ «ដោយសារតែផលវិបាកដ៏វិនាសផ្នែកមនុស្សធម៌ យើងសូមអំពាវនាវដល់គ្រប់ភាគីជម្លោះទាំងអស់ ឲ្យបន្ធូរបន្ថយភាពតាងតឹង និងរំឭកពីកាតព្វកិច្ចនៅក្រោមច្បាប់អន្តជាតិ ដើម្បីការពារជនស៊ីវិលពីផលប៉ះពាល់ ដោយសារជម្លោះប្រដាប់អាវុធ។ នេះរួមមានការធានានូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពសម្រាប់ជនស៊ីវិល រួមមាន ជនបាត់បង់ទីជម្រកក្នុងប្រទេស និងជនចំណាកស្រុកដែលព្យាយាមភៀសខ្លួនចេញពីតំបន់ Marib»។
ទោះបីជាមានសង្រ្គាមក៏ដោយ យេម៉ែននៅតែទាក់ទាញពលករចំណាកស្រុកក្រីក្រពីតំបន់អាហ្រ្វិកខាងកើត ដែលព្យាយាមបន្តដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីស្វែងរកការងារ។ អ្នកស្រី Throssel និយាយថា ជនចំណាកស្រុកកំពុងជាប់គាំងក្នុងស្ថានភាពងាយរងគ្រោះនៅតំបន់ Marib។
អ្នកស្រីបានថ្លែងថា៖ «យើងមានការព្រួយបារម្ភពីស្ថានភាពរបស់អ្នកទោស ៥០១ នាក់ នៅក្នុងពន្ធនាគារ Central Prison ក្នុងតំបន់ Marib ខណៈអាជ្ញាធរយេម៉ែនបានបង្ហាញថា ពួកគេគ្មានផែនការរៀបចំសុវត្ថិភាពដល់អ្នកទោសទាំងអស់នោះទេ។ យើងកំពុងស្ថិតនៅក្នុងដំណើរការបញ្ជាក់ព័ត៌មានអំពីការស្លាប់របស់ជនស៊ីវិលនៅតំបន់ Marib ជាទីដែលកងកម្លាំង Ansar Allah បានធ្វើការវាយប្រហារទៅលើទីតាំងជាច្រើនកន្លែងនាពេលថ្មីៗនេះ»។
ចលនារបស់ក្រុមឧទ្ទាម Houthi ត្រូវបានហៅជាផ្លូវការថា Ansar Allah។ ទីភ្នាក់ងារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលតាមដានការស្លាប់របស់ជនស៊ីវិល បានរាយការណ៍ថា ជនស៊ីវិល ៨.០៦៣ នាក់ ត្រូវបានសម្លាប់ ហើយ ១២.០៤៦ នាក់ទៀត បានរងរបួសចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅឆ្នាំ ២០១៥ មក៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា