ប្រសិនបើគណបក្សសាធារណរដ្ឋអាចដណ្ដើមគ្រប់គ្រងទាំងរដ្ឋសភានិងព្រឹទ្ធសភានៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីនៅសហរដ្ឋអាមេរិកនៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ របៀបវារៈផ្សេងៗរបស់លោកប្រធានាធិបតី Joe Biden នឹងត្រូវបានបង្អាក់។
ការប្រកួតប្រជែងដ៏ប្រកៀកប្រកិតបំផុតនិងមានការចាប់អារម្មណ៍ខ្លាំងបំផុតមួយគឺការប្រជែងដណ្ដើមអាសនៈព្រឹទ្ធសភាតំណាងរដ្ឋ Pennsylvania។ នៅក្នុងការប្រជែងនេះ បេក្ខជនខាងគណបក្សសាធារណរដ្ឋលោក Mehmet Oz តទល់ជាមួយនឹងបេក្ខជនខាងគណបក្សប្រជាធិបតេយ្យលោក John Fetterman ដែលបច្ចុប្បន្នគឺជាអភិបាលរងនៃរដ្ឋ Pennsylvania នេះ។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Fetterman បានផ្សព្វផ្សាយវីដេអូកំប្លែងធ្វើត្រាប់នៅលើបណ្ដាញសង្គមអនឡាញដោយចំអកឱ្យលោក Oz ថាខ្វះចំណេះដឹងអំពីរដ្ឋ Pennsylvania ដោយបង្ហាញថាលោកគឺជាជនឱកាសនិយមដែលជាអ្នកមានទ្រព្យធនខ្វះចំណេះដឹងអំពីស្ថានការណ៍បច្ចុប្បន្នមកពីរដ្ឋ New Jersey ដែលជារដ្ឋនៅជាប់រដ្ឋ Pennsylvania។
លោក Oz ដែលជាអ្នកទើបប្រឡូកនៅក្នុងផ្នែកវេជ្ជសាស្ត្រនិងនយោបាយ បានស្វះស្វែងធ្វើយ៉ាងណាឱ្យអ្នកបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania គិតពិចារណាថាតើលោក Fetterman អាចសក្ដិសមធ្វើជាសមាជិកព្រឹទ្ធសភាបានដែរឬក៏អត់ ដោយសារតែលោក Fetterman ទើបតែរងគ្រោះដោយសារជំងឺស្ទះសរសៃឈាមខួរក្បាលកាលពីខែឧសភា គឺក្នុងរយៈពេលមិនយូរប៉ុន្មានក្រោយមកបន្ទាប់ពីលោកត្រូវបានតែងតាំងជាបេក្ខជនឈរឈ្មោះបោះឆ្នោតខាងគណបក្សប្រជាធិបតេយ្យ។
សន្លឹកឆ្នោតដែលបោះមុនថ្ងៃកំណត់ចំនួនជាង ៦៨៦.០០០ សន្លឹកនៅក្នុងរដ្ឋ Pennsylvania ត្រូវបានបោះរួចហើយគិតត្រឹមថ្ងៃពុធ។ នេះបើយោងតាមទិន្នន័យរបស់មន្ទីរកិច្ចការរដ្ឋនៃរដ្ឋ Pennsylvania។
នៅក្នុងការស្ទង់មតិមួយរបស់បណ្ដាញព័ត៌មាន CNN ដែលបានធ្វើឡើងដោយក្រុមហ៊ុន SSRS ដែលជាក្រុមហ៊ុនស្ទង់មតិនិងស្រាវជ្រាវទីផ្សារ កាលពីពាក់កណ្ដាលខែតុលានិងបានចេញផ្សាយកាលពីថ្ងៃចន្ទកន្លងទៅនេះ អ្នកចូលរួមនៅក្នុងការស្ទង់មតិនេះចំនួន ៥១% បាននិយាយថាពួកគេគាំទ្រលោក Fetterman ចំណែកឯអ្នកចូលរួមចំនួន ៤៥% ថាពួកគេគាំទ្រលោក Oz។ ប៉ុន្តែ ការស្ទង់មតិផ្សេងៗទៀតបានបង្ហាញថា ការបោះឆ្នោតនៅរដ្ឋ Pennsylvania នេះ មានលក្ខណៈប្រកៀកប្រកិតគ្នា៕
ទីក្រុង Pittsburgh រដ្ឋ Pennsylvania —