ស្របពេលដែលពលរដ្ឋអាមេរិកាំងត្រៀមខ្លួនដើម្បីទៅបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីនៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ បេក្ខជនឈរឈ្មោះនានាមកពីគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យបានប្តេជ្ញារក្សាគោលនយោបាយតឹងតែងលើប្រទេសចិនដើម្បីទាក់ទាញអ្នកបោះឆ្នោត។
ពលរដ្ឋអាមេរិកាំងហាក់មានការមិនពេញចិត្តកាន់តែខ្លាំងឡើងចំពោះប្រទេសចិន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩ កាលពីដើមឆ្នាំ ២០២០ មក។
ទិន្នន័យថ្មីដែលចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew (Pew Research Center) បានបង្ហាញថា នៅក្នុងឆ្នាំនេះ ពលរដ្ឋអាមេរិកាំងប្រមាណ ៨២% មានទស្សនៈមិនពេញចិត្តប្រទេសចិនដែលនេះជាភាគរយដ៏ខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។ កាលពី ៥ ឆ្នាំមុន ចំនួននេះមានតែពាក់កណ្តាលតែប៉ុណ្ណោះគឺប្រមាណ ៤៧%។
ការស្ទង់មតិបានបង្ហាញថា សមាជិកគណបក្សសាធារណរដ្ឋនិងសមាជិកគណបក្សប្រជាធិបតេយ្យក៏មានទស្សនៈអវិជ្ជមានលើប្រទេសចិនផងដែរ។ ហេតុដូចនេះហើយបានជាបេក្ខជននៃគណបក្សទាំងពីរបានលើកឡើងអំពីប្រទេសចិននេះ នៅក្នុងការឃោសនាបោះឆ្នោតរបស់ពួកគេ។
នៅក្នុងរដ្ឋ Ohio លោក J.D. Vance បេក្ខជនខាងគណបក្សសាធារណរដ្ឋដែលប្រជែងយកតំណែងសមាជិកព្រឹទ្ធសភាតំណាងឱ្យរដ្ឋនេះបាននិយាយថា៖ «យើងត្រូវឈប់ធ្វើទន់ខ្សោយពាក់ព័ន្ធនឹងរឿងប្រទេសចិន។ យើងត្រូវឈប់បញ្ជូនការងាររបស់សហរដ្ឋអាមេរិកទៅឱ្យអ្នកដែលស្អប់យើង»។
ចំណែកឯសមាជិករដ្ឋសភាកំពុងកាន់តំណែងខាងគណបក្សប្រជាធិបតេយ្យលោក Tim Ryan ដែលជាគូប្រជែងរបស់លោក Vance ដើម្បីដណ្ដើមតំណែងសមាជិកព្រឹទ្ធសភានេះវិញ ក៏បានរិះគន់លើប្រទេសចិនក្នុងខ្លឹមសារស្រដៀងគ្នានេះផងដែរ។
លោក Ryan បានបង្ហោះសារនៅលើ Twitter ថា៖ «វាជារឿងរវាងយើងនឹងប្រទេសចិន។ ប្រទេសចិនផលិតទំនិញច្រើនជាងយើងគ្រប់មុខ ហើយនេះជាពេលដែលយើងត្រូវតតាំងទៅវិញ»។
បេក្ខជនទាំងពីរគាំទ្រឱ្យរក្សាការយកពន្ធខ្ពស់លើផលិតផលនាំចូលមកពីប្រទេសចិន។
នៅក្នុងរដ្ឋ Pennsylvania លោកអភិបាលរង John Fetterman ខាងគណបក្សប្រជាធិបតេយ្យ បាននិយាយថា លោកនឹង «ធ្វើការដើម្បីធានាថា យើងមិនអនុញ្ញាតឱ្យប្រទេសចិនមានគំនិតច្នៃប្រឌិតជាងយើងនោះទេ»។
ចំណែកឯលោកវេជ្ជបណ្ឌិត Mehmet Oz ខាងគណបក្សសាធារណរដ្ឋ ដែលជាគូប្រជែងរបស់លោក Fetterman នៅក្នុងការដណ្ដើមអាសនៈព្រឹទ្ធសភាវិញ បានចាត់ទុក «វិធានការតឹងតែងលើប្រទេសចិន» ថាជាសារដ៏សំខាន់មួយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។
នៅក្នុងរដ្ឋ Missouri លោកអគ្គរដ្ឋអាជ្ញា Eric Schmitt ខាងគណបក្សសាធារណរដ្ឋ បានហៅប្រទេសចិនថាជាការគំរាមកំហែងកើនឡើងផ្នែកយោធា សេដ្ឋកិច្ច និងសុខភាពសាធារណៈ។
រីឯអ្នកស្រី Trudy Busch Valentine ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការដណ្ដើមអាសនៈព្រឹទ្ធសភាវិញ បានរិះគន់លោក Schmitt ថាបានគាំទ្រនូវសំណើច្បាប់មួយដែលអនុញ្ញាតឱ្យជនបរទេសមានកម្មសិទ្ធិលើដីកសិកម្ម។ យុទ្ធនាការឃោសនាបោះឆ្នោតរបស់អ្នកស្រីបានអះអាងថាសំណើច្បាប់នេះបានអនុញ្ញាតឱ្យក្រុមហ៊ុនដែលគ្រប់គ្រងដោយចិនទិញផ្ទៃដីចំនួនជាង ៤ ម៉ឺនហិចតានៅក្នុងរដ្ឋ Missouri។
នៅក្នុងរដ្ឋ Arizona សមាជិកព្រឹទ្ធសភាកំពុងកាន់តំណែងខាងគណបក្សប្រជាធិបតេយ្យលោក Mark Kelly គឺជាអ្នកគាំទ្រដ៏សំខាន់មួយរូបលើច្បាប់បន្ទះអេឡិចត្រូនិក semiconductor និងវិទ្យាសាស្ត្រ (CHIPS and Science Act) ដែលជាវិធានការមួយមានបំណងយកឈ្នះលើសង្គ្រាមបច្ចេកវិទ្យាជាមួយនឹងចិន។
ចំណែកឯលោក Blake Masters ដែលជាគូប្រជែងរបស់លោកខាងគណបក្សសាធារណរដ្ឋវិញ បានលើកឡើងថា សិស្សនិងនិស្សិតចិននៅក្នុងសហរដ្ឋអាមេរិកគឺជាការគំរាមកំហែងចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
លោក Dean Chen ដែលជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៃមហាវិទ្យាល័យ Ramapo នៅរដ្ឋ New Jersey (Ramapo College of New Jersey) បានបញ្ជាក់ប្រាប់ VOA ភាសាចិនកាលពីពេលថ្មីៗនេះថា៖ «ប្រទេសចិនគឺជាប្រធានបទចម្បងនិងស្នូលនៅក្នុងការបោះឆ្នោត [ពាក់កណ្ដាលអាណត្តិប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនេះ]»៕