សពអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ប៉ែន សុវណ្ណ ត្រូវបានបូជាកាលពីព្រឹកថ្ងៃអាទិត្យ ក្រោមតំណក់ទឹកភ្លៀងរលឹមស្រិចៗនៅក្នុងវត្តមួយជិតពន្ធនាគារព្រៃសក្នុងខណ្ឌមានជ័យ បន្ទាប់ពីបានតម្កល់ធ្វើបុណ្យអស់រយៈពេលជាង១សប្ដាហ៍ទាំងនៅខេត្តតាកែវ និងនៅរាជធានីភ្នំពេញ។
លោក ប៉ែន សុវណ្ណ បានទទួលមរណភាពកាលពីយប់ថ្ងៃសៅរ៍ ទី២៩ ខែតុលា ដោយរោគាពាធ នៅឯគេហដ្ឋានរបស់លោកក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
សពរបស់លោក ត្រូវបានតម្កល់ធ្វើបុណ្យនៅក្នុងខេត្តតាកែវ រហូតដល់ថ្ងៃទី២ ខែវិច្ឆិកាហើយត្រូវបានដង្ហែមកតម្កល់នៅវត្តនួនមណីរាមហៅវត្តថាន់ក្នុងរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃអាទិត្យ សពលោកប៉ែន សុវណ្ណ ត្រូវបានដង្ហែចេញពីវត្តថាន់យកទៅកាន់វត្តឫស្សីសាញ់ ក្បែរពន្ធនាគារព្រៃស ក្នុងខណ្ឌមានជ័យ ជាយរាជធានីភ្នំពេញ ដើម្បីរៀបចំពិធីបូជា។
ក្រុមតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋរាប់រយនាក់ បានចូលរួមពិធីហែ និងបូជាសពលោក ប៉ែន សុវណ្ណ បើទោះបីជាមានភ្លៀង និងរលឹមជាបន្តបន្ទាប់ក្ដី។
លោក ប៉ុល ហំម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការបុណ្យសពលោក ប៉ែន សុវណ្ណ ប្រាប់ VOA កាលពីថ្ងៃអាទិត្យថា ចំនួនប្រជាពលរដ្ឋដែលបានចូលរួមហែសពលោក ប៉ែន សុវណ្ណ មានចំនួនច្រើនលើសពីការស្មាន បើទោះជាលោកមិនអាចប៉ាន់ស្មានចំនួនក៏ដោយ ដោយសារពេលហែមានភ្លៀងធ្លាក់ជោគជាំ ហើយលោកមិនរំពឹងថានឹងមានមនុស្សចូលរួមដូចនេះទេ។
«ខ្ញុំមិននឹកស្មានថាបានដល់ប៉ុណ្ណឹងផង។ ដូច្នេះ ខ្ញុំយល់ថា នេះជាការបញ្ជាក់ឱ្យឃើញថា មានបងប្អូនយើងមួយចំនួននៅមានការស្រឡាញ់ស្រណោះដល់ឯកឧត្ដម ប៉ែន សុវណ្ណ ដែលបងប្អូនយើងធ្លាប់ស្គាល់តាំងពីឆ្នាំ១៩៧៩មក បើទោះជាគាត់បាត់មុខមួយរយៈពេលធំនាពេលដែលគាត់ជាប់ពន្ធនាគារនៅប្រទេសវៀតណាមយ៉ាងណាក៏ដោយបាទ!»។
គណបក្សសង្គ្រោះជាតិបានស្នើសុំរៀបចំពិធីបូជាសពលោក ប៉ែន សុវណ្ណ នៅសួនមុខវត្តបទុមវតី ដែលជាកន្លែងពិធីបូជាសពឥស្សរជនជាន់ខ្ពស់របស់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាតែងរៀបចំឡើង។
សាលារាជធានីភ្នំពេញ បានបដិសេធសំណើនេះដោយលើកឡើងថា សួនច្បារមុខវត្តបទុមវតីគឺសម្រាប់តែឥស្សរជនជាន់ខ្ពស់របស់ជាតិប៉ុណ្ណោះ។
លោក ប៉ែន សុវណ្ណ ជាអតីតនាយករដ្ឋមន្ត្រីលើកដំបូងរបស់កម្ពុជា ក្រោយការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម។ លោកធ្លាប់ត្រូវបានចាប់ខ្លួនបញ្ជូនទៅឃុំក្នុងពន្ធនាគារនៅប្រទេសវៀតណាមអស់រយៈពេលជាង១០ឆ្នាំ។
ក្រោយការបោះឆ្នោតឆ្នាំ២០១៣ លោក ប៉ែន សុវណ្ណ បានក្លាយជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលកំពង់ស្ពឺ៕