លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ ក្រើនរំឭកមន្ត្រីក្រោមឱវាទជាថ្មីម្ដងទៀត ដោយព្រមានដកមន្ត្រីអសកម្មចេញពីជួររដ្ឋាភិបាល ដើម្បីកុំឲ្យអ្នកទាំងនោះបង្កជាអ្វីមួយ ដែលលោកហៅថាជាដំបៅមហារីក ខណៈការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់។
លោកនាយករដ្ឋមន្ត្រីថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥។
លោក ហ៊ុន សែន លើកឡើងថា ការចូលរួមរបស់ប្រជាជនក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍ គឺជាកម្លាំងដែលជាធ្វើឲ្យការប៉ុនប៉ងរុញច្រានកម្ពុជាឲ្យធ្លាក់ចូលក្នុងភាពចលាចល និងភាពវឹកវរផ្នែកនយោបាយទាំងឡាយ ត្រូវទទួលបរាជ័យ។
លោកនាយករដ្ឋមន្ត្រី បន្ថែមថា ភាពជោគជ័យនៃសន្តិភាព និងស្ថិរភាពនយោបាយនេះ ជាលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុតនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា និងជាលក្ខខណ្ឌចាំបាច់ សម្រាប់ជំរុញឲ្យមានវឌ្ឍនភាព និងការអភិវឌ្ឍក្នុងសង្គម។
លោកបន្តថា សក្ដានុពលសេដ្ឋកិច្ចកម្ពុជាពេលនេះ ត្រូវបានគេទទួលស្គាល់ និងចាត់ទុកថាជា «ខ្លាសេដ្ឋកិច្ច» ថ្មីមួយនៅតំបន់អាស៊ី។
លោកនាយករដ្ឋមន្ត្រីដែលកាន់អំណាចជិត៤០ឆ្នាំរូបនេះ បន្ថែមថា បើទោះបីជាកម្ពុជាសម្រេចបាននូវម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រងថវិកាជាតិមានប្រសិទ្ធភាពជាងមុនក្ដី ក៏លោកថា គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបន្តជំរុញគណនេយ្យភាពសម្រាប់ការអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ និងត្រូវបន្តអនុវត្តគោលការណ៍ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
លោកមានប្រសាសន៍ថា៖
«ចាប់ពីចុងឆ្នាំ២០១៧មក យើងបានដាក់ចេញនូវចំណុចសំខាន់មួយទៀតគឺការវះកាត់តែម្ដង គឺមិនអាចត្រឹមតែព្យាបាលហើយទុកបន្តជាជំងឺរ៉ាំរ៉ៃតទៅទៀតទេ។ នេះជាចំណុចសូមរំឭកដាស់តឿនសារជាថ្មីម្ដងទៀត នៅក្នុងចំណោមមន្ត្រីរបស់យើង។ គឺចាំបាច់ណាស់ការវះកាត់ ដើម្បីឆ្លើយតបទៅនឹងគឺមិនអាចទុកឲ្យជំងឺរ៉ាំរ៉ៃនេះនៅបន្តរហូតទៅជាជំងឺមហារីករហូតដល់ទៅងាប់ខ្លួននោះទេ»។
នេះមិនមែនជាលើកទីមួយទេដែលលោកនាយករដ្ឋមន្ត្រីព្រមានមន្ត្រីក្រោមឱវាទ ឲ្យអនុវត្តការងារឲ្យបានត្រឹមត្រូវ និងសកម្មជាងមុន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទោះយ៉ាងណា អ្នកឃ្លាំមើលស្ថានការណ៍សង្គមយល់ថា ការប្រកាសព្រមាន ឬក្រើនរំឭករបស់លោកនាយករដ្ឋមន្ត្រីដែលកាន់អំណាចជិត៤០ឆ្នាំរូបនេះ ហាក់ទទួលបានប្រសិទ្ធភាពតិចតួចនៅឡើយ។
លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា ការរំឭករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកតែងធ្វើដដែលៗនេះ នឹងមិនអាចទទួលបានប្រសិទ្ធភាពនោះទេ ប្រសិនបើរដ្ឋាភិបាលមិនមានឆន្ទៈក្នុងការអនុវត្ត។
លោកបន្ថែមថា វិធានការវះកាត់ ឬដកចោលនូវមន្ត្រីរដ្ឋាភិបាលដែលអសកម្ម គួរតែអនុវត្តពីកម្រិតថ្នាក់លើមកមុន។
លោកបញ្ជាក់ថា៖
«ការអនុវត្តពីកម្រិតថ្នាក់លើមកមុន ខ្ញុំនៅតែយល់ថាទើបមានប្រយោជន៍ ពីព្រោះអីការអនុវត្តច្បាប់ហ្នឹងគេមើលពីថ្នាក់លើមុន ហើយថ្នាក់ក្រោមគ្រាន់តែជាអ្នកអនុវត្តបន្តហើយជាអ្នកទទួលទេ។ អញ្ចឹងបើថ្នាក់លើអត់មានគំរូ អត់មានឆន្ទៈច្បាស់លាស់ទេ ថ្នាក់ក្រោមក៏មិនអាចមានឥទ្ធិពល ឬក៏មិនអាចមានការអនុវត្តមួយត្រឹមត្រូវល្អដែរ»។
ក្រៅតែពីការក្រើនរំឭក និងព្រមានជាច្រើនដង ឲ្យមន្ត្រីក្រោមឱវាទមានភាពសកម្មក្នុងការងារ នាពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចុះសួរសុខទុក្ខ និងសំណេះសំណាលកម្មករក្នុងវិស័យកាត់ដេរ គ្រូបង្រៀន មន្ត្រីរាជការ ស្ទើររៀងរាល់សប្ដាហ៍ ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យមានប្រសាសន៍ថា ការប្រកាសធ្វើកំណែទម្រង់មន្ត្រីក្រោមឱវាទឲ្យខំប្រឹងធ្វើការងារឡើងវិញឲ្យមានប្រសិទ្ធភាព លុះត្រាតែរដ្ឋាភិបាលកាត់បន្ថយមន្ត្រីមានអំណាចជាន់ខ្ពស់ ដែលធ្វើការងារជាបក្សពួក និងផ្ដល់ប្រាក់បៀរវត្សសមរម្យដល់មន្ត្រីរាជការ។
ទោះយ៉ាងណា លោក មាស នី យល់ថា ការប្រកាសកំណែទម្រង់មន្ត្រីក្រោមឱវាទក្នុងការពង្រឹងភាពសកម្មក្នុងការងារ គឺជាការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ បន្ទាប់ពីគណបក្សកាន់អំណាចក្នុងអាណត្តិចុងក្រោយ បានបាត់បង់សំឡេងយ៉ាងច្រើននាពេលកន្លងមក។
លោកបន្ថែមថា ការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋវិញបាន លុះត្រាតែរដ្ឋាភិបាលពង្រឹងឲ្យបាននូវវិស័យយុត្តិធម៌ក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖
«បើសិនជាខំតែកំណែទម្រង់ការយកចិត្តពលរដ្ឋទៅតាមរយៈការផ្ដល់លុយផ្ដល់កាក់ ឬការបង្កើនបៀវត្សនៅមុនពេលបោះឆ្នោត ក៏ប៉ុន្តែប្រព័ន្ធយុត្តិធម៌នៅតែមិនអាចបំពេញតួនាទីឯករាជ្យ និងផ្ដល់យុត្តិធម៌ជូនពលរដ្ឋបាននោះ អាហ្នឹងទោះបីជាថែមកម្លាំងប៉ុន្មានទៀតក៏មិនអាចធ្វើឲ្យការបង្កើននូវទំនុកចិត្តពីពលរដ្ឋ នៅតែមានការពិបាក។ បើកាលណាអំពើអយុត្តិធម៌វារីករាលដាលហើយនោះ គឺអ្វីៗក៏វាត្រូវតែមានភាពច្របូកច្របល់ដែរសម្រាប់សង្គមហ្នឹង ហើយការមិនសប្បាយចិត្តរបស់មនុស្សនឹងនៅតែបន្តទៅទៀត»។
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៧ ដែលបានចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ ចេញកាលពីខែកុម្ភៈនេះ បង្ហាញថា ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១៦១ ក្នុងចំណោមប្រទេស១៨០ ដែលអង្គការនេះ បានសិក្សាស្រាវជ្រាវអំពីការយល់ឃើញលើអំពើពុករលួយក្នុងវិស័យសាធារណៈ។ ក្នុងនោះ កម្ពុជាឈរក្នុងលំដាប់ថ្នាក់ទាបជាងគេបំផុតក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០។
ចំណែកការស្ទង់មតិមួយស្ដីអំពីអំពើពុករលួយក្នុងប្រព័ន្ធតុលាការ នៅទូទាំងសកលលោករបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដែលបានចេញផ្សាយកាលពីខែមេសា ឆ្នាំ២០១៦ បញ្ជាក់ថា ប្រព័ន្ធតុលាការនៅកម្ពុជា ជាប្រព័ន្ធដែលមានភាពពុករលួយបំផុតក្នុងចំណោមស្ថាប័នរដ្ឋ៕