ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល៖ បក្ស​នយោបាយ​ខកខាន​ក្នុង​ការ​លើក​កម្ពស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ


កញ្ញា​ សេង រាសី អ្នក​សម្រប​សម្រួល​គណៈ​កម្មការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នៃ​អង្គការ​សីលការ​ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​«លទ្ធផល​អង្កេត​នៃ​ការ​ដាក់​បេក្ខភាព​ស្ត្រី​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​អាណត្តិ​ទី៤​» ក្នុង​រាជធានីភ្នំពេញ​ នៅ
កញ្ញា​ សេង រាសី អ្នក​សម្រប​សម្រួល​គណៈ​កម្មការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នៃ​អង្គការ​សីលការ​ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​«លទ្ធផល​អង្កេត​នៃ​ការ​ដាក់​បេក្ខភាព​ស្ត្រី​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​អាណត្តិ​ទី៤​» ក្នុង​រាជធានីភ្នំពេញ​ នៅ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សម្តែង​ក្តី​បារម្ភ​ថា​ កម្ពុជា​ ក៏​នឹង​បរាជ័យ​ក្នុង​ការសម្រេច​ឲ្យបាន​គោល​ដៅ​អភិ​វឌ្ឍន៍​ប្រកប​ដោយ​ចិរភាព ​(Sustainable Development Goals) ​របស់​អង្គការ​សហប្រជាជាតិ​ ដែល​បាន​កំណត់​ថា​ ស្ត្រី​ត្រូវ​ចូល​រួម​ឲ្យបាន​៥០​ភាគរយ​ នៃ​ការ​ដឹកនាំ​ក្នុង​​កិច្ចការ​នយោបាយ​ នៅ​ឆ្នាំ​២០​៣០។

ស្រ្តី​កម្ពុជា​នៅតែ​មិន​អាច​ចូលរួម​បម្រើ​វិស័យ​នយោបាយ​ក្នុង​លំដាប់​ខ្ពស់​បាន​ច្រើន​ដដែល​នៅ​ពេល​ដែល​ចំនួន​ស្ត្រី​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោតឃុំ​-សង្កាត់​នៅ​មាន​ចំនួន​តិច​បើ​ធៀប​នឹង​ចំនួន​បុរស។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពីក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពង្រឹង​សិទ្ធិស្ត្រី​ក្នុង​វិស័យ​នយោបាយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ បាន​និយាយ​នៅថ្ងៃ​អង្គារ​នេះ​ថា​ ការ​ដាក់​បេក្ខជន​ស្ត្រី​ឈរ​ឈ្មោះ​សម្រាប់​លេខរៀង​កំពូល​ក្នុង​បញ្ជី​ដែលភាគច្រើនសម្រេចដោយ​បុរស​ និង​ស្ថានភាព​ហិរញ្ញវត្ថុ​ដែល​មាន​កម្រិត​របស់​ស្ត្រី​ ក៏ដូចជា​បណ្តាញ​រឹងមាំ​របស់​បុរស​ក្នុង​គណបក្ស​នយោបាយ​ បាន​ធ្វើ​ឲ្យ​ស្ត្រី​បាត់​ឱកាស​ក្នុង​ការ​ទទួល​បាន​តួនាទី​ខ្ពស់​ក្នុង​កិច្ច​ការ​រដ្ឋបាល ដែល​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​អំណាចក្នុងការ​សម្រេចចិត្ត​ ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ស្ត្រី​ និង​បញ្ហា​ផ្សេង​ទៀត​សម្រាប់​ពលរដ្ឋ​ទូទៅ។

ពួក​គេ​សម្តែង​ក្តី​បារម្ភ​ថា​ កម្ពុជាក៏​នឹង​បរាជ័យ​ក្នុង​ការសម្រេច​ឲ្យបាន​គោល​ដៅ​អភិ​វឌ្ឍន៍​ប្រកប​ដោយ​ចិរភាព ​(Sustainable Development Goals) ​របស់​អង្គការ​សហប្រជាជាតិ​ ដែល​បាន​កំណត់​ថា​ ស្ត្រី​ត្រូវ​ចូល​រួម​ឲ្យបាន​៥០​ភាគរយ​ នៃ​ការ​ដឹកនាំ​ក្នុងកិច្ចការ​នយោបាយ​ នៅ​ឆ្នាំ​២០​៣០។

កញ្ញា​ សេង រាសី ​អ្នក​សម្រប​សម្រួល​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​លទ្ធផល​អង្កេត​នៃ​ការ​ដាក់​បេក្ខភាព​ស្ត្រី​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ ​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ អង្គារ​នេះ​ថា​ កំណើន​ដ៏​តិចតួច​នៃ​ចំនួន​ស្ត្រី​ឈរ​ឈ្មោះ​ឆ្នោត​នេះ​នឹង​នៅតែ​ជា​រនាំង​មួយ ​ដែល​មិន​អាច​បើក​ផ្លូវ​ឲ្យ​ស្ត្រី​ដោះស្រាយ​បញ្ហា​ស្ត្រី​ខ្លួន​ឯង​បាន​ និង​បញ្ហា​នៅ​ថ្នាក់​មូលដ្ឋាន​ផ្សេងទៀត។

«ប្រសិន​បើ​ចំនួន​របស់​ស្ត្រី​នៅ​តែ​កើន​ឡើង​តិចតួច​ បែបនេះ​ បញ្ហា​របស់​ស្ត្រី នៅ​ថ្នាក់​មូលដ្ឋាន​ ក៏​ដូចជា ​បញ្ហា​ផ្សេងៗ​ នៅ​ថ្នាក់​ក្រោម​ជាតិ​ នៅ​តែ​មិន​ទាន់​អាច​ឆ្លើយ​តប​បាន​ពេញលេញ​ ដោយសារ​តែ​ចំនួន​ស្ត្រី​នៅ​ក្នុង​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​ មាន​កើន​តិច​តួច»។

កញ្ញា សេង រាសី ​បាន​ប្រាប់​ VOA ​បន្ថែម​ថា​ ការ​បន្ត​ផ្តល់​អំណាច​ឲ្យ​បុរស​ជា​អ្នកជ្រើសរើសបេក្ខជន​ស្ត្រី​ នឹង​នៅតែធ្វើ​ឲ្យ​ស្ត្រី​មាន​ការពិបាក​ក្នុង​ការ​ទទួល​តំណែង​កំពូល​សម្រាប់​ការសម្រេចចិត្ត។​ កញ្ញា​បន្ត​ថា​ កង្វះ​តម្លាភាព​ក្នុង​ការ​ជ្រើស​រើស​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​នីមួយៗ ​ជា​ផ្នែក​មួយ​នាំ​ឲ្យ​ស្ត្រី​បាត់​បង់​លេខរៀង​លំដាប់​ខ្ពស់​ក្នុង​ការ​ឈរ​ឈ្មោះ​ផង​ដែរ។

មួយ​វិញទៀត​ កញ្ញា​ សេង​ រាសី​ និយាយ​ថា​ ស្ត្រី​ក៏​មាន​បញ្ហា​ប្រឈម​ជាមួយ​នឹង​ផ្នែក​ថវិកា​សម្រាប់​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ ​នៅ​ពេល​គណបក្ស​នយោបាយ​នីមួយៗ​សម្លឹង​រក​បុគ្គល​ណា​ដែល​មាន​លទ្ធភាព​អាច​ទ្រទ្រង់​គណបក្ស​នយោបាយ​បាន​ផង​ និង​អាច​បំពេញ​ការ​ងារ​បម្រើ​រដ្ឋ​បាន​ផង។

«ធម្មតា​ទេ​ រឿង​ធ្វើ​នយោបាយ​ត្រូវការ​លុយកាក់​ ហើយ​ស្ត្រី​ពិបាក​ណាស់​ក្នុង​ការ​ឲ្យគាត់​ មក​យក​លុយ​កាក់​ពីផ្ទះ​ហ្នឹង​មក​ធ្វើ​នយោបាយ​ បើ​សិន​គ្រួសារ​គាត់​ជាបុរស​ហ្នឹង​ ជាប្តីហ្នឹង​ធ្វើ​នយោបាយ​ ប្រហែល​ជា​គាត់​សុខចិត្ត​ឲ្យ​ប៉ុន្តែ​ បើ​គាត់​ ជា​អ្នក​ធ្វើ​នយោបាយ​វិញ​ គាត់​ពិចារណា​ថាតើ​គាត់​គួរយក​លុយ​ផ្ទះ​មកធ្វើ​នយោបាយ​ ឬ​អត់»។

យោង​តាម​លទ្ធផល​នៃ​ការ​សង្កេត​បេក្ខជន​ស្ត្រី​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ អាណត្តិទី៤ ឆ្នាំ២០១៧​ ដែល​ស្រាវជ្រាវ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​បី​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ ២០១៧​នេះ​ មាន​បេក្ខជន​ស្ត្រី​ចំនួន​សរុប​ ២៥.៧៨៨នាក់​ ស្មើនឹង​ ២៧,២៦​ភាគរយ​ នៃ​បេក្ខ​ជន​ប្រុស ស្រី​សរុប​ ៩៤.៥៩៥ ​នាក់​ គឺ​កើន​ ចំនួន​ ១,៦២ភាគរយ​ ធៀប​នឹង​ឆ្នាំ ២០១២​ ដែល​មាន​ចំនួន​តែ​ ២៥, ៦៤ភាគរយ​ប៉ុណ្ណោះ។

កញ្ញា​សេង រាសី​ ​បាន​បន្ថែម​ថា​ កម្ពុជា​នឹង​មិន​អាច​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​ បាន​ទេ​ ប្រសិន​បើ​កំណើន​ស្ត្រី​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​បន្ត​កើន​ត្រឹម​តែ​ជិត​២​ភាគរយ​ ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ទៅ​មុខ​ទៀត​នោះ។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​ជាង​១.៦០០ ​ដែល​ជា​ការ​បោះឆ្នោត ថ្នាក់​ក្រោម​ជាតិ​គឺ​ ដើម្បី​ផ្លាស់​ប្តូរ​មន្ត្រី​ដឹកនាំ​ថ្នាក់​មូលដ្ឋាន​ដ៏​សំខាន់​នឹង​រៀបចំឡើង​នៅថ្ងៃទី៤ ​ខែ​មិថុនា ​ឆ្នាំ២០១៧​នេះ។

គណបក្ស​នយោបាយ​ ដែល​ចូលរួម​ប្រកួត​ប្រជែង​ចំនួន​១២​ កំពុង​រៀបចំ​គោល​នយោបាយ ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុងរយៈ​ពេល​១៤ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​ដើម្បី​យក​ជ័យជម្នះ​លើ​គូ​ប្រជែង​នយោបាយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​ឃ្លាំមើល​បេក្ខជន​ស្ត្រី​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ សម្រាប់​អាណត្តិ​ទី​បួន​ បាន​ស្នើ​ឲ្យ​មាន​ការ​កែសម្រួល​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ និង​ការ​បង្កើត​គោលនយោបាយ​ ដើម្បី​បង្កើន​ចំនួន​បេក្ខជន​ស្ត្រី​ ក្នុង​ការ​ឈរ​ឈ្មោះ​បោះ​ឆ្នោត។

ពួកគេ​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ និងច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ ក្នុង​បំណង​ធានា​ថា ​បេក្ខភាព​ស្ត្រី​ត្រូវ​បាន​ឈរ​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ ដោយ​ដាក់​ឆ្លាស់​គ្នា​រវាង​ស្ត្រី​ និង​បុរស​តាម​លំដាប់​លេខរៀង​ពី​លើ​ដល់​ក្រោម​ ដែល​ជា​វិធានការ​សមស្រប​ និង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ធ្វើ​ឲ្យ​មាន​សមភាព​យេនឌ័រ​ពិត​ប្រាកដ។

អ្នកស្រី​ ធីតា ឃឹះ​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ ​ដែល​ធ្វើ​ការងារ​លើ​ការ​ពង្រឹង​អភិបាលកិច្ច​សាធារណៈ​ ប្រាប់​ VOA ​ថា ​មាន​ហេតុផល​មួយ​ចំនួន​ទៀត​ដែល​មេដឹកនាំ​គណបក្ស​នយោបាយ​ ពិបាក​ក្នុង​ការ​ដាក់​បេក្ខជន​ស្ត្រី​នោះ ​គឺ​ផលប្រយោជន៍​បុគ្គល ​និង​តំបន់​ដែល​មាន​ទំនាស់​សង្គម។

អ្នកស្រី​មាន​ប្រសាសន៍​ថា​ ជា​គោលការណ៍​ មេដឹកនាំ​គណបក្ស​នយោបាយ​មាន​បំណង​ចង់​ដាក់​បេក្ខជន​ស្ត្រី​ឲ្យ​បាន​ច្រើន​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន ​ក៏​ប៉ុន្តែ​ការណ៍​នេះ​មិន​អាច​ធ្វើ​បាន​ ដោយហេតុ​បុគ្គល​កំពុង​កាន់​តួនាទី​ ដែល​ជា​បុរស​នោះ​មិនព្រម​ចុះចេញ។

«ក៏ប៉ុន្តែ​នៅតែ​មាន​ការ​លំបាក ​ជាពិសេស​កន្លែង​ណា​ដែល​រក​លុយ​បាន​ច្រើន​ កន្លែង​ណា​ដែល​ចម្រូង​ចម្រាស​រឿង​ដីធ្លី»។

អ្នកស្រី​ ធីតា ឃឹះ ​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ​ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​«លទ្ធផល​អង្កេត​នៃ​ការ​ដាក់​បេក្ខភាព​ស្ត្រី​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​អាណត្តិ​ទី៤​» ក្នុង​រាជធានីភ្នំពេញ​ នៅថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
អ្នកស្រី​ ធីតា ឃឹះ ​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ​ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​«លទ្ធផល​អង្កេត​នៃ​ការ​ដាក់​បេក្ខភាព​ស្ត្រី​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​អាណត្តិ​ទី៤​» ក្នុង​រាជធានីភ្នំពេញ​ នៅថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

យ៉ាងណាក៏ដោយ​ អ្នកស្រី​ជឿ​ថា​ ចំណុច​រាំងស្ទះ​នឹង​អាច​ដោះស្រាយ​បាន​ នៅ​ពេល​មាន​ស្ត្រី​កាន់តែ​ច្រើន​ ចូល​កាន់​តំណែង​ដែល​អាច​ធ្វើការ​សម្រេចចិត្ត​បាន។

ដោយឡែក​ សកម្មជន​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ស្តាប់​លទ្ធផល​អង្កេត​នៃ​ការ​ដាក់​បេក្ខភាព​ស្ត្រី​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​បាន​និយាយ​ថា ​ជា​ការពិបាក​សម្រាប់​ពួកគេ​ក្នុង​ការ​ទទួល​បាន​លេខ​រៀង​ខ្ពស់​ក្នុង​បញ្ជី​បេក្ខជន។ ពួកគេ​លើក​ឡើង​ថា​ ប្រសិន​បើ​មិន​មានការ​តស៊ូ​មតិ ​ឬ​ចងក្រង​ជា​ក្រុម​ ដើម្បី​តវ៉ា​នោះ​ទេ​លេខ​រៀង​ខ្ពស់​ៗ​នឹង​បាន​តែ​ទៅ​លើ​បេក្ខជន​បុរស។

អ្នកស្រី​ យ៉ែម​ វណ្ណណែត​ បេក្ខជន​ស្ត្រីលេខរៀង​ទី​ ៣​ មកពី​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ នៅ​សង្កាត់​សួង​ ក្រុង​សួង​ ខេត្ត​ត្បូង​ឃ្មុំ ​ប្រាប់​ VOA ​ថា ​អ្នកស្រី​បាន​ធ្វើការ​តស៊ូជាច្រើន​ទម្រាំ​នឹង​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ឈរ​ក្នុង​លេខ​រៀង​ទី ៣។ អ្នកស្រី​និយាយ​ថា៖​

«អញ្ចឹង​នាង​ខ្ញុំ​ក៏​លើក​ពី​បញ្ហា​ស្ត្រី​ទាំងអស់​ប្រាប់​គាត់​ហើយ​ក៏​ថា​ បើ​សិន​ជា​ខ្ញុំ​ជា​ស្ត្រី​ ខ្ញុំ​អាច​ចូលរួម​ជួយ​ស្ត្រី​ និង​ដោះស្រាយ​បញ្ហា​ស្ត្រី​ទាក់​ទង​នឹង​គាត់​មាន​ផ្ទៃពោះ​ អាច​ជួយ​កុមារ​សាលាមតេយ្យ​សម្រាប់​កុមារ។ ខ្ញុំ​លើក​អញ្ចឹង​ហេតុផល​ ដែល​ទាក់​ទង​បញ្ហា​ស្ត្រី​ទៅ​ គាត់​ក៏​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ជាស្ត្រី​ហ្នឹង​ ឈរ​ជា​បេក្ខជន​លេខរៀង​ជាប់​ នៅ​ក្នុង​សង្កាត់​សួង»។

អ្នកស្រី​ បាន​ស្នើ​ឲ្យ​គណបក្ស​នយោបាយ​អ្នកស្រី ​បង្កើត​កម្មវិធី​នយោបាយ​ដែល​នឹង​ឆ្លាស់​គ្នា​នៅ​លេខ​រៀង​កំពូល​គឺ​បើ​ស្ត្រី​ឈរ​ក្នុង​លេខ​រៀង​ទី​មួយ​បុរស​ត្រូវ​ឈរ​ក្នុង​លេខ​រៀង​ទីពីរ​ហើយ​បើបុរស​ឈរ​ក្នុង​លេខ​រៀង​ទី​មួយ​ស្ត្រី​ត្រូវ​ឈរ​ក្នុង​លេខ​រៀង​ទីពីរ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពង្រឹង​សិទ្ធិ​ស្រ្តី​ក្នុង​វិស័យ​នយោបាយ​ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ គណបក្ស​ធំៗ​ពីរ​ដែល​មាន​ប្រជាប្រិយភាព​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្កើន​បេក្ខជន​ស្ត្រី​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​របស់​ខ្លួន​ តែ​ចំនួន​នេះ​គឺ​នៅ​ទាប​ជាង​ចំនួន​បេក្ខជន​ស្ត្រី​ដែល​សម្រេច​ដាក់​ឲ្យ​ឈរ​ឈ្មោះ​ពី​គណបក្ស​តូចៗ​១០​ផ្សេង​ទៀត។

ពួកគេ​និយាយ​ថា​ គណបក្ស​ធំៗ​ពីរ​នេះ​ទំនង​ជា​បារម្ភ​ថា​ ខ្លួន​នឹង​ចាញ់​ការ​បោះឆ្នោត​បើដាក់​ស្ត្រី​ច្រើន​ឲ្យ​ឈរ​ឈ្មោះ។ ពួកគេ​សង្កត់ធ្ងន់​ថា​ ការបារម្ភ​បែប​នេះ​អាច​ជា​ការយល់ខុស​ដោយ​សារ​តាម​ការ​ស្ទាប​ស្ទង់​មតិ​ យុវជន​ភាគច្រើន​ដែល​ជា​ម្ចាស់​ឆ្នោត​ពេញចិត្ត​បេក្ខជន​ស្ត្រី​ជាង​បុរស៕

XS
SM
MD
LG