គណបក្សនយោបាយមួយដែលបានដាក់បេក្ខភាពម្ចាស់ក្សត្រីយ៍មួយព្រះអង្គសម្រាប់តំណែងនាយករដ្ឋមន្ត្រីអាចនឹងត្រូវហាមឃាត់មិនឱ្យចូលរួមប្រកួតបោះឆ្នោតជាតិនៅក្នុងខែមីនា ក្រោយពីមានសកម្មជនម្នាក់បាននិយាយនៅថ្ងៃអាទិត្យនេះថាលោកនឹងដាក់ញត្តិប្តឹងស្នើសុំឱ្យរំលាយគណបក្សនោះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃប្រទេសថៃគ្រោងនឹងជួបប្រជុំនៅថ្ងៃច័ន្ទដើម្បីពិចារណាពីបេក្ខភាពរបស់ម្ចាស់ក្សត្រីយ៍អ៊ូប៊ុលរតនា រាជាកណ្ណិយា សិរីវឌ្ឍនា បាណាវ៉ាឌី ដែលមានព្រះជន្ម៦៧ព្រះវស្សា។ កាលពីថ្ងៃសុក្រ ម្ចាស់ក្សត្រីយ៍បានធ្វើឱ្យប្រទេសជាតិទាំងមូលភ្ញាក់ផ្អើលនៅពេលដែលប្រកាសថាម្ចាស់ក្សត្រីយ៍នឹងធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្សពលរដ្ឋមួយដែលស្មោះត្រង់នឹងលោកថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាអតីតនាយករដ្ឋមន្ត្រីត្រូវបានបណ្តេញចេញពីតំណែង។
ការប្រកាសនេះត្រូវបានព្រះមហាក្សត្រមហា វិជ្ជរ៉ាឡុងកន ដែលជាព្រះអនុជ បានឆ្លើយជំទាស់តែក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមកតែប៉ុណ្ណោះ។ ព្រះអង្គបានថ្លែងតាមរយៈព្រះរាជសារមួយថាជារឿង«មិនសមស្រប»ទេសម្រាប់រាជវង្សានុវង្សចូលប្រឡូកក្នុងឆាកនយោបាយ។
ការបោះឆ្នោតនៅថ្ងៃទី២៤ខែមីនាគឺជាការបោះឆ្នោតលើកទីមួយចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤ដែលបានទម្លាក់រដ្ឋាភិបាលមួយដែលគាំទ្រលោកថាក់ស៊ីន។ មេដឹកនាំរបបយោធានាពេលបច្ចុប្បន្ន គឺលោកប្រាយុទ្ធ ចាន់អូចា ក៏ចូលរួមប្រកួតប្រជែងយកតំណែងនាយករដ្ឋមន្ត្រីដែរ ក្នុងនាមបេក្ខជនគាំទ្រយោធា។