ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.​សុំ​ឱ្យ​បក្ស​នយោបាយ​គោរព​គោលការណ៍​ឃោសនា​បោះឆ្នោត


លោកទេព នីថា អគ្គលេខាធិការគ.ជ.ប. (អង្គុយ​កណ្តាល) ​ធ្វើសន្និសីទ​សារព័ត៌មាន។
លោកទេព នីថា អគ្គលេខាធិការគ.ជ.ប. (អង្គុយ​កណ្តាល) ​ធ្វើសន្និសីទ​សារព័ត៌មាន។
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប ​បាន​ប្រាប់​ដល់​គណបក្ស​នយោបាយ​ទាំង​ប្រាំបី​ដែល​ត្រូវ​ប្រកួត​ប្រជែង​ដណ្តើម​សន្លឹក​ឆ្នោត​ឲ្យ​គោរព​តាម​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន​សម្រាប់​ធ្វើការ​ឃោសនា​បោះឆ្នោត។

ការឃោសនា​រយៈពេល​មួយ​ខែ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី២៧​ខែ​មិថុនា​នេះ​ដល់​ថ្ងៃទី២៦​ខែកក្កដា ​គឺ​ពីរ​ថ្ងៃ​មុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ចាប់ផ្តើម។

លោក​សោម ច័ន្ទឌីណា ​សមាជិក ​គ.ជ.ប ​បាន​ថ្លែង​ក្នុង​ស​ន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា​គណបក្ស​នយោបាយ​នីមួយៗ​មាន​សិទ្ធិ​ធ្វើការ​ឃោសនា​ចាប់ពី​ម៉ោង៦ព្រឹក​រហូតដល់​ម៉ោង​ដប់​យប់ លើកលែងតែ​ចន្លោះ​ម៉ោង១២​ថ្ងៃត្រង់​ដល់​ម៉ោង២​រសៀល​ឬ​ការឃោសនា​មុន​ម៉ោង៦ព្រឹក។

លោក​ស្នើ​ឲ្យ​គណបក្ស​ទាំងអស់​យោគយល់​និង​អធ្យាស្រ័យ​គ្នា​និង​ចៀសវាង​ការបង្ក​អំពើ​ហិង្សា។
លោកនិយាយថា៖ «ត្រូវ​ចៀសវាង​នូវ​ការប្រព្រឹត្តិ​នូវ​អំពើ​គំរាម​កំហែង ​បំភិត​បំភ័យ​ឬ​ប្រើ​ហិង្សា​ដល់​ពលរដ្ឋ ​ដល់​អ្នកគាំទ្រ​ ឬ​ដល់​បេក្ខជន​នៃ​គណបក្ស​នយោបាយ។ នេះ​ជា​ចំណុច​សំខាន់​ដែល​គណបក្ស​និ​មួយ​ត្រូវតែ​អនុវត្តន៍​តាម»។

លោក​សោម ច័ន្ទឌី​ណា ​បន្ថែមថា​ការប្រើប្រាស់​យានជំនិះ​របស់​រដ្ឋ​ដែល​មាន​ពាក់​ស្លាក​រាជការ ​ស្លាក​រដ្ឋ ​នគរបាល​ឬ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ​សម្រាប់​ការឃោសនា​បោះឆ្នោត​គឺជា​អំពើ​ខុសច្បាប់។

មួយ​វិញ​ទៀត​មន្ត្រីរាជការ​ស៊ីវិល ​កងកម្លាំង​ប្រដាប់​អាវុធ​និង​មន្ត្រី​តុលាការ​រួមទាំង​មន្ត្រី​អាជ្ញាធរ​មិនអាច​ចូលរួម​ធ្វើការ​ឃោសនាបោះឆ្នោត​ក្នុងពេល​ម៉ោង​បំពេញភារកិច្ច​នោះទេ។

ផ្ទុយទៅវិញ​ទោះបី​ជាមាន​ការប្រកាស​នូវ​វិធាន​បែបនេះ​ក៏ដោយ​ លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យា​ក្រិ​ត្យ​និង​យុត្តិធម៌ ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ថ្លែងថា​ការប្រព្រឹត្តិ​ល្មើស​នៅតែ​កើតមាន​ក្នុងអំឡុងពេល​ឃោសនា​បោះឆ្នោត។
លោកឲ្យដឹងថា៖ «យើង​ឃើញថា​ភាពមិន​ស្មើគ្នា​ចំពោះ​ការប្រើប្រាស់​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ទីកន្លែង​សាធារណៈ​តែងតែ​កើតមាន​ឡើង។ ហើយ​ទិដ្ឋភាព​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ការប្រើប្រាស់​នូវ​មធ្យោបាយ​របស់​រដ្ឋ​នៅតែ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជា​ប្រយោជន៍​របស់​គណបក្ស។ ប្រជាពលរដ្ឋ​មួយចំនួន​និង​បេក្ខជន​មួយចំនួន​នៅតែ​ទទួលរង​នូវ​ការរើស​អើង។ ហើយ​ខ្លះ​ទទួលរង​នូវ​ការរារាំង​ក្នុង​ការធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត​ផង»។

លោក​បណ្ឌិត​ ហង្ស ពុទ្ធា ​មាន​ប្រសាសន៍​ថា​ផល​វិជ្ជមាន​ទាំងនេះ​នឹង​នៅតែ​ក្លាយជា«បច័្ចយ​ប៉ះពាល់​ដល់​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌»។

លោក​សោម ច័ន្ទឌី​ណា ​បញ្ជាក់​បន្ថែម​ថា​វិទ្យុ​និង​ទូរទស្សន៍​របស់​រដ្ឋ​នឹងត្រូវ​ប្រើ​សម្រាប់​គណបក្ស​នយោបាយ​ទាំង​ប្រាំបី​ធ្វើការ​ឃោសនា​តាម​រលក​ធាតុ​អាកាស។ ក្នុងនោះ​ប្រធាន​បទ​ជាច្រើន​នឹងត្រូវ​ចោទសួរ​ដល់​គណបក្ស​ទាំងនោះ​សម្រាប់​បង្ហាញ​ឲ្យ​ម្ចាស់ឆ្នោត​ដឹង​ពី​គោលនយោបាយ​របស់​ខ្លួន។ ប្រធានបទ​ទាំងនោះ​មាន​គោល​នយោបាយ​ស្តីពី​ការ​កសាង​សេដ្ឋកិច្ចជាតិ ​ការលុបបំបាត់​អំពើ​ពុករលួយ ​គោលនយោបាយ​ក្នុងការ​គ្រប់គ្រង​បរិ​ដ្ឋា​ន​និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ គោលនយោបាយ​ស្តីពី​ការថែរក្សា​និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ ​គោលនយោបាយ​ក្នុងការ​រៀបចំ​សុវត្ថិភាព ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​និង​គោលនយោបាយ​ស្តីពី​ការអនុវត្ត​ច្បាប់​សញ្ជាតិ​និង​អន្តោប្រវេសន៍ ​គោលនយោបាយ​គ្រប់គ្រង​ដីធ្លី ​សង្គមកិច្ច ​ការងារ ​ការពារ​ប្រទេស ​លើកស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស ​ពង្រឹង​គុណភាព​អប់រំ ​និង​គោលនយោបាយ​ការបរទេស​ជាដើម។

មាន​គណបក្ស​នយោបាយ​ចំនួន​ប្រាំបី​នឹង​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ខែក្រោយ​នេះ ​ក្នុងនោះ​មាន​គណបក្ស​សង្គ្រោះ​ជាតិ ​គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​ហ៊្វុនស៊ីនប៉ិច ​គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សញ្ជាតិ​កម្ពុជា ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ៕
XS
SM
MD
LG