ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កាសែត​ដែល​ត្រូវ​​គ្រាប់​​​ពិការ​ភ្នែក​ម្ខាង​​នៅ​ហុងកុង៖ «ព្រះ​ជាម្ចាស់​បាន​ឲ្យ​ឱកាស​ដល់​ខ្ញុំ​​ស្វែង​រក​យុត្តិធម៌»


រូបឯកសារ៖ អ្នកសារព័ត៌មានស្រ្តី អ្នកស្រី Veby Mega Indah
រូបឯកសារ៖ អ្នកសារព័ត៌មានស្រ្តី អ្នកស្រី Veby Mega Indah

ក្នុង​អំឡុង​ពេល​កំពុង​ធ្វើ​សេចក្តី​រាយការណ៍​ពី​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៩ អ្នក​កាសែត​ជនជាតិ​ឥណ្ឌូណេស៊ី​ អ្នកស្រី​ Veby Mega Indah មាន​អារម្មណ៍​ថា ឈឺ​ខ្លាំង​នៅ​គ្រាប់​ភ្នែក​ខាង​ស្តាំ​របស់​អ្នកស្រី។

អ្នកស្រី​បាន​និយាយ​ថា៖ «ពេល​នោះ​ខ្ញុំ​កំពុង​ធ្វើការ​រាយការណ៍​បន្តផ្ទាល់។ ហើយ​មុន​ពេល​ដែល​ខ្ញុំ​បាន​ដឹង​ពី​អ្វី​ដែល​បាន​កើតឡើង ខ្ញុំ​បាន​លឺ​សំឡេង​ផ្ទុះខ្លាំង​ចំនួន​ពីរ​ដង និង​បន្ទាប់​មក​ខ្ញុំ​បាន​ឃើញ​ផ្សែង​ពណ៌​ស​ចេញ​ពី​កាំ​ជណ្ដើរ​កន្លែង​ដែល​ប៉ូលិស​កំពុង​ឈរ​ជើង»។

​ពេល​អ្នកស្រី​ដួល​ផ្ងារ​ក្រោយ អ្នក​សារព័ត៌មានស្រី​ម្នាក់​ទៀត​រត់​ទៅ​ជួយ​អ្នកស្រី។

អ្នក​ស្រី Indah អាយុ ៣៩​ឆ្នាំ​បាន​ប្រាប់ VOA ភាសា​ចិន​កុកងឺថា៖ «គាត់​មក​ឱប​ខ្ញុំ ហើយ​យើងទាំង​ពីរ​ដួល​លើ​ឥដ្ឋ​ជាមួយ​គ្នា។​ បើ​មិន​ដោយ​សារ​គាត់​ទេ ខ្ញុំ​ប្រហែល​ជា​មាន​របួស​ដល់​ខួរ​ក្បាល ឬ​អាក្រក់​ជាង​នេះ ... យើង​បាន​ដួល​លើ​ឥដ្ឋ​រឹង​ ហើយ​គាត់​ឱប​ខ្ញុំ​រហូត។ ខ្ញុំ​មិន​អាច​បើក​ភ្នែក​ខ្ញុំ​បាន​ទៀត​ទេ ហើយ​មុខ​ខ្ញុំ​ស្ពឹក​អស់​ហើយ»។

អ្នកស្រី​ Indah ត្រូវ​គេជឿ​ថា បាន​ត្រូវនឹង​គ្រាប់​កាំភ្លើង​ជ័រ​កៅស៊ូ ពេលកំពុង​ធ្វើ​ការ​ផ្សាយ​បន្តផ្ទាល់​ពី​បាតុកម្មពី​ទី​តាំង​នៅ​ពី​លើស្ពាន​ថ្មើរ​ជើង​មួយ​កន្លែង។

អ្នក​ស្រី Indah ​ជា​និពន្ធ​នាយក​រងនៃ​បណ្តាញ​ព័ត៌មាន​ Suara Hong Kong News ដែល​ជា​ស្ថាប័នមួយ​ផ្តល់​ព័ត៌មានពលរដ្ឋ​ចំណាកស្រុក​ឥណ្ឌូណេស៊ី​នៅ​ក្រុង​ហុងកុង។ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នៅ​ចុងខែ​កញ្ញា​ឆ្នាំ​មុន​នេះ អ្នកស្រីក៏​បាន​ក្លាយ​ជា​តួអង្គម្នាក់​នៅ​ក្នុង​រឿងរ៉ាវ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បាតុកម្ម​នៅ​ហុងកុងនេះ​ដែរ។​

អ្នកស្រី​ Indah បាន​ឲ្យ​ដឹង​ថា ដំណឹង​អំពី​ការរបួស​របស់​អ្នកស្រី​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​អន្តរជាតិ។ ប៉ុន្តែ​មិន​ដូច​មនុស្ស​រាប់​រយ​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ ដែល​បាន​រង​របួស​នៅ​ក្នុង​បាតុកម្ម​ អ្នកស្រី​ Indah អាច​ដាក់​ពាក្យ​ប្តឹង​មន្ត្រីប៉ូលិស ​ដោយ​មិន​ព្រួយបារម្ភ​ពី​ការ​ចាប់ខ្លួន។

អ្នក​ស្រី​ Indah បាន​និយាយ​ថា៖ «មនុស្ស​ជា​ច្រើន​ដែល​បាន​រង​របួស​នៅ​ហុងកុង គឺ​ជា​ អ្នក​ដែល​មិន​អាច​ធ្វើ​ដូច​អ្វីដែល​ខ្ញុំ​បាន​ធ្វើ​បាន ដោយសារ​តែ​ប្រសិន​បើ​ពួកគេ​ធ្វើ​វា​ [ការ​តស៊ូ​មតិ] ពួកគេ​អាច​ត្រូវ​រង​ការ​ចោទប្រកាន់។ ដូច្នេះ សកម្មភាព​នេះ​មិនមែន​ត្រឹម​តែ​សម្រាប់​ខ្ញុំ​នោះ​ទេ»។ ​

អ្នក​ស្រី​បាន​បន្ថែម​ថា៖ «... ព្រះជាម្ចាស់​បាន​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ស្វែងរក​យុត្តិធម៌។ ប្រសិន​បើ​ខ្ញុំ​មិន​ធ្វើ​វា​នោះ​ទេ ខ្ញុំ​មិន​អាច​ប្រឈម​មុខ​នឹង​ខ្លួន​ឯង​បាន​ឡើយ»។

បំណែក​គ្រាប់​ដែល​ត្រូវ​ចំអ្នកស្រី Indah បាន​បង្ក​ឲ្យ​ខ្វាក់​ភ្នែក​ខាង​ស្តាំ​របស់​អ្នកស្រី។

​ក្រុង​ហុងកុង​កំពុងប្រឈម​ជាមួយ​នឹង​បាតុកម្ម​ ដែល​ពេល​ខ្លះ​មាន​អំពើ​ហិង្សា​ អស់​រយៈពេល​ជាង​ប្រាំមួយ​ខែ​មក​ហើយ ខណៈ​ពេល​ដែល​សកម្មជន​បាន​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ប្រសើរ​ជាង​មុន និង​ការ​ស៊ើបអង្កេត​ឯករាជ្យ​ពាក់ព័ន្ធ​នឹង​ទង្វើ​របស់​ប៉ូលិស​ក្នុង​ចំណោម​ការ​ទាមទារ​ដទៃ​ទៀត។​

​ប៉ូលិស​ ដែល​បាន​បំបែក​បាតុករ​ជាមួយ​នឹង​គ្រាប់កាំភ្លើង​ជ័រ​កៅស៊ូ​ និង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក និយាយ​ថា ពួកគេ​បាន​បង្ហាញ​ភាព​អត់ធ្មត់​ពេល​កំពុង​ប្រឈម​នឹង​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា។

អ្នកស្រី Indah ដែល​មិនទាន់​អាច​ត្រឡប់​មក​ធ្វើការ​វិញ​បាន កំពុង​ទទួល​បាន​ការ​តំណាង​ក្នុងរឿងក្តីនេះ ដោយ​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ជនជាតិ​អង់គ្លេស​នៅ​ក្រុង​ហុងកុង ​លោក Michael Vidler។ កាសែត South China Morning Post ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង បាន​រាយការណ៍​ថា អ្នកស្រី Indah បាន​ស្នើសុំ​ជំនួយ​ផ្នែក​ច្បាប់​ដើម្បី​ជួយ​ទ្រទ្រង់​ដំណើរការរឿងក្តី​របស់​អ្នកស្រី៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG