សភាពតានតឹងបានកើតមានអំឡុងពិធីបុណ្យ Christmas នៅហុងកុងកាលពីល្ងាចថ្ងៃពុធ នៅពេលដែលប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងបាញ់កម្ទេចម្ទេសឬម្រេចទៅលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលនិងបានចាប់ខ្លួនពេលមានការប្រឈមគ្នា។
ការប៉ះទង្គិចចុងក្រោយបានកើតឡើងនៅពេលអ្នកស្រី Carrie Lam មេដឹកនាំគាំទ្រដោយក្រុងប៉េកាំងនៅក្រុងពាក់កណ្តាលស្វយ័តនេះបានថ្កោលទោសអ្វីដែលអ្នកស្រីហៅថា «កុប្បករមិនចេះគិតនិងអាត្មានិយម» បំផ្លាញពិធីបុណ្យChristmas។ នាយកប្រតិបត្តិក្រុងហុងកុងរូបនេះបាននិយាយថា រដ្ឋាភិបាលនឹង «ធ្វើឱ្យប្រាកដថា អ្នករំលោភច្បាប់នឹងទទួលរងផលវិបាក»។
ការប៉ះទង្គិចគ្នាបានកើតឡើង នៅពេលក្រុមសកម្មជនបានធ្វើបាតុកម្មយ៉ាងធំនៅតាមផ្សារនិងសង្កាត់ពាណិជ្ជកម្មនៅទូទាំងទីក្រុងហុងកុងនៅថ្ងៃបុណ្យ Christmas។
ប៉ូលិសក៏បានចាប់ខ្លួននិងស្វែងរកយុវជនជាច្រើននាក់ដែលស្លៀកពាក់ខ្មៅ ដែលជាសញ្ញារបស់សកម្មជនប្រឆាំងរដ្ឋាភិបាលចាប់តាំងពីខែមិថុនា។
នៅក្រុង Mongkok ជាសង្កាត់ពាណិជ្ជកម្មដ៏អ៊ូអរនោះ ប៉ូលិសប្រឆាំងកុបកម្មប្រដាប់ដោយខែលបានជេរឆ្លើយឆ្លងជាមួយក្រុមបាតុករ អ្នកដើរផ្សារនិងអ្នកធ្វើដំណើរឆ្លងកាត់ មុនពេលប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកជាច្រើនលើកលើពួកគេនិងចាប់ខ្លួនជាច្រើននាក់។
គេឮប៉ូលិសហៅក្រុមអ្នកតវ៉ាថាពួកសំរាម។ គេមិនទាន់ដឹងច្បាស់ថា តើប៉ូលិសឆ្លើយតបនឹងការបង្កហេតុឬយ៉ាងណា។ មនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវដោយអ្នកខ្លះគ្រវីទង់ជាតិហុងកុងឯករាជ្យឬទង់ជាតិអាមេរិក៕