ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ថៃ​ឆ្នាំ ២០១៩ ជា​លទ្ធិ​ប្រជាធិបតេយ្យ​ក្លែងក្លាយ


រូបភាពឯកសារ៖ បាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ជនជាតិ​ថៃ​ម្នាក់ពាក់​កន្សែង​រូប​អតីត​នាយករដ្ឋមន្ត្រី​ថៃអ្នកស្រី Yingluck Shinawatra ពេល​ប្រមូល​ផ្តុំ​ពិធី​កាន់កាប់​ទីក្រុង​របស់​យោធា​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៨។
រូបភាពឯកសារ៖ បាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ជនជាតិ​ថៃ​ម្នាក់ពាក់​កន្សែង​រូប​អតីត​នាយករដ្ឋមន្ត្រី​ថៃអ្នកស្រី Yingluck Shinawatra ពេល​ប្រមូល​ផ្តុំ​ពិធី​កាន់កាប់​ទីក្រុង​របស់​យោធា​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៨។

អ្នក​វិភាគ​នយោបាយ និង​អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​ប្រាប់ VOA ថា ប្រទេស​ថៃ​មាន​ការ​វិវឌ្ឍ​តិចតួច​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​តាំង​ពី​ការ​បោះ​ឆ្នោត​មក នៅ​ក្រោម​រដ្ឋាភិបាល​ដែល​មាន​ទំនោរ​ទៅ​រក​ពួក​យោធា។

នៅ​ពេល​ដែល​ក្រុម​ឧត្ដមសេនីយ៍​យោធា​ថៃ​កំពូលៗ​មួយ​ចំនួន ដែល​បាន​ផ្ដួល​រំលំ​រដ្ឋាភិបាល​ថៃ​កាល​ពី​ឆ្នាំ ២០១៤ ប្រកាស​ថា ការ​បោះ​ឆ្នោត​ដែល​គេ​រង់ចាំ​ជា​យូរ​មក​ហើយ​នឹង​ធ្វើ​ឡើង​នៅ​ខែ​មិនា ឆ្នាំ ២០១៩ ដែល​បាន​កន្លង​ផុត​ទៅ​នេះ ពួកគេ​បាន​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​ប្រទេស​ថៃ​វិល​មក​រក​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ ក្រោយ​ពី​រដ្ឋាភិបាល​យោធា​នេះ​បាន​គ្រប់គ្រង​ប្រទេស​អស់​រយៈពេល ៥ ឆ្នាំ​មក។

៩ ខែ​ក្រោយ​មក ការ​បោះ​ឆ្នោត​ដែល​ពួក​យោធា​នេះ​ធ្លាប់​អះអាង​ថា​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ និង​ជា​ការ​បោះ​ឆ្នោត​ដែល​ពួកគេ​បាន​ឈ្នះ​ដោយ​មិន​យុត្តិធម៌​នោះ សម្រាប់​ប្រជាពលរដ្ឋ​ថៃ​ភាគ​ច្រើន វា​ប្រៀប​ដូចជា​រឿង​ក្លែងក្លាយ​ដូច្នេះ​ដែរ។

អ្នក​វិភាគ​នយោបាយ និង​អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​ប្រាប់ VOA ថា ប្រទេស​ថៃ​មាន​ការ​វិវឌ្ឍ​តិចតួច​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​តាំង​ពី​ការ​បោះ​ឆ្នោត​មក នៅ​ក្រោម​រដ្ឋាភិបាល​ដែល​មាន​ទំនោរ​ទៅ​រក​ពួក​យោធា។ រដ្ឋាភិបាល​នេះ​បាន​រឹត​បន្តឹង​លើ​អ្នក​ប្រឆាំង បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​តុលាការ​រំលាយ​គណបក្ស​ប្រឆាំង និង​បាន​បង្ក្រាប​លើ​សេរីភាព​បញ្ចេញ​មតិ​តាម​អ៊ីនធឺណិត។

លោក Titipol Phakdeewanich ព្រឹទ្ធបុរស​មហា​វិទ្យាល័យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ Ubon Ratchathani បាន​លើក​ឡើង​អំពី​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ដូច្នេះ​ថា៖ «ក្រុម​វរជន​ដដែល​នៅតែ​គ្រប់គ្រង​ប្រទេស ដូច្នេះ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​គឺ​ជា​រដ្ឋាភិបាល​យោធា​ក្នុង​ទម្រង់​ថ្មី​តែ​ប៉ុណ្ណោះ»។

លោក​បាន​បន្ថែម​ក្នុង​សម្ដី​ដើម​ថា៖ «ខ្ញុំ​គិត​ថា ការណ៍​ដែល​ប្រទេស​ថៃ​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​បែប​នេះ​គឺ​វា​អាក្រក់​ជាង​មុន​ទៅ​ទៀត ដោយសារតែ​ប្រទេស​ថៃ​ត្រូវ​បាន​គេ​មើល​មក​ថា​ជា​ប្រទេស​ប្រជាធិបតេយ្យ ដែល​តាម​ពិត​វា​មិន​មែន​នោះ​ទេ។ វា​គឺ​ការ​យល់​ខុស​ដែល​ថា​ប្រទេស​ថៃ​មាន​ប្រជាធិបតេយ្យ ដោយសារតែ​ពួក​យោធា​នៅតែ​គ្រប់គ្រង​ប្រទេស ហើយ​ពួកគេ​បាន​ប្រើ​ប្រព័ន្ធ​ច្បាប់​ដើម្បី​គ្រប់គ្រង​លើ​អ្វីៗ​ទាំង​អស់»។

លោក Titipol បាន​បន្ថែម​ថា ឆាក​សម្ដែង​នយោបាយ​បាន​ចាប់ផ្ដើម​ឡើង​ដោយ​ការ​បោះ​ឆ្នោត ដែល​រៀបចំ​ឡើង​ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ​មួយ ដែល​ពួក​យោធា​បាន​ព្រាង​ឡើង​ក្រោយ​ពី​ការ​ធ្វើ​រដ្ឋប្រហារ ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ធំៗ​ចុះ​ខ្សោយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ជា​ពិសេស​គឺ​គណបក្ស​ភឿថៃ ដែល​ជា​គណបក្ស​ប្រឆាំង​នឹង​ពួក​យោធា។

បន្ទាប់ពី​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​បាន​បង្ហាញ​ថា គណបក្ស​ភឿថៃ និង​សម្ព័ន្ធ​មិត្ត​គណបក្ស​នេះ​បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​តែងតាំង​ដោយ​រដ្ឋាភិបាល​យោធា​បាន​កែប្រែ​លក្ខន្តិកៈ​សម្រាប់​ការ​បែងចែក​អាសនៈ​រដ្ឋសភា​តាម​វិធី​មួយ​ដែល​ធ្វើ​ឲ្យ​គណបក្ស​ភឿ​ថៃ​មិន​ទទួល​បាន​សំឡេង​ឆ្នោត​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា។

លោក James Buchanan បេក្ខជន​ថ្នាក់​បណ្ឌិត​នៃ​សាកល​វិទ្យាល័យ City University of Hong Kong ដែល​ធ្វើ​ការ​ស្រាវជ្រាវ​អំពី​នយោបាយ​ថៃ បាន​និយាយ​ថា៖ «ពួក​យោធា​ហាក់​ដូចជា​បង្កើត​ក្បួន​ច្បាប់​ឡើង បន្ទាប់ពី​បាន​ឃើញ​លទ្ធផល​បោះ​ឆ្នោត»។

រដ្ឋធម្មនុញ្ញ​ដែល​ពួក​យោធា​បាន​ព្រាង​ឡើង​ក៏​អនុញ្ញាត​ឲ្យ​ព្រឹទ្ធសភា​ដែល​តែងតាំង​ដោយ​ពួក​យោធា ចូលរួម​ជាមួយ​នឹង​រដ្ឋសភា​ដែល​ជ្រើសរើស​ដោយ​ប្រជាពលរដ្ឋ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី។ សន្លឹក​ឆ្នោត​របស់​សមាជិក​ព្រឹទ្ធសភា​មាន​ប្រៀប​យ៉ាង​ជោគជ័យ​នៅ​ក្នុង​ការ​គាំទ្រ​បេក្ខជន​ដែល​ពួក​យោធា​ចូលចិត្ត ដែល​នោះ​គឺ​លោក Prayut Chan-ocha ដែល​ជា​អតីត​ឧត្ដមសេនីយ៍​ដែល​ដឹកនាំ​ការ​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ ២០១៤។

មុន​ឈាន​ចូល​ដល់​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ ពួក​យោធា​បាន​សន្យា​ថា​នឹង​លុបចោល​បទ​បញ្ជា​រាប់​រយ ដែល​ខ្លួន​បាន​ចេញ​នៅ​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយ ប៉ុន្តែ​អ្នក​វិភាគ​នានា​បាន​និយាយ​ថា ពួក​យោធា​បាន​ទុក​បទ​បញ្ជា​មួយ​ចំនួន​ដោយ​បញ្ចូល​ទៅ​ក្នុង​ច្បាប់​ដែល​មាន​ស្រាប់ ដែល​ក្នុង​នោះ​មាន​ទាំង​ក្រឹត្យ​មួយ​ដែល​ផ្ដល់​អំណាច​ឲ្យ​ពួក​យោធា​ឃុំឃាំង​មនុស្ស​រហូត​ដល់ ៧ ថ្ងៃ ដោយ​មិន​ចាំបាច់​មាន​ការ​ចោទ​ប្រកាន់​ផង​ដែរ។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ធ្វើ​ឲ្យ​សម្ព័ន្ធ​ភាព​គណបក្ស​កាន់​អំណាច​មាន​ការ​ភ្ញាក់ផ្អើល និង​ទទួល​បាន​សំឡេង​ឆ្នោត​ល្មម​គ្រប់គ្រាន់​នៅ​ក្នុង​ការ​អនុម័ត​សំណើ​ច្បាប់​មួយ​ដើម្បី​បង្កើត​គណៈកម្មាធិការ​ពិសេស​មួយ​ដើម្បី​ពិនិត្យ​លើ​ក្រឹត្យ​ទាំង​នោះ ប្រធាន​រដ្ឋសភា​បាន​អំពាវនាវ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ដែល​បាន​ក្លាយទៅជា​ការ​បោះ​ឆ្នោត​លើក​ទី​ពីរ​លើ​សំណើ​ច្បាប់​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក។ លទ្ធផល​បោះ​ឆ្នោត​លើក​ទី​ពីរ​នេះ​បាន​បង្ហាញ​ថា សំណើ​ច្បាប់​នេះ​មិន​ត្រូវ​បាន​អនុម័ត​នោះ​ទេ​ដោយសារ​តែ​ខ្វះ​សំឡេង​គាំទ្រ​តិចតួច​តែ​ប៉ុណ្ណោះ។

លោក Titipol បាន​និយាយ​ថា៖ «មិន​មាន​ក្បួន​ច្បាប់​ពិត​ប្រាកដ​នោះ​ទេ​នៅ​ក្នុង​រដ្ឋសភា។ រដ្ឋសភា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អ្នក​ដែល​មាន​អំណាច​តែ​ប៉ុណ្ណោះ»។

រយៈពេល​ប៉ុន្មាន​ខែ​ក្រោយ​មក​បន្ទាប់ពី​ការ​បោះ​ឆ្នោត​ជាតិ​របស់​ប្រទេស​ថៃ គេ​ឃើញ​មាន​ការ​បង្ក្រាប​ហិង្សា​ជា​ច្រើន​កើត​ឡើង​លើ​អ្នក​រិះគន់​មិន​សំចៃ​មាត់​នានា​ចំពោះ​រដ្ឋាភិបាល​យោធា។ ការ​បង្ក្រាប​ទាំង​នេះ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​មនុស្ស​ពាក់​ម៉ាស់​មុខ និង​មួក​ការពារ ដែល​មាន​កាន់​ដំបង​ឆក់ និង​បំពង់​ទីប។ សកម្មជន​នានា​បាន​បញ្ជាក់​ថា ការ​បង្ក្រាប​ទាំង​នេះ ដែល​ជា​ទូទៅ​ធ្វើ​ឡើង​នៅ​កណ្ដាល​ថ្ងៃ​ត្រង់ និង​នៅ​ទី​សាធារណៈ គឺ​ក្នុង​គោល​បំណង​ដើម្បី​បញ្ជូន​សារ​ថា​កុំ​ឲ្យ​មាន​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា។

ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​យោធា​បាន​បន្ត​រស់នៅ​ក្នុង​ការ​ភ័យ​ខ្លាច​នៅ​បរទេស។ នៅ​រវាង​ខែ​មិនា និង​ខែ​ឧសភា ឆ្នាំ ២០១៩ សកម្មជន​ប្រជាធិបតេយ្យ​ថៃ ៣ នាក់ ដែល​និរទេស​ខ្លួន​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ប្រទេស​ឡាវ ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បាត់​ខ្លួន​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម។ អ្នក​ប្រឆាំង​ម្នាក់​ទៀត​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី និង​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ​ដើម្បី​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ថា​បាន​ដឹកនាំ​ការ​បះបោរ និង​ចូលរួម​ក្នុង​អង្គការ​សម្ងាត់​មួយ។

គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ ដែល​ទទួល​បាន​ការ​គាំទ្រ​កើន​ឡើង​ខ្លាំង ទទួល​បាន​ចំណាត់​ថ្នាក់​ទី ៣ នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​មិនា ឆ្នាំ ២០១៩ ដោយសារ​តែ​អ្នក​ដែល​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នេះ គាំទ្រ​គោល​នយោបាយ​ខ្លាំងក្លា​របស់​គណបក្ស​នេះ​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា។

ស្រប​ពេល​នោះ​ដែរ គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​នេះ​បាន​រង​ការ​វាយ​ប្រហារ​ផ្លូវ​ច្បាប់ ដែល​មេដឹកនាំ និង​អ្នក​គាំទ្រ​របស់​ពួកគេ​ថា​មាន​លក្ខណៈ​នយោបាយ។ តុលាការ​ធម្មនុញ្ញ​បាន​កាត់ទោស​លោក Thanathorn Juangroongruangkit ដែល​ជា​មេដឹកនាំ​គណបក្ស​នេះ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ដោយសារតែ​លោក​មាន​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ នៅ​ពេល​ដែល​លោក​ឈរ​ឈ្មោះ​បោះ​ឆ្នោត។ តុលាការ​បាន​ដក​លោក​ចេញ​ពី​តំណែង​ជា​សមាជិក​រដ្ឋសភា។ តុលាការ​គ្រោង​នឹង​សម្រេច​នៅ​ខែ​មករា​នេះ​ថា​តើ​គួរតែ​រលាយ​គណបក្ស​ទាំង​មូល​ចោល​ក្រោម​បទ​ចោទ​ប្រកាន់​ថា​មេដឹកនាំ​គណបក្ស​នេះ​ដឹកនាំ​ការ​បះបោរ ឬ​ក៏​អត់​នោះ។

លោក James Buchanan នៃ​សាកល​វិទ្យាល័យ City University of Hong Kong បាន​និយាយ​ថា៖ «ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នោះ​គឺ​កើត​ឡើង​នៅ​ក្នុង​បរិបទ​ដែល​អ្នក​មាន​អំណាច​មិន​ត្រូវ​បាន​តុលាការ​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ពួកគេ​នោះ​ទេ»។

អ្នក​វិភាគ និង​អ្នក​តស៊ូ​មតិ​នានា​បាន​និយាយ​ថា លំហ​បញ្ចេញ​មតិ​លើ​អ៊ីនធឺណិត​សម្រាប់​អ្នក​ប្រឆាំង​ក៏​បាន​រួម​តូច​ជាង​មុន​ផង​ដែរ។ ច្បាប់​សន្តិសុខ​តាម​អ៊ីនធឺណិត ដែល​រដ្ឋាភិបាល​យោធា​ថៃ​បាន​អនុម័ត​មុន​ពេល​បោះ​ឆ្នោត បាន​ចូល​ជា​ធរមាន​កាល​ពី​ខែ​ឧសភា ឆ្នាំ​មុន។ ច្បាប់​នេះ​ផ្ដល់​អំណាច​ថ្មី​ដ៏​ទូលំទូលាយ​ដល់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​តាមដាន​ទិន្នន័យ​តាម​អ៊ីនធឺណិត។

កាល​ពី​ខែ​តុលា​ឆ្នាំ​មុន រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ហាង​កាហ្វេ​នានា​ដែល​ផ្ដល់​សេវា​អ៊ីនធឺណិត​ដោយ​មិន​គិត​ថ្លៃ​ដល់​អតិថិជន ឲ្យ​ចាប់ផ្ដើម​តាមដាន និង​រក្សាទុក​នូវ​ទិន្នន័យ​អំពី​សកម្មភាព​តាម​អ៊ីនធឺណិត​របស់​អ្នក​ប្រើប្រាស់។ រដ្ឋាភិបាល​បាន​បើក​មជ្ឈមណ្ឌល​មួយ​ដើម្បី​តាមដាន និង​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​នៅ​លើ​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត​នៅ​ខែ​បន្ទាប់។

អ្នកស្រី Emilie Pradichit ប្រធាន​អង្គការ​មូលនិធិ Manushya របស់​ប្រទេស​ថៃ ដែល​ជា​អង្គការ​សិទ្ធិ​មនុស្ស​មួយ បាន​និយាយ​ថា រដ្ឋាភិបាល​បាន​ប្រើ​ច្បាប់​ថ្មី និង​មជ្ឈមណ្ឌល​ថ្មី​នេះ​ជា «អាវុធ» ដើម្បី​បំបិទ​មាត់​អ្នក​រិះគន់ និង​រារាំង​ការ​ប្រឆាំង​តាម​អ៊ីនធឺណិត ដូច​ទៅ​នឹង​វិធី​ដែល​រដ្ឋាភិបាល​យោធា​បាន​ប្រើ​ច្បាប់​ប្រឆាំង​នឹង​ការ​បះបោរ និង​ច្បាប់​បរិហារកេរ្តិ៍​ផង​ដែរ។

អ្នកស្រី​បាន​ថ្លែង​ដូច្នេះ​ថា៖ «ពួកគេ​ព្យាយាម​បង្ហាញ​ឲ្យ​ឃើញ​ថា ពួកគេ​ផ្លាស់ប្ដូរ​ពី​រដ្ឋាភិបាល​យោធា​ទៅ​ជា​រដ្ឋាភិបាល​ប្រជាធិបតេយ្យ ដោយ​ការ​ឈប់​ប្រើ​ច្បាប់​ទាំង​នោះ ដែល​ត្រូវ​បាន​ស្នើ​ឲ្យ​លុប​ចោល​ដោយ​សហគមន៍​អន្តរជាតិ»។

អ្នកស្រី​បាន​បន្ត​ថា ជា​ការពិត «ស្ថានការណ៍​កាន់តែ​យ៉ាប់យ៉ឺន​ឡើង»។ អ្នកស្រី​បន្ថែម​ថា ប្រទេស​ថៃ​ឥឡូវ​នេះ​ឈាន​ដល់​ដំណាក់កាល​នៃ​ការ​ដឹកនាំ​ផ្ដាច់ការ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អ្នកស្រី Narumon Pinyosinwat បាន​បដិសេធ​ការ​អះអាង​ដែល​ថា ប្រទេស​ថៃ​បរាជ័យ​នៅ​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ពេល​ដែល​គេ​សួរ​អ្នកស្រី​ដូច្នេះ។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «លទ្ធិ​ប្រជាធិបតេយ្យ​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ដំណើរការ​ពេញលេញ ដូច្នេះ​ខ្ញុំ​គ្មាន​យោបល់​ណា​មួយ​អំពី​អ្វី​ដែល​អ្នក​ទើបតែ​បាន​សួរ​នោះ​ទេ ដោយសារតែ​វា​មិន​ពិត»។

អ្នកស្រី Narumon ក៏​បាន​ច្រានចោល​ផង​ដែរ​នូវ​ការ​អះអាង​ដែល​ថា គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​កែប្រែ​លក្ខខណ្ឌ​សម្រាប់​ការ​បែងចែក​អាសនៈ​រដ្ឋសភា បន្ទាប់ពី​លទ្ធផល​បោះ​ឆ្នោត​ត្រូវ​បាន​ប្រកាស។

មុន​ពេល​អ្នកស្រី​ដាក់​ទូរស័ព្ទ​ចុះ អ្នកស្រី​បាន​បដិសេធ​មិន​ឆ្លើយតប​ទៅ​នឹង​សំណួរ​អំពី​ច្បាប់​សន្តិសុខ​អ៊ីនធឺណិត ឬ​ក៏​សំណួរ​អំពី​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ។

កន្លង​មក អាជ្ញាធរ​ថៃ​បាន​បដិសេធ​ថា ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​នេះ​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ និង​បាន​បញ្ជាក់​ថា ពួកគេ​ត្រូវការ​ច្បាប់​សន្តិសុខ​អ៊ីនធឺណិត និង​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​នេះ ដើម្បី​ចាប់​ជន​ឧក្រិដ្ឋ​ពិត​ប្រាកដ។ អាជ្ញាធរ​ថៃ​ក៏​បាន​បដិសេធ​ផង​ដែរ​ថា ពួកគេ​មិន​ដឹង​អំពី​ការ​បាត់​ខ្លួន​របស់​អ្នក​ប្រឆាំង​នោះ​ទេ និង​បាន​បញ្ជាក់​ថា ការ​វាយ​ប្រហារ​លើ​សកម្មជន​ប្រជាធិបតេយ្យ​ទាំង​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG