ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ជំរុញ​ឲ្យ​តួកគី​បន្ត​ផ្សះផ្សា​បញ្ចប់​ជម្លោះ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​តាមរយៈ​ការចរចា


លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ជួបពិភាក្សា​ជាមួយ​លោក Numan Kurtulmuş ប្រធាន​រដ្ឋសភា​តួកគី នៅព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅ​វិមាន​រដ្ឋសភា ក្នុង​ទីក្រុង​អង់ការ៉ា។ (Facebook / Samdech Hun Sen of Cambodia)
លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ជួបពិភាក្សា​ជាមួយ​លោក Numan Kurtulmuş ប្រធាន​រដ្ឋសភា​តួកគី នៅព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅ​វិមាន​រដ្ឋសភា ក្នុង​ទីក្រុង​អង់ការ៉ា។ (Facebook / Samdech Hun Sen of Cambodia)

ប្រធាន​ព្រឹទ្ធ​សភាកម្ពុជាលោក​ ហ៊ុន សែន​ បាន​ជំរុញ​ឲ្យ​តួកគី​បន្ត​ផ្សះផ្សា​ដើម្បី​បញ្ចប់​ជម្លោះរវាង​រុស្ស៊ីនិង​អ៊ុយ​ក្រែន ដោយ«​មធ្យោបាយ​ចរចា​» នៅ​ក្នុង​ជំនួប​ជា​មួយ​ប្រធាន​រដ្ឋ​សភា​តួកគី​ លោក នូម៉ាន គូទល​មុស​ (Numan Kurtulmus) នៅ​ទីក្រុង​អង់ការ៉ា នា​អំឡុងដំណើរ​ទស្សនកិច្ច​របស់​លោកទៅ​កាន់​ប្រទេស​តួកគី​។

ជំនួប​ក្នុង​អំឡុងទស្សនកិច្ច​នេះ​ ធ្វើ​ឡើង​ចំពេល​នៃ​ខួប ៦៥ ឆ្នាំ​នៃ​ទំនាក់ទំនង​ការ​ទូត​រវាងប្រទេស​ទាំង​ពីរ​ ជា​ពេល​ដែលតួកគី​និង​កម្ពុជាបាន​ដាក់​ស្ថានទូតក្នុង​ប្រទេស​ទាំងពីរទៅ​វិញ​ទៅ​មក​។

ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១២ ខែធ្នូ​ លោក ហ៊ុន សែន បាន​សម្តែង​ការ​ពេញ​ចិត្ត​ចំពោះ​តួនាទី​របស់​តួកគី នៅក្នុង​ការ​ចូលរួមស្វែង​រកដំណោះ​ស្រាយ​ជា​អន្តរជាតិ​។ លោក​ក៏​សង្ឃឹម​ថា ​តួកគី​នឹងបន្ត​ផ្សះផ្សា​បញ្ហា​ទាំង​នោះ​ ដើម្បី​ឈាន​ដល់​បញ្ចប់​សង្រ្គាមរវាង​រុស្ស៊ី និងអ៊ុយក្រែន​ ដោយលើក​ឡើងថា បញ្ហា​ប្រដាប់​អាវុធ​មិន​អាច​យក​សង្គ្រាម​ទៅ​បញ្ចប់​បាន​ទេ​ គឺ​មាន​តែ​ការ​ចរចា​ប៉ុណ្ណោះ​ ដែល​ជា​ជម្រើស​នយោបាយ​សម​ស្រប​មួយដើម្បី​ឈាន​ដល់​ការ​បញ្ចប់​សង្គ្រាម​បាន​។

លោក​ថ្លែងថា៖ «ខ្ញុំ​ពិត​ជា​មាន​ការ​ពេញចិត្ត​ជា​មួយ​តួនាទី​របស់​តួកគី​ នៅ​ក្នុង​ដំណោះស្រាយ​ជា​អន្តរ​ជាតិ​។ ហើយ​ចាប់​តាំង​ពី​គ្រា​ដំបូង​នៃ​ការ​ចាប់​ផ្តើម​ជម្លោះ​រុស្ស៊ី​-អ៊ុយក្រែន តួកគី​បាន​ដើរ​តួនាទី​នេះ​ ខ្ញុំ​សង្ឃឹម​ថា ​តួកគី​នឹង​បន្តដើរ​តួនាទី​នេះ​តទៅទៀត​ ដើម្បី​ឈាន​ដល់​ការ​បញ្ចប់​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ដោយ​មធ្យោបាយ​ចរចា​»។

លោក​ ហ៊ុន សែន ដែល​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភាកម្ពុជា​បានរយៈពេល​ ៩ ខែ​ បាន​បញ្ជាក់ទៀតថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​តួកគី​នេះ​ ក៏​ផ្តោតសំខាន់​លើ​ការ​បន្ត​ពង្រីក​ទំនាក់ទំនង​រវាង​កម្ពុជា​និង​តួកគី​លើ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ផង​ដែរ។

លោក​ថ្លែងថា៖ ​«នៅ​ក្នុង​កាលៈទេសៈ​នេះ​ អ្វី​ដែល​ជា​ស្នូល​នៃ​ទំនាក់ទំនង​ ខ្ញុំ​សុំ​លើក​មក​បង្ហាញ​នោះ​ គឺ​ការ​ពង្រីក​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ដែល​គួរតែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ការងារ​នេះឲ្យ​សម្រេច​គោលដៅ​ បើ​ទោះ​បី​ថា​យើង​កើនឡើង​បន្តិចម្តងៗ»។

លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ផងដែរ​ថា ​ដំណើរទស្សនកិច្ច​របស់​លោក​ទៅកាន់​ទីក្រុង​អង់ការ៉ា​នៃ​ប្រទេស​តួកគីនេះ​ ក៏​ដើម្បី​សុំ​រៀន​សូត្រ​ពីប្រធាន​ព្រឹទ្ធសភា​តួកគី បន្ទាប់​ពី​លោក នូម៉ាន គូទល​មុស បាន​ធ្វើជា​ប្រធាន​ព្រឹទ្ធសភា​កាល​ពីខែ​មេសា ក្រោយ​ពី​ធ្វើ​បាន​បំពេញ​តួនាទី​ជា​ឧបនាយករដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និងជា​នាយករដ្ឋមន្ត្រី​ ក្នុងរយៈពេល​ ៤៥ ឆ្នាំ​កន្លង​មក​នេះ​។

ជាមួយគ្នានោះដែរ ប្រធានរដ្ឋសភាតួក​គីលើកឡើងថា តួក​គីនឹងបន្តកសាងសហប្រតិបត្តិការថ្មីៗទៀត​ជា​មួយ​កម្ពុជា។ កាលពី​កន្លងទៅ តួកគីបានបើកមជ្ឈមណ្ឌលវប្បធម៌នៅទីក្រុងភ្នំពេញ តាមរយៈ​ការ​សហ​ការ​ជាមួយ​ទី​ភ្នាក់​ងារជំនួយ​អភិវឌ្ឍន៍​តួកគី (TIKA) ដែល​បានចុះហត្ថលេខាលើ​វិស័យអប់រំសិក្សាធិការ។ ​បច្ចុប្បន្ននេះ និស្សិត​កម្ពុជាចំនួន​ ២៥ នាក់ ​កំពុងសិក្សានៅ​ប្រទេស​តួកគី​។

រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២២ ហើយ​សង្គ្រាម​នៅតែបន្ត​រហូត​មក​ទល់​ពេល​បច្ចុប្បន្ននេះ។ នៅ​ខែ​សីហា ឆ្នាំ ២០២៤ ​នេះ​កងទ័ព​អ៊ុយក្រែន​បាន​ប្រយុទ្ធ​ចូល​ក្នុង​តំបន់ Kursk ព្រំដែន​នៃ​ប្រទេស​រុស្ស៊ី​ ជា​ទីកន្លែង​ដែល​ពួកគេ​បន្ត​កាន់កាប់​ទឹក​ដី​នោះ។

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល លោក ​គិន ភា​ យល់​ឃើញ​ថា​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ជាក់​ស្តែង​នៅចុងបញ្ចប់​នៃ​ជម្លោះ​ប្រដាប់អាវុធ ដែល​ត្រូវ​តែបញ្ចប់​ដោយ​មធ្យោបាយ​នៃ​ការ​ចរចា។

លោក​ថា ​ប្រទេស​រុស្ស៊ីនិង​អ៊ុយក្រែនក៏​ត្រូវស្វែងយល់​ពី​ទុក្ខ​កង្វល់​រវាង​គ្នា​នឹង​គ្នាជា​រួម​មួយ និង​ត្រូវចូល​រួម​គោរព​តាម​គោល​ការណ៍​ច្បាប់​អន្តរជាតិ​ និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ផង​ដែរ ​ដើម្បី​អាច​រួម​រស់​ជា​មួយ​គ្នា​បាន​។

លោក​ គិន ភា ថ្លែងថា៖ «បើសិន​ជា​យើង​ពិនិត្យ​មើល​ពីតួនាទី​របស់​តួកគី​ អាច​និយាយ​បាន​ថា​ជា​ប្រទេស​ដែល​មាន​សក្តានុពល​ទឹកមាត់​ប្រៃ​គួរសម​ដែរ​ នៅ​ក្នុង​ការ​សម្របសម្រួល​ជម្លោះ​រវាង​រស្ស៊ី និង​អ៊ុយ​ក្រែន​។ ត្បិត​យើង​ឃើញ​តួកគី​មាន​ជំហរ​អព្យាក្រឹត​គួរសម​ អាច​ថា​ជា​ប្រទេស​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​នឹង​រស្ស៊ី ​ហើយ​ជា​ប្រទេស​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​អ៊ុយក្រែន​ដែរ​»។

​លោក ​គិន ភា ​យល់​ថា ទំនាក់​ទំនងពាណិជ្ជម្ម​រវាង​កម្ពុជា​និង​តួកគីមាន​ភាព​ល្អ​ប្រសើរគួរសម។ ក៏​ប៉ុន្តែ​លោក​ថា​ ​ការវិនិយោគ​នៅ​មិន​ទាន់​មាន​ទំហំ​ធំ​គួរឲ្យ​កត់​សម្គាល់​នៅ​ឡើយ​ទេ​។ ​លោក​ជំរុញ​ឲ្យប្រទេស​ទាំង​ពីរ​បង្កើន​កិច្ចការ​សហការ​គ្នា​បន្ថែម​ទៀត​។
ប្រធាន​វេទិកា​អនាគត​ (Future Forum) លោក​ អ៊ូ វីរៈ ​ប្រាប់​វីអូអេថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន គឺ​ជា​រឿង​មួយ​ដែល​គួរ​ត្រូវ​បាន​ស្វាមគន៍​ តែ​លោកមិន​រំពឹងថា​កម្ពុជា​អាច​មាន​ឥទ្ធិពលច្រើននៅ​ក្នុងការ​បញ្ចប់ជម្លោះ​នោះ​ឡើយ​។

លោក​ថ្លែងថា៖ «តាម​ការវិភាគ​ ខ្ញុំ​មិន​រំពឹងថា​ កម្ពុជាមាន​ឥទ្ធិពល​អ្វី​ទាំងអស់​រឿង​ជម្លោះ​នៅ​ក្នុង​ជម្លោះ​ធំៗ​ទាំងឡាយ [...] កម្ពុជា​នៅ​តែ​មាន​សិទ្ធិ​ និង​កាតព្វកិច្ច​ក្នុង​ការ​លើក​ឡើង​ដើម្បី​ស្វែង​រក​សន្តិភាព​ ជា​ពិសេស​យុត្តិធម៌​សម្រាប់​ប្រទេស​តូចៗ​ផង​ដែរ​ ពិសេស​ប្រទេស​អ៊ុយក្រែន​ ដែល​ត្រូវ​បាន​រស្ស៊ី​ឈ្លាន​ពាន។ ​អ៊ីចឹង​ការ​លើក​ឡើង​ គឺ​ជា​រឿង​មួយ​យើង​ស្វាគមន៍​ ហើយ​ខ្ញុំ​គិត​ថា ​ពិភព​លោក​ក៏​ស្វាគមន៍​ដែរ​ ប៉ុន្តែ​បើ​និយាយ​រឿង​ឥទ្ធិពល​នយោបាយ ឥទ្ធិពលសេដ្ឋកិច្ច ឥទ្ធិពល​យោធា​ យើង​អត់​មាន​ទេ នៅ​ពេល​បច្ចុប្បន្ន​នេះ​»។

លោក​ក៏​កត់​សម្គាល់​ផងដែរ​ថា ​កម្ពុជា​មិនទាន់ទទួល​បាន​ទំនាក់ទំនង​ដែល​ជា​ផល​ប្រយោជន៍រួមច្រើនអ្វី​ទេ​ពី​តួកគី​ ក្រៅ​ពី​ទំនាក់ទំនង​ល្អ​ផ្នែក​ការទូត​។

លោក​ប្រាប់​វីអូអេថា៖ «ទំនាក់ទំនង​តួកគី​ និង​កម្ពុជា​ ខ្ញុំ​មើល​ទៅ​មាន​ទំនាក់ទំនង​តិច​តួច​បំផុត​មិន​មាន​អី​ធំដុំ​ទេ។ ទំនាក់ទំនង​ប្រទេស​ដែ​ល​អត់​សូវ​មាន​ផល​ប្រយោជន៍​រួម​ធំ​ដុំ​គួរ​តែ​មាន​ភាព​ល្អូកល្អើន​ការ​ទូត​។ ដោយ​សារ​យើង​អត់​មាន​ផល​ប្រយោជន៍​រួម ​មិន​អាច​ឈាន​ដល់​ជម្លោះ​ដែរ​។ ប៉ុន្តែ​មិន​មាន​អី​ធំដុំ​លើស​ពី​ហ្នឹងទេសម្រាប់​ខ្ញុំ ដោយសារ​យើង​មិន​មែន​តួអង្គធំ​ក្នុង​ឆាក​អន្តរជាតិ​»។

គួរ​បញ្ជាក់​ថា​ ទំហំ​នៃ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្មរវាងប្រទេស​ទាំង​ពីរ សម្រេច​បានប្រមាណ​ ៣៥០ លាន​ដុល្លារ នៅ​ឆ្នាំ ២០២៤ លើ​ផែន​ការ​សម្រេច​ឲ្យបាន ១​ពាន់​លាន​ដុល្លារ​។ នេះបើយោងតាម​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG