ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯក​អគ្គរដ្ឋ​ទូត​តួកគី​នៅ​កម្ពុជា​បន្តចោទ​គ្រឹះស្ថាន​អប់រំ​ ​Zaman​ ​ថា​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ភេរវកម្ម ​FETO


លោក​ ​Ilhan Kemal Tug ​ឯក​អគ្គ​រដ្ឋទូត​សាធារណរដ្ឋ​តួកគី​ប្រចាំ​នៅ​កម្ពុជា កាលពីថ្ងៃ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៧ ​ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​រាជធានីភ្នំពេញ ស្តីពី​រដ្ឋប្រហារ​យោធា​ដែល​មិន​ជោគជ័យ​នៅ​ប្រទេស​តួកគី​ កាលពី​ឆ្នាំមុន។ (ហ៊ុល រស្មី​/VOA)
លោក​ ​Ilhan Kemal Tug ​ឯក​អគ្គ​រដ្ឋទូត​សាធារណរដ្ឋ​តួកគី​ប្រចាំ​នៅ​កម្ពុជា កាលពីថ្ងៃ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៧ ​ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​រាជធានីភ្នំពេញ ស្តីពី​រដ្ឋប្រហារ​យោធា​ដែល​មិន​ជោគជ័យ​នៅ​ប្រទេស​តួកគី​ កាលពី​ឆ្នាំមុន។ (ហ៊ុល រស្មី​/VOA)

លោក​ អីលហាន​ កេមាល់​ ថឹក​ (Ilhan Kemal Tug) ​ឯក​អគ្គ​រដ្ឋទូត​សាធារណរដ្ឋ​តួកគី​ប្រចាំ​កម្ពុជា​ ​នៅ​ថ្ងៃ​ស្រុក​នេះ​ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មាន​«ការ​ប្រយ័ត្នប្រយែង»​ចំពោះ​សកម្មភាព​របស់​អង្គការ​ភេរវកម្ម​ Futhullah Gulen Terrorist Organization ​ហៅ​កាត់ថា​ ​FETO ​ក្រោយ​ពី​អង្គការ​នេះ​បរាជ័យ​ក្នុង​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ឆ្នាំមុន​នៅ​ក្នុង​ប្រទេស​តួកគី។​

​ក្នុង​សន្និសីទ​ព័ត៌មាន​ដែល​រៀបចំ​ក្នុង​ស្ថាន​ទូត​តួកគី​ប្រចាំ​កម្ពុជា​ស្តីពី​ខួប​មួយឆ្នាំ​នៃ​រដ្ឋ​ប្រហារ​មិន​ជោគជ័យ​នៅ​ប្រទេស​តួកគី​ ​លោក​ឯក​អគ្គរដ្ឋទូត ​អីលហាន​ កេមាល់​ថឹក​ បាន​បញ្ជាក់​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ បណ្តាញ​របស់​អង្គការ​ភេរវកម្ម​ FETO ​កំពុង​ធ្វើ​សកម្មភាព​ក្នុង​រូបភាព​ផ្សេងៗ​នៅក្នុង​ប្រទេស​ជាង​១៥០​ នៅ​ទូទាំង​ពិភពលោក​ ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។​ ​លោក​និយាយ​ថា ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​សកម្មភាព​របស់​បណ្តាញ​ភេរវកម្ម​នេះ។​

លោក​ឯក​អគ្គរដ្ឋទូត​ អីលហាន​ កេមាល់​ថឹក​ ​ថ្លែង​យ៉ាង​ដូច្នេះ៖​

«FETO ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ជាង​១៥០​ ​នៅ​ជុំវិញ​ពិភពលោក​ ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា។ ​អ្វីដែល​បាន​កើត​ឡើង​នៅ​ប្រទេស​តួកគី​ កាលពី​មួយ​ឆ្នាំ​កន្លង​ទៅ​ គឺ​ជា​ការ​ក្រើន​រំឭក​អំពី​អ្វី​ដែល​អង្គការ​នេះ​អាច​នឹង​មាន​លទ្ធភាព​ធ្វើ​អ្វី​បាន ​នៅ​ប្រទេស​ផ្សេងៗ​ទៀត។​ ហេតុ​ដូច្នោះ​ យើង​ត្រូវ​តែ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​ពួក​គេ»។​

លោក​ អីលហាន​ កេមាល់​ថឹក នៅ​តែបន្ត​ចោទ​ប្រកាន់​គ្រឹះស្ថាន​អប់រំ​ Zaman ​ថា​ មាន​ទំនាក់​ទំនង​ជាមួយ​អង្គការ​ភេរវកម្ម​ FETO ​ដោយ​អះអាង​ថា​ លោក​បាន​ផ្តល់​អាទិភាព​លើគំនិត​ផ្តួច​ផ្តើម​របស់​លោក​ ឲ្យ​បិទ​គ្រឹះស្ថាន​អប់រំ​ Zaman​ នេះ​តែម្តង។​ ​តែ​ដោយ​សារ​បញ្ហា​នេះ​ជា​បញ្ហា​រស៊ើប​នៅ​កម្ពុជា​ លោក​ថា​ រដ្ឋាភិបាល​តួកគី​កំពុង​រិះរក​មធ្យោបាយ​ឈាន​ទៅ​កាន់​កាប់​ក្បាល​ម៉ាស៊ីន​គ្រប់គ្រង​របស់​គ្រឹះ​ស្ថាន​អប់រំ ​Zaman ​នេះ។​

«ដូច្នេះ​ យើង​កំពុង​ព្យាយាម​ស្វែង​រក​ជម្រើស​ផ្សេង​ទៀត​ ឧទាហរណ៍​ដូចជា​ការ​ឈាន​ទៅ​កាន់​កាប់​ការ​គ្រប់​គ្រង​សាលា»។​

ក្នុង​ឆ្នាំ​២០១៦ លោក​ អីលហាន​ កេមាល់​ថឹក​ បាន​បើក​យុទ្ធនាការ​ការទូត​ ដោយ​បាន​ជួប​ជាមួយ​លោក ​ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ពិភាក្សា​លើស្នើ​សុំ​បិទ​គ្រឹះស្ថាន​នេះ។​ ជំនួប​នោះ​មិន​ផ្តល់​ផ្លែផ្កាអ្វី​នោះ​ទេ។ នាឆ្នាំ​ដដែល​នោះ​ ក្រុម​ហ៊ុន​ Zaman​ ដែល​កំពុង​ប្រតិបតិ្តការ​គ្រឹះស្ថាន​អប់រំ​ Zaman​ នៅ​កម្ពុជា​ ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ ដោយ​បាន​លើក​ឡើង​ថា ​ស្ថាបនិក​សាលា​ Zaman បាន​ផ្ដើម​ស្ថាបនា​សាលា​នេះ​ដោយ​ផ្អែក​លើ​ស្មារតី​ និង​ទស្សនៈ​វិស័យ​របស់​លោក​ Fethullah Gulen ​ដែល​លោក​ឯកអគ្គរដ្ឋទូត​តួកគី​នៅ​កម្ពុជា​ អះអាង​ថា​ ជា​មេដឹកនាំ​អង្គការ​ FETO។​

រូបឯកសារ៖ អគារ​សាលា​បឋមសិក្សា​ចំណេះ​ទូទៅ​សាលាហ្សាម៉ាន់​អន្តរជាតិសាខា​ទួលគោករៀបចំ​សំភារៈសិក្សា​សម្រាប់​បវេសនកាល​ថ្មី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​សីហា​ ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)
រូបឯកសារ៖ អគារ​សាលា​បឋមសិក្សា​ចំណេះ​ទូទៅ​សាលាហ្សាម៉ាន់​អន្តរជាតិសាខា​ទួលគោករៀបចំ​សំភារៈសិក្សា​សម្រាប់​បវេសនកាល​ថ្មី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​សីហា​ ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)

ក្នុង​សេចក្តី​ថ្លែង​ការណ៍​នាគ្រា​នោះ​ ​ក្រុមហ៊ុន​ Zaman ​បាន​អះអាង​ថា ​លោក​ Gulen ​មិន​ដែល​ផ្ដល់​ការ​សម្រេច​ចិត្ត​ណាមួយ​ក្នុង​ការ​បង្កើត ​ឬ​ដំណើរ​ការ​របស់​សាលា​នោះ​ឡើយ។​ នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ ​ក្រុម​ហ៊ុន​ Zaman​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក អីលហាន​ កេមាល់​ថឹក ​ផង​ដែរ។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ជុំ​ សុន្ទរី​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ តែ​មិន​អាច​ទាក់​ទង​បាន​នៅ​ថ្ងៃ​សុក្រ​នេះ។​

លោក​នាយឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ មាន​ប្រសាសន៍​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ចាត់​វិធានការ​ច្បាប់​ប្រឆាំង​នឹង​គ្រឹះស្ថាន​អប់រំ​ Zaman​ ប្រសិន​បើស្ថាទូត​តួកគី​ផ្តល់​ភស្តុតាង​គ្រប់គ្រាន់​ ​គាំទ្រ​ការ​ចោទ​ប្រកាន់​របស់​ខ្លួន។​ ​លោក​នាយឧត្តម​សេនីយ៍​រូប​នេះ​បញ្ជាក់​ថា ​អាជ្ញាធរ​កម្ពុជា​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជា​ដុំកំភួន​ ដែល​បញ្ជាក់​បាន​ថា ​គ្រឹះស្ថាន​អប់រំ​ Zaman​ ជា​បណ្តាញ​របស់​ក្រុម​ភេរវករ​ទេ។​

លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃថ្លែង​ថា៖​

«ការ​ចោទ​ប្រកាន់​អីចឹង​ វា​ពិបាក​នឹង​ធ្វើ​ដែរ​ ព្រោះ​វាអត់​មាន​ភស្តុតាង​ផ្តល់​ឲ្យ​ច្បាប់។​ យើង​មិនគាំ​ទ្រ​ទេ​ បើ​សិន​បើ​មាន​កិច្ចការងារ​ហ្នឹង​មែន។​ សុំ​ឲ្យ​ផ្តល់​ភស្តុតាង​ឲ្យច្បាស់​លាស់»។​

រដ្ឋ​ប្រហារ​យោធា​ដែល​មិន​បាន​ជោគជ័យ​នៅ​ប្រទេសតួគី​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៥​ ខែ​កក្កដាឆ្នាំ​២០១៦​ នៅ​កណ្តាល​រដ្ឋធានី​ Angkara ​និង​ទីក្រុង ​Istanbul ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ ទេសចរណ៍​ វប្បធម៌​ និង​ទីកន្លែង​ប្រវត្តិសាស្ត្រក្នុង​ប្រទេស​តួកគី។​

នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ប្រតិបតិ្តការ​ដោយ​រដ្ឋ​អំណាច​ប្រទេស​តួកគី​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​នេះ​ មាន​មនុស្ស​ច្រើន​ជាង​៦.០០០​នាក់​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ និង​អ្នក​រៀប​គម្រោង​ធ្វើ​ប្រហារ​១០០​នាក់​ទៀត​បាន​បាត់​បង់​ជីវិត។ ​មាន​ប្រជា​ពលរដ្ឋ​១៩០​នាក់​ក៏​បាន​ស្លាប់​ ហើយ​និង​ប្រជា​ពលរដ្ឋ​១.៤០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស។ ​នេះ​បើយោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​នៃ​សាធារណ​រដ្ឋ​តួកគី។​

លោក​ ដេត សុខឧត្តម​ ​សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ​ Zaman ​កម្ពុជា​ ថ្លែង​ប្រាប់​ VOA ​នា​ថ្ងៃ​សុក្រ​នេះ​ថា​ ​លោក​ឯកអគ្គរដ្ឋ​ទូត​តួកគី​ គួរ​តែ​ទម្លាក់​ការ​ចោទ​ប្រកាន់​ ដែល​គ្មាន​មូលដ្ឋាន​របស់​លោក​ មក​លើ​គ្រឹះ​ស្ថាន​អប់រំ Zaman​ នេះ​បន្ត​ទៀត។​ ​លោក​ថា​ ការ​ចោទ​ប្រកាន់​ថា​ គ្រឹះស្ថាន​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​ភេរវកម្ម​អាច​បង្ក​ក្តី​បារម្ភ​ដល់​សិស្ស​ដែល​កំពុង​សិក្សា​ និង​ឪពុក​ម្តាយ​របស់​សិស្ស​ដែល​បាន​បញ្ជូន​កូន​មក​រៀនសូត្រ​នៅ​គ្រឹះស្ថាន​អប់រំ​នេះ។​

«ដោយសារ​លើក​នេះ​ វាជា​ការ​លើក​ឡើង​ដដែល​ថ្មី​ ខ្ញុំ​មិន​គិត​ថា​ វា​ប៉ះពាល់​អីខ្លាំង​ទេ។ ​ប៉ុន្តែ​ទន្ទឹម​ហ្នឹង​នឹង​ គឺ​យើង​លើក​ទឹកចិត្ត​ឲ្យ​លោក​ឯក​អគ្គរដ្ឋ​ទូតគាត់​ទម្លាក់​ការ​ចោទ​ប្រកាន់​ ដែល​អត់​មាន​មូលដ្ឋាន។​ វា​ជា​រឿង​ធ្វើ​ឡើង​មួយ​ឆ្នាំ​ហើយ។​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​សាលា​យើង​ ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ព្រួយ​ពី​សំណាក់​អាណាព្យាបាល ក៏ដូច​ជា​និស្សិត​ និង​បុគ្គលិក​ ជាង​២០០០​នាក់​ពេល​ឆ្នាំ​មុន»។​

លោក​ ដេត សុខឧត្តម ​សុំមិន​ធ្វើ​ការ​អធិប្បាយ​ទាក់​ទិន​នឹង​ចំណាត់​ការ​ខាង​ផ្លូវច្បាប់​ ដែល​ក្រុម​ហ៊ុន​ Zaman​ អាច​នឹង​ពិចារណា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​ឯក​អគ្គ​រដ្ឋទូត​របស់​ប្រទេស​តួកគី​នៅ​កម្ពុជា​នេះ​ទេ។​

យ៉ាងណា​ក៏​ដោយ​ លោក​ អីលហាន​ កេមាល់​ថឹក​ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ រដ្ឋាភិបាល​តួកគី​ ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ Recep Tayyip Erdogan ​កំពុង​បន្តអង្កេត​រក​អ្នក​រៀប​គម្រោង​រដ្ឋ​ប្រហារ​យោធា​ដែល​មិន​បាន​ជោគជ័យ។​ លោក​បញ្ជាក់​បន្ថែម​ថា​ តុលាការ​ក៏​កំពុង​បន្ត​ស៊ើប​អង្កេត​ករណី​នានា​ ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​រដ្ឋ​ប្រហារ​យោធា​នោះ​ដែរ។​

លោក​ Fethullah Gulen​ គឺ​មេដឹកនាំ​ចលនា​សាសនា​ ដែល​គេ​សា្គល់​ថា​ Hizmet ​ឬ​ជាភាសា​អង់​គ្លេស​ហៅ​ថា​ «Service»​ ឬ​ «ការ​បម្រើ» ​ដែល​ជា​ម្ចាស់​មូលនិធិ​សមាគម​ អង្គភាព​ព័ត៌មាន​ជា​ច្រើន​ និង​សាលា​រៀន​នៅ​ប្រទេស​តួកគី​ និង​នៅ​បរទេស។​ ​នេះបើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​បណ្តាញ​ព័ត៌មាន​ Al Jazeera ​ដែល​បាន​ចេញ​ផ្សាយ​នា​ពេល​កន្លង​មក។​

លោក​ Gulen​ ក៏ត្រូវ​គេ​ដឹង​ថា​ ជា​បុគ្គល​មាន​ឥទ្ធិពល​ទី២​ក្នុង​ប្រទេស​តួកគី​ តែ​បាន​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក។​ លោក​ អីលហាន​ កេមាល់​ថឹក​ ឯកអគ្គ​រដ្ឋទូត​តួកគី​ប្រចាំ​កម្ពុជា​ បាន​ឲ្យដឹង​ថា​ លោក​ Gulen ​បាន​តាំងខ្លួន​លោក​ថា​ ជា​បព្វជិត​ម៉ូស្លីម​មួយ​រូប​នៅ​ប្រទេស​តួកគី​ ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG