គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃច័ន្ទនេះបានសម្រេចបញ្ជូនសេចក្តីស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលស្នើដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ទៅគណៈកម្មាធិការនីតិកម្ម ទោះជាមានភាពចម្រូងចម្រាសក៏ដោយ។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើសេចក្តីស្នើនេះ ក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានប្រឆាំង ហើយស្នើឲ្យរដ្ឋសភាពន្យារពេលរហូតដល់មានការចូលរួមពិភាក្សាពីភាគីពាក់ព័ន្ធ។
សេចក្តីព្រាងសេចក្តីស្នើច្បាប់នេះត្រូវបានតំណាងរាស្រ្តគណបក្សកាន់អំណាចចំនួន៦០រូបស្នើទៅរដ្ឋសភាកាលពីថ្ងៃសុក្រនេះ ហើយត្រូវបានរដ្ឋសភាសម្រេចបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ឲ្យបើកកិច្ចប្រជុំភ្លាមៗ ដោយមិនមានការចូលរួមពិគ្រោះយោបល់ពីគណបក្សនយោបាយជាង៤០ផ្សេងទៀតនោះទេ។
ការធ្វើ និងការបញ្ជូនសេចក្តីព្រាងសេចក្តីស្នើច្បាប់ទៅរដ្ឋសភាដើម្បីកោះប្រជុំភ្លាមៗនេះធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីដើមខែកុម្ភៈ បានបញ្ជាឲ្យអ្នកក្រោមឱវាទរបស់លោកសរសេរសំណើធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ។ លោកហ៊ុន សែនបានបញ្ជាឲ្យកំណត់ថា ប្រធាន ឬអនុប្រធានគណបក្សត្រូវតែជាជនគ្មានទោសពៃរ៍ ហើយគណបក្សនឹងត្រូវរំលាយចោល ប្រសិនបើមេដឹកនាំបក្សណាមួយប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។
លោកយ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចេញពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នោះថា គណបក្សសង្គ្រោះជាតិមិនគាំទ្រលើសេចក្តីស្នើច្បាប់នេះទេ។ លោកបន្តថា វិសោធនកម្មនេះពាក់ព័ន្ធនឹងគណបក្សនយោបាយជាច្រើនទៀត ដែលចាំបាច់ត្រូវតែមានវត្តមានក្នុងការជជែកពិភាក្សាអំពីសេចក្តីស្នើនេះ។
លោកបញ្ជាក់ថា៖ «រហូតដល់ពេលនេះ ភាគីពាក់ព័ន្ធពុំទាន់ត្រូវបានចូលរួមជជែកពិភាក្សាជាចំហ ហើយជាសាធារណៈទេ»។
លោកយ៉ែម បុញ្ញឫទ្ធិបានបន្ថែមថា ច្បាប់ស្តីពីការបោះឆ្នោតបានចែងថា ទណ្ឌិតមិនអាចឈរឈ្មោះជាអ្នកនយោបាយរួចទៅហើយ។ ដូច្នេះលោកថា មិនចាំបាច់មានការរឹតត្បិតសេរីភាពរបស់មេដឹកនាំគណបក្សដោយវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនោះទេ។
លោកឈាង វុន អ្នកនាំពាក្យតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា សភាពការណ៍នយោបាយនាពេលបច្ចុប្បន្នត្រូវការច្បាប់នេះជាបន្ទាន់ ដូច្នេះសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយមិនអាចត្រូវបានពន្យារពេលនោះទេ។ លោកបន្ថែមថា គណបក្សកាន់អំណាចមានសំឡេងគ្រប់គ្រាន់ក្នុងរដ្ឋសភាសម្រាប់ការធ្វើវិសោធនកម្មច្បាប់ណាមួយ ដោយមិនចាំបាច់មានភាគីពាក់ព័ន្ធផ្សេងចូលរួមពិភាក្សានោះទេ។
លោកមានប្រសាសន៍ថា៖
«គេធ្វើគណបក្សឈ្នះឆ្នោតគេធ្វើអីចឹង។ គេដឹងថា គេមានសំឡេងអាចអនុម័តច្បាប់បាន។ ហើយការណ៍ពិតរឿងថា គាត់ចង់មកខ្ទប់គណបក្សប្រជាជនកម្ពុជា ខ្ទប់មិនជាប់ទេ ព្រោះលទ្ធិប្រជាធិបតេយ្យបើកចំហឲ្យយើងបោះ៥០%បូកមួយ។ យើងមាន៦៨កៅអី។ យើងអាចធ្វើបានទៅតាមច្បាប់របស់យើង ជាពិសេសបទបញ្ជាផ្ទៃក្នុង ហើយនឹងរដ្ឋធម្មនុញ្ញ»។
លោកឈាង វុនបន្ថែមថា ការស្នើធ្វើវិសោធនកម្មស្តីពីគណបក្សនយោបាយនេះមិនមែនដើម្បីដាក់សម្ពាធទៅលើគណបក្សសង្គ្រោះជាតិ ឬគណបក្សណាមួយនោះឡើយ។
ច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានអនុម័តឲ្យប្រើប្រាស់កាលពីឆ្នាំ១៩៩៧នោះ មាន១១ជំពូក និង៤៨មាត្រា។ តំណាងរាស្រ្តគណបក្សកាន់អំណាចបានស្នើឲ្យធ្វើវិសោធនកម្មច្បាប់នេះ ដោយស្នើឲ្យកែមាត្រាចំនួន២៣មាត្រា ហើយបន្ថែមមាត្រាចំនួន៥ទៀត។
កម្ពុជាមានគណបក្សនយោបាយចំនួនជាង៧០គណបក្ស ក្នុងនោះគណបក្សដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃមានចំនួនជាង៤០។
លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានប្រាប់ VOA ថា ការណ៍ដែលគណបក្សកាន់អំណាចកែប្រែ ឬអនុម័តច្បាប់ណាមួយតាមតែការបញ្ជា ឬការចង់បានរបស់អ្នកកាន់អំណាចនោះ នឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «ច្បាប់នេះគឺវាអត់ឆ្លើយតបទៅហ្នឹងការចាំបាច់របស់សង្គមខ្មែរបច្ចុប្បន្នទេ ហើយខ្ញុំអត់គាំទ្រទេ។ ច្បាប់នេះគឺធ្វើឡើង បើសិនជារដ្ឋសភាហ្នឹងនាំគ្នាបញ្ជូនទៅឲ្យសភាពេញអង្គអនុម័តគឺមានន័យថា ច្បាប់នេះបានរំលោភទៅសិទ្ធិនយោបាយរបស់ពលរដ្ឋខ្មែរនៅប្រទេសខ្មែរពេញទីតែម្តង»។
លោកសួន សេរីរដ្ឋាបន្ថែមថា លោកចង់ឲ្យមានតំណាងពីស្ថាប័នពាក់ព័ន្ធ ជាពិសេសគណបក្សនយោបាយ និងប្រជាពលរដ្ឋ ចូលរួមពិភាក្សា និងផ្តល់យោបល់ក្នុងការបង្កើត ឬការកែប្រែច្បាប់ណាមួយដើម្បីឲ្យច្បាប់នោះអាចបម្រើផលប្រយោជន៍ជាទូទៅសម្រាប់ជាតិ។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយយល់ថា ការបញ្ជារបស់លោកនាយករដ្ឋមន្រ្តីឲ្យធ្វើវិសោធនកម្មច្បាប់ដែលមានគោលដៅបំបិទសិទ្ធិសេរីភាពរបស់មេដឹកនាំគណបក្សប្រឆាំងនោះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងដំណើរការនៃការបោះឆ្នោតក្នុងពេលខាងមុខ។
ក្រោយបញ្ចប់កិច្ចប្រជុំនាព្រឹកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រគល់ខ្លឹមសារនៃសេចក្តីស្នើច្បាប់នេះទៅគណៈកម្មការជំនាញទី៦ ដែលទទួលបន្ទុកផ្នែកនីតិកម្ម និងយុត្តិធម៌ ដើម្បីសិក្សាលម្អិតជាបន្ត៕