មនុស្ស២០នាក់ដែលជាប់ទាក់ទិននឹងការវាយប្រហារភេរវកម្មខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងប្រទេសបារាំង បានឡើងតុលាការនៅក្នុងទីក្រុងប៉ារីសកាលពីថ្ងៃពុធនៅក្នុងដំណើរការកាត់ទោសដែលត្រូវគេរំពឹងថា មានរយៈពេល៩ខែ។
ចុងចោទ៦នាក់ ត្រូវរងការចោទប្រកាន់ក្នុងការកាត់ទោសកំបាំងមុខមួយ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ចុងចោទ៥នាក់ក្នុងចំណោម៦នាក់ ត្រូវបានសន្និដ្ឋានថាបានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ឬស៊ីរី។
ពួកភេរវជនរដ្ឋអ៊ីស្លាម៩នាក់ ភាគច្រើនមកពីប្រទេសបារាំងនិងប៊ែលហ្ស៊ិក បានបន្សល់ទុកនូវក្តីរន្ធត់នៅក្នុងការវាយប្រហារជាច្រើនកន្លែងនៅឯពហុកីឡាដ្ឋានជាតិ រង្គសាលនិងភោជនីយដ្ឋានជាច្រើននិងនៅឯកន្លែងប្រគំដន្ត្រីនៅឯមហោស្រព Bataclan។ ការវាយប្រហារទាំងនោះបានសម្លាប់មនុស្សសរុបប្រមាណ១៣០នាក់ ដែលក្នុងនោះ៩០នាក់នៅក្នុងសាលប្រគំតន្ត្រីមួយ។ យ៉ាងហោចណាស់មានអ្នករងរបួសប្រមាណ៤៩០នាក់ នៅក្នុងការវាយប្រហារទាំងនោះ។
Salah Abdeslam ជាសមាជិកទី១០នៃក្រុមភេរវកម្មនិងជាអ្នកនៅរស់រានមានជីវិតតែម្នាក់គត់ ដែលត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ៤ខែបន្ទាប់ពីការវាយប្រហារថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០១៥។ ជននោះត្រូវបានចោទប្រកាន់ពីការជួយភេរវជនផ្សេងៗទៀត។
លោក Michael Dantinne ជាសាស្ត្រាចារ្យផ្នែកឧក្រិដ្ឋកម្មនៅឯសាកលវិទ្យាល័យ Liege បានប្រាប់ទូរទស្សន៍បារាំង២៤ថា «ការកាត់ទោសនេះជាជំហានដ៏មានសារៈសំខាន់មួយសម្រាប់ជនរងគ្រោះ សម្រាប់អ្នកដែលត្រូវបានរងរបួសនិងសម្រាប់អ្នកដែលបានបាត់បង់សមាជិករបស់ក្រុមគ្រួសារគេ»។
ការកាត់ទោសនោះនឹងត្រូវធ្វើឡើងនៅក្នុងតុលាការដែលបានសាង់សង់ពិសេសនៅក្នុងក្រុងប៉ារីសហើយត្រូវបានគេពណ៌នាថាជាជាការកាត់ទោសធំបង្អស់នៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់បារាំង៕
(ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP និង AFP)