កាលពី៤ឆ្នាំមុន មេដឹកនាំសហភាពអឺរ៉ុប បានស្តីបន្ទោសអតីតប្រធានាធិបតីអាមេរិកលោក Donald Trump លើផែនការរបស់លោក ក្នុងការសាងសង់ជញ្ជាំងព្រំដែនអាមេរិកជាមួយប្រទេសម៉ិកស៊ិកនៅភាគខាងត្បូង។ អ្នកស្រី Federica Mogherini អតីតប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបនៅពេលនោះ បានក្រើនរំឭកថា «យើងមានប្រវត្តិសាស្ត្រនិងប្រពៃណីដែលថាយើងអបអរសាទរនៅពេលដែលជញ្ជាំងត្រូវបានគេវាយរំលំ ហើយស្ពានត្រូវបានគេសាងសង់»។
ប៉ុន្តែនៅពេលនេះ សហភាពអឺរ៉ុបកំពុងបង្កើនល្បឿននូវផែនការសាងសង់ជញ្ជាំងព្រំដែនរបស់ខ្លួន ដោយបារម្ភពីវិបត្តិជនចំណាកស្រុកក្នុងពេលអនាគត។
ក្នុងពេលអនាគតឆាប់ៗខាងមុខនេះ រដ្ឋាភិបាលសហភាពអឺរ៉ុបមានការបារម្ភអំពីការហូរចូលនៃពលរដ្ឋអាហ្វហ្គានីស្ថាន ហើយសង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលប្រទេសជិតខាងអាហ្វហ្គានីស្ថានដើម្បីទទួលយកជនទាំងឡាយដែលបានរត់គេចចេញពីក្រុមតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR បានព្រមានថា ពលរដ្ឋអាហ្វហ្គានីស្ថានរហូតដល់កន្លះលាននាក់ អាចរត់គេចខ្លួនចេញពីប្រទេសរបស់គេ នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ។ មន្ត្រីសហភាពអឺរ៉ុបលើកឡើងថា គេកំពុងពិចារណាចំណាយទឹកប្រាក់ប្រមាណ១ពាន់លានយូរ៉ូ ដើម្បីបញ្ចុះបញ្ចូលឲ្យប្រទេសជិតខាងអាហ្វហ្គានីស្ថានទទួលយកអ្នករត់គេចខ្លួនទាំងនោះ។ ប៉ុន្តែប្រទេសប៉ាគីស្ថាន តាហ៊ី្សគីស្ថាន និងប្រទេសអ៊ូសបេគីស្ថាន ហាក់នៅមានភាពស្ទាក់ស្ទើរ ហើយព្រមានថា ពួកគេត្រៀមខ្លួនធ្វើជាប្រទេសសម្រាប់ការឆ្លងកាត់តែប៉ុណ្ណោះ ចំពោះពលរដ្ឋអាហ្វហ្គានីស្ថានដែលស្វែងរកសិទ្ធិជ្រកកោននោះ។
កាលពីថ្ងៃសៅរ៍កន្លងទៅ អធិការបតីប្រទេសអូទ្រីសលោកSebastian Kurz និយាយថា រលកជនភៀសខ្លួនមកកាន់តំបន់អឺរ៉ុប មិនត្រូវកើតមានឡើងនោះទេ។ ក្នុងពេលថ្មីៗនេះ ប្រធានាធិបតីបារាំង លោកEmmanuel Macron បាននិយាយថា សហភាពអឺរ៉ុបគួរតែ«រំពឹងនិងការពារខ្លួនឯងនូវរលកនៃជនចំណាកស្រុកមួយ»មកពីប្រទេសអាហ្វហ្គានីស្ថាន។
ការលើកឡើងនោះត្រូវបានបន្ទរដោយមេដឹកនាំជាតិក្នុងប្រទេសសហភាពអឺរ៉ុបផ្សេងៗទៀត ដែលមានបំណងបញ្ឈប់ជនភៀសខ្លួនអាហ្វហ្គានីស្ថានមិនឲ្យចូលទឹកដឹកសហភាពអឺរ៉ុប ក្នុងទ្រង់ទ្រាយធំ ដោយខ្លួនចង់បញ្ចៀសនូវអ្វីដែលកើតមានឡើងកាលពីឆ្នាំ២០១៥ និង២០១៦ ដែលកាលនោះមានជនសុំសិទ្ធិជ្រកកោនជាង១លាននាក់មកពីតំបន់មជ្ឈិមបូព៌ា តំបន់អនុសាហារ៉ាក្នុងទ្វីបអាហ្រ្វិក និងតំបន់អាស៊ីកណ្តាល បាននាំគ្នាសម្រុកចូលទៅក្នុងទ្វីបអឺរ៉ុប។
កាលពីសប្តាហ៍មុន ក្នុងកិច្ចប្រជុំបន្ទាន់មួយក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេស បានយល់ស្របគ្នាថា«នឹងសកម្មភាពរួមគ្នា ដើម្បីទប់ស្កាត់នូវចលនាជនចំណាកស្រុកក្នុងទ្រង់ទ្រាយធំ ដែលមិនអាចគ្រប់គ្រងបាន ដែលសហភាពអឺរ៉ុប ធ្លាប់ឆ្លងកាត់ក្នុងពេលកន្លងទៅ»៕