អ្នកវិទ្យាសាស្ត្រប្រហែលជាបានរកឃើញវិធីការពារការចម្លងជំងឺគ្រុនចាញ់ ដោយប្រើថ្នាំដែលទទួលបានពានរង្វាន់ណូបែល ដែលពីដំបូងឡើយថ្នាំនេះត្រូវបានផលិតឡើងដើម្បីព្យាបាលជំងឺបង្កឡើងដោយបរាសិត។ ថ្នាំនេះមានឈ្មោះថា Ivermectin ហើយនាពេលបច្ចុប្បន្ននេះ វាកំពុងត្រូវបានគេប្រើសាកល្បងនៅផ្នែកនានាក្នុងទ្វីបអាហ្រ្វិក។
ថ្នាំ Ivermectin បានវិវត្តទាំងស្រុងក្នុងវិធីព្យាបាលជំងឺមួយចំនួនបង្កដោយដង្កូវដូចជា ជំងឺធ្វើឲ្យខ្វាក់ភ្នែកម៉្យាងឈ្មោះ River Blindness និងជំងឺហើមដៃហើមជើង ហើយថ្នាំនេះអាចព្យាបាលជំងឺទាំងនោះឲ្យជាដាច់ទាំងស្រុង ប្រសិនបើគេប្រើប្រាស់វាឲ្យបានត្រឹមត្រូវ។
ឥឡូវនេះ ថ្នាំ Ivermectin ទំនងជាមានប្រសិទ្ធិភាពក្នុងការប្រឆាំងនឹងការរីករាលដាលនៃជំងឺគ្រុនចាញ់ផងដែរ។ លោក Brian Foy ជីវវិទូផ្នែកសត្វចម្លងរោគនៃសាកលវិទ្យាល័យ Colorado State University បានដឹកនាំការសិក្សាស្រាវជ្រាវមួយនៅក្នុងប្រទេសបួគីណាហ្វាសូ (Burkina Faso)។ ការសិក្សានេះបានរកឃើញថា មានការថយចុះនៃជំងឺគ្រុនចាញ់ក្នុងចំណោមកុមារ នៅពេលគេឲ្យថ្នាំនេះដល់មនុស្សពេញវ័យនៅក្នុងតំបន់នោះ។
លោកនិយាយថា៖ «យើងមិនគិតថា នេះជាប្រភេទនៃថ្នាំទិព្វទេ ប៉ុន្តែវាជួយបន្ថែមឥទ្ធិពលទៅក្នុងយុទ្ធសាស្រ្តក្នុងការទប់ស្កាត់ជំងឺគ្រុនចាញ់ និងជំងឺនៅតំបន់ត្រូពិចដែលគេមើលរំលងដទៃទៀត ដូចជាដង្កូវបង្ករោគ ជំងឺបង្កដោយបរាសិត ដែលមាននៅក្នុងភូមិទាំងអស់នេះ»។
ការសាកល្បងដែលកំពុងតែធ្វើនេះរួមមានការផ្តល់ថ្នាំ Ivermectin រៀងរាល់៣សប្តាហ៍ម្តងទៅឲ្យមនុស្សជាច្រើននៅក្នុងភូមិចំនួន៤។
ក្មេងតូចៗមិនទទួលបានថ្នាំនោះទេ ប៉ុន្តែការព្យាបាលនេះបានទប់ស្កាត់ការចម្លងជំងឺគ្រុនចាញ់ចំនួន១៦ភាគរយទៅលើកុមារ ដែលជាជនរងគ្រោះនៃជំងឺនេះច្រើនជាងគេ។
លោក Foy និយាយថា ទោះជាការប្រើប្រាស់ថ្នាំនេះស្ថិតនៅក្នុងកម្រិតទាបក៏ដោយ ក៏ថ្នាំ Ivermectin អាចធ្វើឲ្យសត្វមូសដែលផ្ទុកជំងឺគ្រុនចាញ់នោះពុលបានដែរ។ តែទោះយ៉ាងណា សកម្មភាពពិសេសតែមួយគត់របស់ថ្នាំនេះ គឺផ្តោតលើតែសត្វមូស មិនមែនផ្តោតលើបរាសិតដែលបង្កឲ្យមានជំងឺគ្រុនចាញ់នោះទេ។ ដោយសារមូលហេតុនេះហើយ អ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក និងនៅប្រទេសថៃជឿថា ថ្នាំ Ivermectin អាចជួយគ្រប់គ្រងរបៀបនៃការឆ្លងជំងឺគ្រុនចាញ់ដែលស៊ាំនឹងថ្នាំនៅអាស៊ីអាគ្នេយ៍។
នាពេលបច្ចុប្បន្ននេះ លោក Foy កំពុងមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះការអះអាងថា ថ្នាំ Ivermectin ដើរតួសំខាន់ក្នុងការបញ្ឈប់ការចម្លងជំងឺគ្រុនចាញ់។ លោកនិយាយថា ចាំបាច់ត្រូវមានការសិក្សាស្រាវជ្រាវបន្ថែមទៀតលើបញ្ហានេះ។
«គួរមានការស្រាវជ្រាវនៅតំបន់ដែលធំជាងនេះ និងនៅកន្លែងផ្សេងៗដែលមានការឆ្លងជំងឺគ្រុនចាញ់ក្នុងកម្រិតខុសគ្នា ហើយយើងសង្ឃឹមថា គំនិតនេះមានភាពរឹងមាំនិងត្រឹមត្រូវនៅកន្លែងខុសៗគ្នា»។
ចាប់តាំងពីចុងទសវត្សរ៍១៩៨០មក ថ្នាំ Ivermectin សម្រាប់ប្រើប្រមាណជា១ពាន់លានដង ត្រូវបានចែកចាយនៅជុំវិញពិភពលោក។
លោកFoy បានធ្វើបទបង្ហាញពីលទ្ធផលស្រាវជ្រាវរបស់លោកនៅក្នុងកិច្ចប្រជុំមួយរបស់អង្គការសង្គមអាមេរិកាំងសម្រាប់ឱសថនិងអនាម័យតំបន់ត្រូពិច (American Society of Tropical Medicine and Hygiene)។ លោកបូកសរុបលទ្ធផលនៃការសាកល្បង ដែលនឹងធ្វើឡើងនៅចុងខែវិច្ឆិកានេះ មុននឹងធ្វើការសាកល្បងនៅជំហានបន្ទាប់ទៀត៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ