ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមវាគ្មិន ពិភាក្សា​ពីគោល​នយោបាយ​ថ្មីក្រោម​រដ្ឋបាល​លោក Biden ចំពោះ​តំបន់​អាស៊ី


ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក គឺលោក Joe Biden ក្នុងពេល​ធ្វើយុទ្ធនាការ​ជំនួស​បេក្ខជន​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Jon Ossoff និងលោក Raphael Warnock នៅ​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មុន​ការបោះឆ្នោត​នៅ​ថ្ងៃទី៥ ខែមករា ក្នុង​ទីក្រុង Atlanta រដ្ឋ Georgia។
ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក គឺលោក Joe Biden ក្នុងពេល​ធ្វើយុទ្ធនាការ​ជំនួស​បេក្ខជន​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Jon Ossoff និងលោក Raphael Warnock នៅ​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មុន​ការបោះឆ្នោត​នៅ​ថ្ងៃទី៥ ខែមករា ក្នុង​ទីក្រុង Atlanta រដ្ឋ Georgia។

កិច្ច​ពិភាក្សា​នានា​នៅ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ រៀបចំដោយអង្គការមួយចំនួនក្នុងរដ្ឋធានីវ៉ាស៊ីនតោន ​កើត​ឡើង​នៅ​ទី​កន្លែង​និង​ពេល​វេលា​ខុសៗ​គ្នា​ជា​បន្ត​បន្ទាប់​នោះ ​រាប់​ទាំង​អង្គការ​តាក់តែង​គោល​នយោបាយ ​Carnegie Endowment for International Peace ​អង្គការ​តាក់​តែង​គោល​នយោបាយ​ Stimson Center​ ហើយ​នឹង​ការ​ពិភាក្សា​នៅ​ក្នុង​សាកល​វិទ្យាល័យ ​George Washington University។ ​

កិច្ច​ពិភាក្សាតាមអនឡាញ​ទាំង​នេះ​ បាន​ផ្តោត​ជា​សំខាន់​ទៅលើ​គោល​នយោបាយ​អាមេរិក​ថ្មី ​ដែល​អាច​មាន​ការ​ប្រជែង​អំណាច​ថ្មី​ក្នុង​តំបន់​អាស៊ី​ដែល​ជា​តំបន់​មាន​កំណើន​ឥទ្ធិពល​ចិន​យ៉ាង​ខ្លាំង​ទាំង​នយោបាយ ​សេដ្ឋកិច្ច ​សន្តិសុខ ​ពាណិជ្ជ​កម្ម ​និង​កិច្ច​សហ​ប្រតិបត្តិការ​ជាច្រើន​ នៅ​ពេល​រដ្ឋបាល​លោក​ប្រធានាធិបតី ​Donald Trump ​ត្រូវ​ចប់​អាណត្តិ​នៅខែ​មករា​ខាង​មុខ ហើយរដ្ឋបាល​ថ្មី​របស់​លោក ​Joe Biden ​នឹង​ចូល​មក​ជំនួស​ ហើយនឹង​រៀបចំ​គោលនយោបាយ​ថ្មីនោះ។​

ក្រុម​វាគ្មិន ដែល​បាន​ចូលរួម​ពិភាក្សា​តាមអនឡាញ​កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្នុង​កម្មវិធី​ដែល​រៀបចំ​ដោយ​លោក Evan A. Feigenbaum អនុប្រធាន​ផ្នែកការសិក្សា​ស្រាវជ្រាវ​នៃ​អង្គការ​តាក់តែង​គោលនយោបាយ Carnegie Endowment for International Peace។
ក្រុម​វាគ្មិន ដែល​បាន​ចូលរួម​ពិភាក្សា​តាមអនឡាញ​កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្នុង​កម្មវិធី​ដែល​រៀបចំ​ដោយ​លោក Evan A. Feigenbaum អនុប្រធាន​ផ្នែកការសិក្សា​ស្រាវជ្រាវ​នៃ​អង្គការ​តាក់តែង​គោលនយោបាយ Carnegie Endowment for International Peace។

លោកស្រី ​Chan Heng Chee ​ឯក​អគ្គរដ្ឋ​ទូត​គោចរ​នៃ​ក្រសួង​ការ​បរទេស​សិង្ហបុរី ​បាន​ថ្លែង​ថា​ ប្រទេស​ក្នុង​តំបន់​មិន​ចង់​មាន​ការ​កំណត់​ឲ្យ​ជ្រើសរើស​មហា​អំណាច​ណាមួយរវាង​សហ​រដ្ឋ​អាមេរិក​និង​ចិន​ទេ​ ​តែ​ចង់​បាន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​មហា​អំណាច​ទាំងពីរ។​

«ហើយ​ខ្ញុំ​អាច​និយាយ​ថា​សហ​រដ្ឋ​អាមេរិក​និយាយ ​ហើយ​ពលរដ្ឋ​សើច។ ​ អ្នក​ដឹង​ទេ​ក្នុង​តំបន់​និយាយ​ថា​ ពួក​គេ​មិន​ចង់​ជ្រើសរើស​មួយចោល​មួយ​ទេ។ ​ កុំ​ឲ្យ​យើង​ជ្រើស​រើស។​រឿង​នេះ​វា​សឹង​តែ​ក្លាយ​ទៅ​ជា​រឿង​កំប្លែង​ តែ​វា​ជា​ការណ៍​ពិត។ ​ ហើយ​មិន​មែនតែ​តំបន់​ អាស៊ី​ ឬ ​អាស៊ាន​ទេ ​សូម្បី​តែ​សហភាព​អឺរ៉ុប ​ក៏​គេ​មិន​ចង់​ជ្រើស​រើស​មួយចោល​មួយ​ដែរ»។

ក្រៅពី​ស្តី​បន្តោស​ថារដ្ឋបាល​លោក​ Trump​ មិន​បាន​ដោះស្រាយ​បញ្ហា​កូវីដ១៩ ​ក្នុង​ឋានៈ​ជា​ប្រទេស​មាន​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​ខ្ពស់​នោះ​ ​ លោកស្រី​ក៏​បាន​យោង​ទៅ​លើ​ការ​វាយ​តម្លៃ​ខុស​ពី​ការ​បែកបាក់​ក្នុង​តំបន់​ដែល​ថា​ ​ពួក គេ​ខ្លះ​ជ្រើសរើសចិន​ខ្លះ​ត្រូវ​ជ្រើសរើស​សហ​រដ្ឋ​អាមរិក​ ដែល​ជា​ប៉ូល​មហា​អំណាច​ទាំង​ពីរ ​ តែ​លោក​ស្រី​ថា​ ប្រទេស​ក្នុង​តំបន់​មាន​ការ​រួម​គ្នា​និង​ចង​ក្រង​គ្នា​ជា​ក្រុម​តែ​ប៉ុណ្ណោះ។​

«តែ​ពួក​គេ​ទាំង​អស់ (ប្រទេស​ក្នុង​តំបន់) ​មាន​បំណង​ដូច​គ្នា។ ​ពួក​គេ​ចង់​ក្លាយ​ជា​មិត្ត​របស់​មហា​អំណាច​ទាំង​ពីរ ​ពីព្រោះ​មហា​អំណាច​ទាំងពីរ​មាន​កម្លាំង ​ហើយ​គេ​មើល​ឃើញ​ថា​ ការ​ភ្ជាប់​ទំនាក់​ទំនង​ឡើង​វិញ គឺជា​រឿង​សំខាន់»។​

លោកស្រីបាន​ពន្យល់​ថា ​ប្រទេស​ក្នុង​តំបន់​មាន​ទំនាក់​ទំនង​ផ្សេងៗ​គ្នា​ជាមួយ​មហា​អំណាច​ទាំង​ពីរ។ ពួកគេ​ខ្លះ​ជ្រើសរើស​ការ​ធ្វើ​ទំនាក់​ទំនង ​និង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​សហ​រដ្ឋ​អាមេរិក​លើ​បញ្ហា​សន្តិសុខ ​ដោយ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ដោយ​ទុក​ចិត្ត ​ហើយ​ប្រទេស​ខ្លះ​ទៀត​ជ្រើសរើស​ចិន​លើ​បញ្ហា​សេដ្ឋកិច្ច។​

ចំពោះ​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​សហ​រដ្ឋ​អាមេរិក​ដែល​កំពុង​មាន​ការ​បែកបាក់​ធ្ងន់ធ្ងរ ​ លោកស្រី​ក៏​បាន​ពោល​បន្ថែម​ថា​ តំបន់​អាស៊ី​មាន​ការ​ផ្លាស់ប្តូរ​ ​ហើយ​សហ​រដ្ឋ​អាមេរិក​ក៏​មាន​ការ​ផ្លាស់​ប្តូរ​ដែរ ​ហើយ​បែក​បាក់​ទៀត។​

«សហ​រដ្ឋ​អាមេរិក​មាន​ការ​បែក​បាក់​ ដូច្នេះ​ហើយ​ថា​ តើ​សហ​រដ្ឋ​អាមេរិក​ដំណើរការ​ទៅ​ដោយ​របៀប​ណា។ មាន​កិច្ចការ​ល្អៗ​ជាច្រើន​ដែល​សហ​រដ្ឋ​អាមេរិក​បាន​ផ្តល់​ជូន​តំបន់នេះ ដូចជា​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​វិស័យ​ខ្លះ ​តែ​តើ​សហ​រដ្ឋអាមេរិក​ នឹង​ធ្វើ​កិច្ចការ​ជា​អន្តរជាតិ​យ៉ាង​ម៉េច? នេះ​ជា​អ្វី​ដែល​ស្ថិត​ក្នុង​គំនិត​របស់​យើង»។

លោកស្រី​បាន​បញ្ជាក់​ន្ថែម​ថា​ ទោះបី​ជា​សហ​រដ្ឋ​អាមេរិក​ដែល​ជា​មហា​អំណាច​ធំ ​មិន​សប្បាយ​ចិត្ត​នឹង​កិច្ច​សហ​ប្រតិបត្តិការ​ទៅ​តាម​វិស័យ ​ជា​ជាង​ការ​ជ្រើស​រើស​ក្តី ​ តែ​សហ​រដ្ឋ​អាមេរិក​ត្រូវ​តែ​ទទួល​ស្គាល់ពី​ការ​ចង់​បាន​របស់​ប្រទេស​ក្នុង​តំបន់។​ ក្នុង​ការ​ថ្លែង​ដែល​ទំនង​ជា​និយាយ​អំពី​រដ្ឋបាល​ថ្មី​របស់​លោក​ Biden​ ​លោកស្រី​បាន​និយាយ​សង្កត់​ធ្ងន់​ថា គេ​ត្រូវ​មករៀន​ហើយ​ស្តាប់​ប្រទេស​ក្នុង​តំបន់​ ហើយ​មិន​ត្រូវ​បង្ខំ​ឲ្យ​គេ​ជ្រើស​រើស​នោះ​ទេ។​

សហ​រដ្ឋ​អាមេរិក​ក្នុង​រដ្ឋបាល​លោក​ Joe Biden ​គេ​នៅ​មិន​ដឹង​ច្បាស់​ថា​ នឹង​មាន​គោល​នយោបាយ​ឬ​វិធី​យ៉ាង​ណា​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​ឡើង​វិញ​ផ្នែក​សេដ្ឋកិច្ច ​ពាណិជ្ជ​កម្ម ​ជាពិសេស​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជ​កម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​(TPP)​ ដែល​លោក Trump​ បាន​ដក​ស.រ.អា.​ចេញ​កាល​ពី​ឆ្នាំ​២០១៧ ​ដោយ​យល់​ថា​ មិន​ផ្តល់​ផល​ប្រយោជន៍​ដល់​សហ​រដ្ឋ​អាមេរិក​ ហើយ​បែរ​មក​ធ្វើ​ទំនាក់​ទំនង​ទ្វេភាគី ដោយ​ទុកចោល​គម្រោង​ការ​របស់​លោក​ Barack Obama​ ដែល​ខិតខំ​ប្រឹងប្រែង​ចរចា​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​តំបន់​នេះ ហើយ​ធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ជាច្រើន​ខកចិត្ត។ ​ដូច​គ្នា​នេះ​ដែរ​ ចំពោះ​កិច្ច​ព្រមព្រៀង ​RCEP គេ​ក៏​មិន​ដឹង​ថា​ សហ​រដ្ឋ​អាមរិក​នឹង​ពិចារណា​យ៉ាងណា​ ឬ​បាន​សម្រេច​យ៉ាងណា​ដែរ។​ ​កិច្ច​ព្រមព្រៀង​RCEP ​ដែល​មានន័យ​ថា​ ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​ដែល​មាន​ពលរដ្ឋ​ជាង​២​ពាន់​១​លាន​នាក់ ​ក្នុង​ប្រទេស​ចំនួន​១៥​ នោះ​ ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១២។​ ​ប្រទេស​ទាំងនោះ ​មាន​សមាគម​អាស៊ាន​ចំនួន​១០​ប្រទេស​ រួមទាំង​កម្ពុជា​ដែល​ជា​សមាជិក​ផង ​ ហើយនឹង​ប្រទេស​ចំនួន​៥​ទៀត​ ដែល​មាន​ចិន​ កូរ៉េ​ខាងត្បូង ​ជប៉ុន​ អូស្ត្រាលី ​និង​នូវែលហ្សេឡង់។ ប្រទេស​ឥណ្ឌា​ បាន​ដក​ខ្លួន​ចេញ​ដោយសារ​បារម្ភ​ថា​ តម្លៃ​ថោក​នៃ​ផលិតផល​កសិកម្ម​ចិន​នឹង​ធ្វើ​ឲ្យខូច​ប្រយោជន៍​ផលិតផល​ក្នុង​ស្រុក​របស់ខ្លួន​ ជាពិសេស​លើ​វិស័យ​កសិកម្ម​និង​ឧស្សាហកម្ម។

សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋបាល​លោក អូបាម៉ា បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏ទូលំទូលាយ​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​ទាំង១០ ដែល​មាន​ពលរដ្ឋ​ជាង​៦៥០លាននាក់។តំបន់នេះ​មាន​ការនាំ​ចេញចូល​ទំនិញ​មក​កាន់​ទីផ្សារ​អាមេរិក​ធំជាងគេ​លំដាប់​ទី៤​ក្នុង​ពិភពលោក ដែល​មាន​ទឹកប្រាក់​ដល់​ទៅ​២៧០ពាន់លាន​កាលពី​ឆ្នាំ​កន្លង​ទៅ។

លោក ​Michael Froman ​អតីត​អ្នក​តំណាង​និង​ទីប្រឹក្សា​ពាណិជ្ជ​កម្ម​របស់​លោក​អតីត​ប្រធានាធិបតី​ Barack Obama ​បាន​ថ្លែង​ថា ​សហ​រដ្ឋ​អាមេរិក​ទំនង​ជា​មាន​វិធី​ផ្សេង​ដើម្បី​ចូល​រួម​ជាមួយ​តំបន់​អាស៊ី​ឡើង​វិញ​ទាក់ទង​នឹង​សេដ្ឋកិច្ច ​និង​ភាព​ជា​អ្នក​ដឹកនាំ​ តែ​លោក​មិន​ប្រាកដ​ថា​ តើ​ស.រ.អា.​ នឹង​ចូល​ក្នុង​កិច្ច​ព្រមព្រៀង​ TPP ​ដ៏​សំខាន់ ​និងកិច្ច​ព្រមព្រៀង​ RCEP ​ដែល​ទំនង​ជា​មិនមែន​ជា​មហិច្ឆតា​របស់​រដ្ឋបាល​លោក​ Biden​ នោះ​ទេ។​

«វា​នៅ​តែ​ជាបំណង​ដ៏ធំ​របស់​សហ​រដ្ឋ​អាមរិក​ក្នុងការ​ភ្ជាប់​ទំនាក់ទំនង​និង​បង្ហាញ​ពីភាព​ជាអ្នក​ដឹកនាំ។ ហើយ​ពេល​ចិនកាន់​តែ​បង្ហាញ​ឥទ្ធិពល​ខ្លាំង​ឡើងនោះ​ ការ​ផ្តោត​ទៅខាង​ក្រៅ​កាន់តែ​ខ្លាំង​ និង​តម្លៃ​ពិត​និងគោល​ការណ៍​ជាក់លាក់​ កាន់តែ​បង្ហាញ​ច្បាស់​ឡើង។ ហើយ​ជម្រើស​ទាំង​សេដ្ឋកិច្ច ​ការទូត ​ក៏ដូច​ជា​សន្តិសុខ​ គឺជា​អ្វីដែល​ប្រទេស​ក្នុង​តំបន់​ចង់​ឲ្យ​សហ​រដ្ឋអាមេរិក​មាន​វត្តមាន​ក្នុង​តំបន់ ​ដោយ​មិន​ចាំបាច់​ថា​ ទៅ​ទប់ទល់​ទេ ​តែ​គ្រាន់តែ​រក្សា​តុល្យភាព»។​

លោក​បាន​បន្ថែម​ថា​ វា​ជា​រឿង​ពិបាក​ក្នុង​ការ​នាំយក​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ស្នើ​ឲ្យសភា​អនុម័ត​ក្នុង​ពេល​ដែល​សហ​រដ្ឋ​អាមេរិក​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នយោបាយ​តែ​លោក​ថា មាន​វិស័យ​មួយ​ចំនួន​ដែល​សហ​រដ្ឋ​អាមេរិក​អាច​ធ្វើ​ទំនាក់​ទំនង​បាន ​ដូចជា​ទំនាក់​ទំនង​សេដ្ឋកិច្ច ​ព័ត៌មាន​ពី​ទិន្នន័យ ​ពាណិជ្ជ​កម្ម ​បរិស្ថាន ​ទំនិញ ​ការ​ធានា​សុខភាព ​ការ​ចាត់ចែង​វ៉ាក់សាំង​កូវីដ១៩​ ដោយ​វិធី​ត្រឹមត្រូវ ​ដែល​រឿង​នេះ​អាច​ឲ្យ​ប្រទេស​ជាច្រើន​ចូលរួម​សហការ។​

«តែមាន​វិស័យ​ខ្លះ​ដែល​សហ​រដ្ឋ​អាមេរិក​ទំនង​ជា​ត្រូវ​ធ្វើ​ទំនាក់ទំនងហើយ​ជា​រឿង​សំខាន់​ មិនមែន​ទៅ​ប្រឈម​មុខ​ជាមួយ​ចិន​តាម​របៀប​ផ្សេង ​ ថែម​ទាំង​ប្រឈម​ជាមួយ​អឺរ៉ុប​និង​ប្រទេស​ដទៃ​ទៀត​ផង​ដែរ​នោះ​ទេ ​តែ​ត្រូវ​ចាប់​ផ្តើម​ធ្វើការ​រួមគ្នា​ក្នុង​ការ​បង្កើត​បញ្ញតិ​ច្បាប់​កំណត់​ទិសដៅ​សម្រាប់​ជំនាន់​ក្រោយ។ ​ខ្ញុំ​គិត​ថាវា​ជា​សក្តានុពល​ដ៏ធំ​មហិមា​សម្រាប់​យើង ​(សហរដ្ឋអាមរិក)​ ដើម្បី​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​ធ្វើ​ដូច្នេះ»។

លោក​ Shivshankar Menon ​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ ​Ashoka ​និង​ធ្លាប់​ជា​ទីប្រឹក្សា​សន្តិសុខ​ឥណ្ឌា​ បាន​ថ្លែង​ថា​ តុល្យភាព​អំណាច​ក្នុង​តំបន់​មាន​ការ​ផ្លាស់ប្តូរ​ដែល​នាំ​ឲ្យ​តំបន់​នេះ​មាន​ការ​ផ្លាស់ប្តូរ។​

«ប្រសិន​បើ​គេមើល​ពីការ​ឆ្លើយ​តប​ទៅនឹង​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក ​ឬ​ឥណ្ឌូប៉ាស៊ីហ្វិក ​ពី​មូលហេតុ​ដែល​ប្រទេស​ជាច្រើន​ត្រូវ​បង្កើន​សន្តិសុខ​ផ្នែក​ការពារជាតិ​ និង​ កិច្ច​សហ​ប្រតិ្តបត្តិការ​ផ្នែក​ព័ត៌មាន​សម្ងាត់ ​ដូច​ជា​ជប៉ុន​ អូស្ត្រាលី ​វៀតណាម ​ឥណ្ឌូនេស៊ី ​សិង្ហបុរី ​ហើយនឹង​ប្រទេស​ដទៃ​ទៀត​នោះ​គឺ ​ពីព្រោះ​គេ​មើល​ឃើញ​តុល្យភាព​ (អំណាច)​ ហើយ​ពេល​នេះ​គេ​គិត​ ថា​គេមើល​ឃើញ​ថា​គេ​មាន​ស្ថាប័ន ​និង​សមត្ថភាព​ជាច្រើន​ ហើយ​អាច​ផ្តល់​សន្តិសុខ​ជាង​ពេល​សហ​រដ្ឋ​អាមេរិក​ជា​អ្នក​ផ្តល់​សន្តិសុខ​ដល់​តំបន់»។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា​ ប្រទេស​ក្នុង​តំបន់​នឹង​សម្រេច​ចិត្ត​ធ្វើ​កិច្ចការ​នៅ​ពេល​ខាង​មុខ​ទៅ​តាម​កម្រិត​អំណាច​ វិធី​ផ្សេង ​និង​បង្កើត​ដៃគូ​លើ​វិស័យ​ផ្សេងៗ។ ​លោក​ថ្លែង​ដូច្នេះ​ដោយ​លើក​យក​ឧទាហរណ៍​មក​បញ្ជាក់​ថា​ ទោះបី​ជា​សហ​រដ្ឋ​អាមេរិក ​និង​ ចិន​ចង់​បញ្ចប់​កម្ម​វិធី​នុយក្លេអ៊ែ​កូរ៉េ​ខាងជើង ​នោះ​ជា​រឿង​មិន​អាច​ដំណើរការ​បាន​ទេ ​ដោយសារ​តែ​កូរ៉េ​ខាងជើង​គិត​ពី​ផល​ប្រយោជន៍​ខ្លួន​គេ​ ដូច​ដំណោះ​ស្រាយ​ព្រំដែន​ចិន​និង​ឥណ្ឌា​ដែរ។​

រូបឯកសារ៖ លោក​ David Shambaugh ​ជា​អ្នក​និពន្ធ​សៀវភៅ ​«កន្លែង​ដែល​មហា​អំណាច​ជួប​គ្នា៖ ​អាមេរិក​និង​ចិន​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍» ​ឬ «Where Great Power Meet: America and China in South East Asia»។
រូបឯកសារ៖ លោក​ David Shambaugh ​ជា​អ្នក​និពន្ធ​សៀវភៅ ​«កន្លែង​ដែល​មហា​អំណាច​ជួប​គ្នា៖ ​អាមេរិក​និង​ចិន​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍» ​ឬ «Where Great Power Meet: America and China in South East Asia»។

លោក​ David Shambaugh ​ជា​អ្នក​និពន្ធ​សៀវភៅ ​«កន្លែង​ដែល​មហា​អំណាច​ជួប​គ្នា៖ ​អាមេរិក​និង​ចិន​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍» ​ឬ «Where Great Power Meet: America and China in South East Asia»​ ​បាន​ថ្លែង​ថា​ យើង​នឹង​អាច​ដឹង​ អំពី​គោល​នយោបាយ​របស់​លោក ​Biden​ នៅ​ក្នុង​ខែ​មករា​ក្រោយ​ពេល​លោក​ចូល​កាន់​មុខ​តំណែង។​

«យើង​ត្រូវ​មើល​ថា​តើ​រដ្ឋបាល​លោក ​Biden ​នឹង​ចូលរួម​ឡើង​វិញ​ក្នុង​កិច្ច​ព្រមព្រៀង ​TPP ​ឬ​ទេ ​ហើយ​ការ​យល់​ឃើញ​របស់​ខ្ញុំ​គឺ​ថា​គេ​បើក​ចំហ​ចំពោះ​សហ​រដ្ឋ​អាមេរិក ​ហើយ​នឹង​ធ្វើ​បច្ចុប្បន្ន​ភាព​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ ​គឺ​កិច្ច​ព្រមព្រៀង ​TPP ​ ហើយ​សហ​រដ្ឋ​អាមេរិក​គួរ​តែ​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង​ RCEP​ ដែរ​តែយើង​ត្រូវតែ​រង់ចាំ​មើល​រហូត​ដល់​ខែ​មករា​ ឬ​ពេល​បន្ទាប់​ទៀត​ដើម្បី​ដឹង​ពី​រឿង​នេះ»។​

ទោះជា​យ៉ាង​ណា​លោក​ David Shambaugh​មិន​បាន​យល់ស្រប​ទៅ​នឹង​គំនិត​ដែល​ថា​ ចិន​ដើរ​តួ​សំខាន់​ជាង​គេ ​ហើយ​អាច​ទាក់​ទាញ​ចិត្ត​បណ្តា​ប្រទេស​ក្នុង​តំបន់​បាន​ទាំង​មូល​លើស​សហ​រដ្ឋ​អាមេរិក​ទេ។​

«ខ្ញុំ​មិន​បាន​ឃើញ​រឿង​បែប​នោះ​ទេ ​ពេលខ្ញុំ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ​ខ្ញុំមិន​បាន​ឃើញ​ប្រទេស​ណាមួយ​សោះ​អាច​និយាយ​ថា​សូម្បី​ប្រទេស​កម្ពុ ជា​ដែល​ចង់​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ចិន​ ខ្ញុំ​ក៏​បាន​ឃើញ​ថា​ វាជា​រឿង​ផ្ទុយ​ស្រឡះ​ដែរ។ ​ ខ្ញុំ​ឃើញ​ថា​ ​មាន​ការ​មិន​សប្បាយ​ចិត្ត​ខ្លាំង ​និង​ អារម្មណ៍​ច្របូក​ច្របល់​រីករាល​ដាល​ខ្លាំង​ ហើយ​នឹង​មានការ​សង្ស័យ​ចំពោះ​ចិន​នៅ​គ្រប់​កន្លែង»។​

លោក​បាន​បន្ថែម​ដោយ​គ្មាន​ជំនឿ​ថា៖​

«ប្រទេស​ទាំងអស់​ក្នុង​តំបន់​មាន​អារម្មណ៍​ច្របូក​ច្របល់​ជាមួយ​ចិន។​ខ្ញុំមិន​ឃើញ​ប្រទេស​ណា​មួយ​ទទួល​យក​ចិន​ទេ ​គឺ​គ្រាន់តែ​ទាញ​ផល​ប្រយោជន៍​ពី​ទំនាក់​ទំនង​របស់​គេ​ជា​មួយ​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ»។

លោក​បាន​បន្ត​ថា​បើ​គេ​មើល​ពី​អំណាច​និង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​គេ​ឃើញ​ថា​ចិន​មាន​ចំណុច​ខ្លាំង​ខ្លះ​ដូចជា​សេដ្ឋកិច្ច ​តែ​មាន​ភាព​ខ្សោយ​នៅ​ផ្នែក​ខ្លះ​ ដែល​មិន​អាច​ធៀប​នឹង​សហ​រដ្ឋ​អាមេរិក​បាន ​ដូចជា​សន្តិសុខ ​ការទូត​ រួម​ទាំង​ល្បិច​ទាញ​យក​ផល​ប្រយោជន៍​ដ៏​ប៉ិន​ប្រសប់​នោះ។

រូបឯកសារ៖ លោក Sebatian Strangio អ្នក​និពន្ធ និង​អ្នក​សារព័ត៌មាន ពិភាក្សា​អំពី​ការ​បោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ​២០១៧​នៅ​ប្រទេស​កម្ពុជា​នៅក្នុង​កិច្ចពិភាក្សា​មួយដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (សាយ មុន្នី/វីអូអេ)
រូបឯកសារ៖ លោក Sebatian Strangio អ្នក​និពន្ធ និង​អ្នក​សារព័ត៌មាន ពិភាក្សា​អំពី​ការ​បោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ​២០១៧​នៅ​ប្រទេស​កម្ពុជា​នៅក្នុង​កិច្ចពិភាក្សា​មួយដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (សាយ មុន្នី/វីអូអេ)

ដូច​គ្នា​នេះ​ដែរ​លោក​ Sebastian Strangio ​ដែល​ជា​អ្នក​កាសែត​ជើងចាស់​ដែល​បំពេញ​កិច្ចការ​និង​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​តំបន់​អាស៊ី​ជាច្រើន​ឆ្នាំ ​ហើយ​ជា​អ្នក​និពន្ធ​សៀវភៅ ​«Hun Sen's Cambodia»​ ឬ​សៀវភៅ ​«កម្ពុជា​ជា​របស់​ហ៊ុន សែន» ​និង​សៀវភៅ​ថ្មីមួយ​ទៀត​ឈ្មោះ​ថា​«In the Dragon's Shadow»​ ឬ «នៅ​ក្រោម​ស្រមោល​នាគ» ​ដែល​និយាយ​ពី​អំណាច​ចិន​ក្នុង​តំបន់​ ​បាន​ថ្លែង​ថា​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​ប្រើប្រាស់​ចិន​តាម​វិធី​ផ្សេងៗ​គ្នា ​រាប់​ទាំង​ការ​ទទួល​បាន​លុយ​ដោយ​ងាយស្រួល ​ការ​យក​ចិន​ធ្វើ​ជា​តុល្យភាព​អំណាច​ក្នុង​ទំនាក់​ទំនង​ជាមួយ​អន្តរជាតិ​ រួម​ទាំង​ជាមួយ​សហ​រដ្ឋ​ផង​ដែរ។​

«ប្រទេស​ខ្លះ​បាន​ជ្រើសរើស​យកចិន​ដើម្បី​គាំទ្រ ​ហើយ​ខ្លះ​ទៀត​ទាញ​យក​ផល​ប្រយោជន៍​ពីការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​ក្នុង​ពេល​ខ្លះ​ទៀត​ប្រើប្រាស់​ចិន​ជា​ខែល​ការពារ​ប្រឆាំង​នឹង​ការ​រិះគន់​និង​ការ​ដាក់​សម្ពាធ​ពី​បស្ចឹម​ប្រទេស»។

លោក​ថា​តំបន់​អាស៊ី​មិន​ចង់​ឲ្យ​ចិន​ត្រួតត្រា ​ ហើយក៏​មិន​ចង់​ឲ្យ​អាមេរិក​ត្រួតត្រា​ខ្លួន​ដែរ ទោះ​ជា​ប្រទេស​ទាំង​នោះ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ចិន​ក្តី។ ​ចិន​និង​អាមេរិក​មើល​ច្រឡំ​អំពី​រឿង​នេះ។​

«គ្រប់​ប្រទេស​ទាំង​នេះ​ មាន​ប្រវត្តិ​សាស្ត្រ​រៀងៗ​ខ្លួន​មាន​ដំណើរ​រឿង​ជា​ប្រវត្តិសាស្ត្រ​របស់គេ ​មាន​តម្លៃ​ជាតិ​របស់​គេ ​ហើយ​គេ​ស្ទាក់​ស្ទើរ​មិនចង់​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​ប្រទេស​មាន​អំណាច​ទេ»។

រដ្ឋបាល​លោក ​Biden ​ដែល​កំពុង​តែងតាំង​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ដើម្បី​បំពេញ​កិច្ចការ​នាពេល​អនាគត​ បន្ទាប់​ពី​ការ​ចូលកាន់​មុខ​តំណែង​ជា​ផ្លូវការ​នៅ​ខែ​មករា ​ឆ្នាំ​២០២១​ នឹង​មាន​បញ្ហា​ជាច្រើន​ត្រូវ​បំពេញ​និង​ប្រឈម​ ដោះស្រាយ​ ដោយ​រាប់​ទាំង​រឿង​គោល​នយោបាយ​ក្នុង​ប្រទេស​ ក្រៅ​ប្រទេស​ បញ្ហា​កូវីដ១៩ ​បញ្ហា​វ៉ាក់សាំង​ សុខុមាល​ភាព ​បញ្ហា​ការងារ​ធ្វើ ​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​ សន្តិសុខ​ក្នុង​និង​ក្រៅ​ប្រទេស​ បញ្ហា​ពាណិជ្ជ​កម្ម​ ការ​បរទេស​ បញ្ហា​យោធា​ របស់​សហ​រដ្ឋ​អាមេរិក​ ដែល​ជា​ប្រទេស​មហា​អំណាច​ពិភព​លោក​កំពូល​នោះ៕

XS
SM
MD
LG