ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងកាលពីយប់ថ្ងៃចន្ទថា៖ «នៅក្នុងការប្រយុទ្ធដើម្បីដួងព្រលឹងសហរដ្ឋអាមេរិកនេះ លទ្ធិប្រជាធិបតេយ្យបានឈ្នះ»។ លោកថ្លែងដូច្នេះ បន្ទាប់ពីអង្គបោះឆ្នោតបានបោះឆ្នោតសម្រេចជាផ្លូវការថាលោកជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។
ទោះបីជាលោក Biden ជំរុញពលរដ្ឋអាមេរិកាំងថា ឥឡូវនេះជាពេល «សម្រាប់សាមគ្គីភាព សម្រាប់ការសម្រុះសម្រួល» ក៏ដោយ ក៏លោកបានរិះគន់ជាលើកដំបូងថា ការប៉ុនប៉ងរបស់លោកប្រធានាធិបតី Donald Trump និងសម្ព័ន្ធមិត្តរបស់លោក Trump នៅក្នុងការកែប្រែលទ្ធផលនៃការបោះឆ្នោត គឺជា «ការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ដែលមិនដែលកើតឡើងពីមុនមក»។
ក្នុងពេលប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីសមាជិកនៃអង្គបោះឆ្នោតបានធ្វើការបោះឆ្នោតនៅតាមរដ្ឋនីមួយៗ និងនៅរដ្ឋធានីវ៉ាស៊ីនតោន លោក Biden បាននិយាយថា សូម្បីតែការរំលោភអំណាចក៏មិនអាចបញ្ឈប់ការផ្ទេរអំណាចដោយសន្តិវិធីបានដែរ។
លោក Biden បានថ្លែងនៅក្នុងសុន្ទរកថាមួយពីទីក្រុង Wilmington រដ្ឋ Delaware ថា៖ «យើងដែលជាប្រជាពលរដ្ឋបានបោះឆ្នោត ជំនឿទុកចិត្តលើស្ថាប័នគ្រប់គ្រងរបស់សហរដ្ឋអាមេរិកនៅតែរក្សាដដែល ហើយសុចរិតភាពនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិកនៅតែរឹងមាំដដែល»។
កាលពីថ្ងៃច័ន្ទម្សិលមិញ អង្គបោះឆ្នោតបានបោះឆ្នោតឲ្យលោក Biden ក្នុងចំនួន ៣០៦ សំឡេង និងឲ្យលោក Trump ក្នុងចំនួន ២៣២ សំឡេង ដែលធ្វើឲ្យលោក Biden ក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកដោយទទួលបានសំឡេងឆ្នោតពីអង្គបោះឆ្នោតលើសពី ២៧០ សំឡេង ដែលជាចំនួនត្រូវការដើម្បីបានក្លាយជាប្រធានាធិបតី៕