ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សា​​ជា​ច្រើន​នាក់​បាន​ព្រមាន​លោក Trump ថា ការ​អះអាង​ពី​ការ​លួច​បន្លំ​កា​បោះឆ្នោត​​ជា​ការ​ខុស​មិន​ត្រឹមត្រូវ​នោះ​ឡើយ


រូប​ពី​វីដេអូ​បង្ហាញ​អតីត​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​លោក William Barr ថ្លែង​ទៅ​កាន់​គណៈកម្មាធិការ​​ពិសេស​រដ្ឋសភា​អាមេរិក​ដែល​ស៊ើប​អង្កេត​ករណី​​កុបកម្ម​​ថ្ងៃ​៦ មករា ២០២១ កំពុង​​ធ្វើ​សវនាការ​ផ្តល់​សក្ខីកម្ម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២។
រូប​ពី​វីដេអូ​បង្ហាញ​អតីត​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​លោក William Barr ថ្លែង​ទៅ​កាន់​គណៈកម្មាធិការ​​ពិសេស​រដ្ឋសភា​អាមេរិក​ដែល​ស៊ើប​អង្កេត​ករណី​​កុបកម្ម​​ថ្ងៃ​៦ មករា ២០២១ កំពុង​​ធ្វើ​សវនាការ​ផ្តល់​សក្ខីកម្ម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២។

អតីត​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​និង​អ្នក​ជំនួយការ​នយោបាយសេតវិមាន​ជា​ច្រើន​នាក់របស់អតីត​ប្រធានាធិបតីអាមេរិក​លោក Donald Trump បាន​និយាយ​ថា ពួក​គេ​បាន​ប្រាប់​លោក Trump ជា​ច្រើន​លើក​ច្រើន​សារ​ថា ការ​ចោទ​ប្រកាន់​របស់​លោក​ជុំវិញ​ការ​លួច​បន្លំ​ការ​បោះឆ្នោត​ឆ្នាំ​២០២០ នោះ​មិន​មាន​មូលដ្ឋាន​ត្រឹមត្រូវ​ឡើយ ​ហើយ​ថា លោក​បាន​ចាញ់ការ​បោះ​ឆ្នោត​នោះ​ហើយ បើ​ទោះ​បី​ជា​លោក Trump នៅ​តែពោល​អះអាង​ថា លោកត្រូវ​បាន​គេ​បោកប្រាស់​មិនឱ្យ​បន្តកាន់​កាប់​សេតវិមានក្នុង​អាណត្តិ​ទី​២ទៀត​ក៏​ដោយ។

នៅ​ក្នុង​សក្ខីកម្ម​ដែល​ត្រូវ​បានផ្តល់​តាម​រយៈ​ការ​ថត​វីដេអូ​ទុក​ជា​មុន ​ហើយ​ដែល​ត្រូវ​បាន​បញ្ចាំង​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ​ដោយ​គណៈកម្មាធិការ​រដ្ឋសភា​អាមេរិក​ដែល​ស៊ើប​អង្កេត​ករណីកុបកម្មថ្ងៃ​៦ មករា​ កាល​ពី​ឆ្នាំ​ទៅ​នោះ លោក Barr បាន​ប្រាប់ក្រុម​សមាជិករដ្ឋ​សភា​អាមេរិក​ថា ការ​អះ​អាង​ជា​ច្រើន​របស់​លោក Trump លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នោះ ​«គឺ​ជា​ការ​ខុស​និង​ល្ងង់​ខ្លៅ​បំផុត»។

លោក Barr បានរំឭក​ឡើង​វិញ​នូវ​កិច្ចប្រជុំ​មួយ​ក្នុង​ចំណោម​កិច្ចប្រជុំ​ជា​ច្រើនក្នុង​សេតវិមាន​ជាមួយ​លោក Trump មុន​ពេលលោក​លាលែងចេញ​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​កាល​ពី​ចុង​ឆ្នាំ​២០២០​ថា៖ «ខ្ញុំ​បាន​ប្រាប់​លោកប្រធានាធិបតី​ថា ការ​អះអាង​ពី​ការ​លួច​បន្លំ​ការ​បោះឆ្នោត​នោះ​ គឺជា​រឿង​មិន​សម​ហេតុផល​នោះ​ឡើយ»។

លោក Barr រំឭកឡើង​វិញ​ថា៖ «លោក​ប្រធានាធិបតី​មាន​ការ​ខឹង​សម្បា​អំពី​រឿង​ហ្នឹង»។

រហូត​មក​ដល់​ពេល​នេះ លោក Trump នៅតែ​គិត​ថា លោក​នៅ​តែ​ជា​អ្នក​ឈ្នះនៅក្នុង​ការ​បោះឆ្នោតប្រធានាធិបតី​អាមេរិក​កាល​ពី​២ឆ្នាំ​មុន​នៅ​ឡើយ​ ហើយ​ថា គូប្រជែង​ដែល​ជា​បេក្ខជននៃ​គណបក្ស​ប្រជាធិបតេយ្យគឺ​លោក Joe Biden បាន​ក្លាយ​ជា​ប្រធានាធិបតីតាម​រយៈ​ការ​លួច​បន្លំការ​រាប់​សន្លឹក​ឆ្នោត​នៅ​តាម​រដ្ឋជា​ច្រើន។ បើ​ទោះ​បី​ជា​យ៉ាងនេះក៏​ដោយ ក៏​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​តាម​បណ្តា​រដ្ឋ​ទាំង​នោះ​ បង្ហាញ​ថា លោក Biden បាន​ឈ្នះ​លោក Trump ដោយ​ប្រកៀក​ប្រកិត​គ្នា​ហើយ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​តួច​ដែលគេ​បាន​រក​ឃើញ​នោះ​មិនគ្រប់គ្រាន់​ដើម្បី​អាច​ប្រែក្លាយ​លទ្ធផល​បោះឆ្នោត​នោះ​បាន​ឡើយ។

ការ​ស្ទង់​មតិ​ជា​ច្រើនបង្ហាញ​ថា ពួក​អ្នកគាំទ្រ​របស់​លោក Trump ជា​ច្រើននៅ​តែ​បន្ត​ជឿលើ​ការ​អះអាងខុស​របស់​លោក Trump ដែល​ថា​ លោក​ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​នោះ។

អតីត​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​លោក William Barr បាន​និយាយ​ថា៖ «ជា​ការពិត លោកTrumpពិត​ជា​ចាញ់​ការ​បោះឆ្នោត​នោះ​មែន។ ពុំ​មាន​ភ័ស្តុតាងបញ្ជាក់​គ្រប់គ្រាន់​ណា​មួយ​ដែល​នឹង​អាច​កែប្រែ​លទ្ធផល​បោះ​ឆ្នោត​នោះបាន​ទេ»។

នៅ​ក្នុងឯកសារឆ្លើយតប​ទៅ​នឹងសវនាការ​របស់​រដ្ឋសភា​ដែល​មាន​កម្រាស់​១២​ទំព័រ​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​តែ​បន្តអះ​អាង​មិន​ពិត​អំពី​ការ​បន្លំ​ការ​បោះ​ឆ្នោត​នោះ​ហើយ​ថា ក្រុម​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ កំពុង​ប្រើ​ប្រាស់​នូវ​សវនាការ​នោះ​ដើម្បី​បិទបាំង​បញ្ហា​សេដ្ឋ​កិច្ចមួយ​ចំនួន​ដែល​ប្រទេស​អាមេរិក​កំពុង​តែ​ប្រឈម​នៅ​ពេល​នេះ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP។

អត្ថបទ​ទាក់ទង

XS
SM
MD
LG