នៅគម្រប់៣ឆ្នាំនៃវិបត្តិការរាតត្បាតជំងឺកូវីដ១៩ វីរុសនេះនៅតែបន្តឆ្លងរាលដាល ហើយការស្លាប់កើនជិតដល់ប្រាំពីរលាននាក់នៅទូទាំងពិភពលោក។ ប៉ុន្តែមនុស្សភាគច្រើនបានវិលត្រឡប់មកកាន់ជីវិតធម្មតា ដោយសារតែភាពស៊ាំនឹងការឆ្លង និងការចាក់វ៉ាក់សាំងការពារ។
វីរុសកូវីដ១៩ហាក់ដូចជាមិនទៅណានោះទេ អមជាមួយនឹងការគំរាមកំហែងដោយការបំប្លែងខ្លួនទៅជាប្រភេទថ្មីដែលកាន់តែគ្រោះថ្នាក់ ហើយរាតត្បាតពាសពេញពិភពលោក។
លោក Thomas Friedrich អ្នកស្រាវជ្រាវផ្នែកវីរុសនៃសាកលវិទ្យាល័យ Wisconsin-Madison បាននិយាយថា៖ «វីរុស [កូវីដ១៩] ប្រភេទបំប្លែងថ្មីបានលេចឡើង ហើយបានគំរាមកំហែងគ្រប់ទិសទី។ ការណ៍នេះប្រហែលនឹងជួយឲ្យមនុស្សយើងដឹងថា យើងរស់នៅដោយមានការផ្សារភ្ជាប់គ្នាទៅវិញទៅមកកម្រិតណា»។
ថ្ងៃសៅរ៍ ទី១១ ខែមីនាកន្លងទៅនេះ គឺជាគម្រប់ខួបបីឆ្នាំ ចាប់តាំងពីអង្គការសុខភាពពិភពលោកបានហៅការរាតត្បាតជំងឺកូវីដ១៩ ជាវិបត្តិជំងឺរាតត្បាតជាលើកដំបូង កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ ហើយអង្គការនេះបានលើកឡើងថា គេមិនទាន់អាចនិយាយបានថា គ្រោះអាសន្ននៃជំងឺនេះបានបញ្ចប់នៅឡើយទេ។
វីរុសកូវីដ១៩នៅបន្តរាតត្បាត
ស្របពេលជំងឺរាតត្បាតកូវីដ១៩នេះ នៅបន្តសម្លាប់មនុស្សពី ៩០០ ទៅ ១០០០នាក់ក្នុងមួយថ្ងៃនៅទូទាំងពិភពលោក វីរុសនេះនៅមិនទាន់បាត់បង់ភាពខ្លាំងរបស់វានៅឡើយទេ។ វាអាចឆ្លងដោយងាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមខ្យល់ ហើយធ្វើឲ្យមនុស្សខ្លះស្លាប់ ប៉ុន្តែមនុស្សភាគច្រើនបានជាសះស្បើយធម្មតាឡើងវិញដោយគ្មានបញ្ហាអ្វីធ្ងន់ធ្ងរ។
លោកវេជ្ជបណ្ឌិត Eric Topol ប្រធានវិទ្យាស្ថានស្រាវជ្រាវ Scripps Research Translational Institute ក្នុងរដ្ឋ California បាននិយាយថា៖ «វីរុសនេះនៅតែបន្តបំប្លែងខ្លួន»។
លោក Topol ថ្លែងថា យើងលែងសូវយកចិត្តទុកដាក់ពីចំនួនការស្លាប់ប្រចាំថ្ងៃ ប៉ុន្តែយើងគួរចាត់ទុកចំនួនការស្លាប់នេះថា ជាចំនួនដែលខ្ពស់ពេក។ ក្នុងករណីសហរដ្ឋអាមេរិក ចំនួនអ្នកតម្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងចំនួនអ្នកស្លាប់ បើទោះបីមានទាបជាងចំនួនកំណត់ត្រាអាក្រក់បំផុតក៏ដោយ ក៏ចំនូននេះមិនទាន់ធ្លាក់មកដល់កម្រិតទាប ដូចអំឡុងពេលរដូវក្តៅឆ្នាំ ២០២១ នៅមុនពេលមានរលកវីរុសកូវីដ១៩ បំប្លែងថ្មីដែលតា (Delta) នៅឡើយទេ។
វីរុសនេះអាចប្រែប្រួលគ្រប់ពេល ហើយអាចឆ្លងបានលឿនជាងមុន អាចជម្នះប្រព័ន្ធភាពស៊ាំរាងកាយ ឬអាចបង្កការស្លាប់បានខ្លាំងជាងមុន។ លោក Topol បាននិយាយថា យើងមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ស្ថានភាពដូចនេះនៅឡើយទេ។ ជំនឿទុកចិត្តលើទីភ្នាក់ងារសុខភាពសាធារណៈបានបាត់បង់ ដោយនេះកាន់តែជំរុញបុគ្គលិកផ្នែកសុខភាពសាធារណៈឲ្យចាកចេញពីការងារ។ ការប្រឆាំងនឹងបទបញ្ជាឲ្យស្នាក់នៅផ្ទះ និងការចាក់វ៉ាក់សាំងអាចជាអ្វីដែលនៅសេសសល់ពីវិបត្តិជំងឺកូវីដ១៩។
ការប្រយុទ្ធតបវិញ
មានបែបផែនមួយទៀតនៅក្នុងការវាយតម្លៃលើស្ថានភាពជំងឺកូវីដ១៩។ មនុស្សអាចស្រាវជ្រាវពីហ្សែនរបស់វីរុស ហើយអាចបង្កើតវ៉ាក់សាំងទាន់ពេលវេលា ដែលបានបង្ហាញប្រសិទ្ធភាពយ៉ាងល្អ។ យើងបានបង្កើតគំរូសន្និដ្ឋានតាមការគណនាមួយសម្រាប់សេណារីយ៉ូអាក្រក់បំផុត។ យើងបន្តត្រួតពិនិត្យពីរបៀបដែលវីរុសបានប្រែប្រួល តាមរយៈការស្វែងរកវីរុសនេះក្នុងសំណល់រាវ។
លោក Friedrich បានថ្លែងថា៖ «វិបត្តិជំងឺកូវីដ១៩ ពិតជាកាតាលីករពន្លឿនការរកឃើញនានាតាមរយៈវិទ្យាសាស្រ្ត»។
អ្នកស្រី Natalie Dean ជំនួយការសាស្រ្តាចារ្យផ្នែកស្ថិតិជីវៈនៅសាកលវិទ្យាល័យ Emory បាននិយាយថា សមិទ្ធិផលទាំងនេះបានជំរុញឲ្យមានស្ថានភាពធម្មតាបែបថ្មីមួយ ដែលជំងឺកូវីដ ១៩ «លែងជាការព្រួយបារម្ភសម្រាប់មនុស្សទូទៅ។ យ៉ាងហោចណាស់នេះជា ជ័យជម្នះមួយ»។
លោកវេជ្ជបណ្ឌិត Stuart Campbell Ray អ្នកជំនាញផ្នែកជំងឺឆ្លងប្រចាំសាកលវិទ្យាល័យ Johns Hopkins បាននិយាយថា វីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង (Omicron) នាពេលបច្ចុប្បន្ន មានសណ្ឋានហ្សែនខុសពីហ្សែនវីរុសដើម ១០០ភាគរយ។ នេះមានន័យថា ប្រហែល ១ភាគរយនៃបណ្តុំពន្ធុនៃវីរុសកូវីដ១៩ គឺខុសប្លែកពីប្រភេទដើម។ ភាគច្រើននៃការបំប្លែងទាំងនេះបានធ្វើឲ្យវីរុសងាយឆ្លងជាងមុន ប៉ុន្តែសេណារីយ៉ូអាក្រក់បំផុតគឺ លែងមានតទៅទៀត ដោយសារភាពស៊ាំនៅក្នុងចំណោមប្រជាជន។
លោក Matthew Binnicker អ្នកជំនាញផ្នែកវីរុសប្រចាំ Mayo Clinic ក្នុងក្រុង Rochester រដ្ឋ Minnesota បាននិយាយថា ពិភពលោកកំពុងស្ថិតនៅក្នុង «ស្ថានភាពខុសប្លែកយ៉ាងខ្លាំងមួយនាពេលបច្ចុប្បន្ន ជាងកាលពីបីឆ្នាំមុន នៅពេលដែលមិនមានភាពស៊ាំទៅនឹងប្រភេទវីរុសដើម»។
ភាពរងគ្រោះបំផុតបានជំរុញជាវិធានការផ្សេងៗ ក្នុងគោលដៅ «បន្ទាបចំនួនឆ្លង»។ អាជីវកម្មនិងសាលារៀនបានបិទទ្វារ ការរៀបអាពាហ៌ពិពាហ៍និងបុណ្យសពត្រូវបានពន្យារពេល។ ក្រោយមក ការពាក់ម៉ាស និង «ការរក្សាគម្លាត» ត្រូវបានតម្រូវឡើង រហូតដល់ការបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងជាដើម។ ឥឡូវនេះ ការតម្រូវដូចនេះគឺ កម្រមានណាស់។
លោក Ray បាននិយាយថា៖ «យើងមិនមានទំនោរនឹងវិលត្រឡប់ទៅស្ថានភាពពីពេលមុនឡើងវិញនោះទេ ពីព្រោះប្រព័ន្ធភាពស៊ាំយើងអាចការពារបានមួយភាគធំ»។ លោកបន្តថា ភាពស៊ាំរបស់យើងគួរការពារយើង «ពីស្ថានភាពអាក្រក់បំផុតដូចដែលយើងបានឃើញពីមុនមក»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា