នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមានថា សេដ្ឋកិច្ចសាកលលោក កំពុងប្រឈមការងើបឡើងវិញយឺតយ៉ាវ ដោយសារ «ការចែកចាយវ៉ាក់សាំងមិនស្មើគ្នា»រវាងប្រទេសអ្នកមាននិងប្រទេសក្រីក្របំផុតរបស់ពិភពលោក។
នាយិកាចាត់ចែងរបស់ IMF លោកស្រី Kristalina Georgieve បាននិយាយកាលពីថ្ងៃអង្គារក្នុងសុន្ទរកថាតាមអនឡាញនៅសាកលវិទ្យាល័យ Bocconi ក្នុងប្រទេសអ៊ីតាលីថា IMF នឹងបញ្ចុះការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ២០២១នេះ នៅក្នុងរបាយការណ៍ប្រមើលមើលសេដ្ឋកិច្ចសាកលលោក World Economic Outlook ដែលនឹងចេញផ្សាយនៅពេលឆាប់ៗខាងមុខដោយសារការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ថ្មីដែលបណ្តាលមកពីវីរុសដែលតាឆ្លងរហ័ស រួមជាមួយការកើនឡើងនូវបំណុលនិងអតិផរណានៅក្នុងប្រទេសជាច្រើន។
IMF បានព្យាករណ៍ការរីកលូតលាស់សេដ្ឋកិច្ចសាកលលោកចំនួន៦ភាគរយនៅក្នុងការប្រមើលមើលសេដ្ឋកិច្ចសាកលលោក កាលពីខែកក្កដា។
លោកស្រីGeorgieve បានថ្លែងថា ពិភពលោកប្រឈមការងើបឡើងវិញនូវសេដ្ឋកិច្ច«ដែលនៅរអាក់រអួលដោយការរាតត្បាតនិងផលប៉ះពាល់របស់វា។ យើងមិនអាចដើរទៅមុខយ៉ាងរលូនទេ។ វាប្រៀបដូចជាការដើរដែលមានដុំថ្មជាប់ក្នុងស្បែកជើងរបស់យើង»។
លោកស្រី បានមានប្រសាសន៍ទៀតថា សេដ្ឋកិច្ចសាកលលោក អាចខាតបង់5,3លានលានដុល្លារក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រសិនបើបណ្តាប្រទេសអ្នកមានរបស់ពិភពលោក ខកខានមិនធ្វើតាមការសន្យាដើម្បីចែករំលែកវ៉ាក់សាំងជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទេនោះ។
លោកស្រីថ្លែងថា «ប្រសិនបើយើងមិនធ្វើតាមការសន្យាទេ ផ្នែកដ៏ធំនៃពិភពលោក នៅតែមិនទាន់បានចាក់វ៉ាក់សាំង ហើយសោកនាដកម្មរបស់មនុស្សនៅតែបន្ត»។
លោកស្រីGeorgieve ថា ពិភពលោកអាចធ្វើទៅតាមគោលដៅដែលកំណត់ដោយ IMF ដើម្បីចាក់វ៉ាក់សាំងឲ្យមនុស្សយ៉ាងតិចណាស់ក៏៤០ភាគរយនៅក្នុងប្រទេសទាំងអស់នៅចុងឆ្នាំនេះ និងដល់ទៅ៧០ភាគរយនៅពាក់កណ្តាលឆ្នាំដំបូងនៃឆ្នាំ២០២២៕
(ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press, Agence France-Presse និង Reuters)