ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងចំណាយពេលពេញមួយថ្ងៃដំបូងក្នុងដំណើរទស្សនកិច្ច៣ថ្ងៃជាប្រវត្តិសាស្ត្ររបស់លោកទៅកាន់ប្រទេសគុយបានៅថ្ងៃច័ន្ទនេះ ដើម្បីជួបពិភាក្សាដោយផ្ទាល់ទល់មុខគ្នាជាមួយប្រធានាធិបតីគុយបា លោក រ៉ាអ៊ូល កាស្ត្រូ (Raul Castro)។
ការជួបគ្នារវាងប្រធានាធិបតីនៃប្រទេសទាំងពីរនេះ នឹងឈានទៅបិទទំព័រប្រវត្តិសាស្ត្រនៃភាពប្រទូសរ៉ាយនឹងគ្នាក្នុងសង្គ្រាមត្រជាក់អស់រយៈពេលជាង៥០ឆ្នាំកន្លងមកនេះ។
ជំនួបនៅឯវិមានបដិវត្តក្នុងរដ្ឋធានីឡាហាវ៉ាន (Havana) របស់គុយបានេះ គឺជាការជួបគ្នាលើកទី៤ហើយរវាងមេដឹកនាំទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយរួមទាំងការជួបគ្នារយៈពេលខ្លីនៅឯពិធីបុណ្យសពរបស់លោក Nelson Mandela នៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ២០១៣ និងនៅឯកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយនៅក្រុងប៉ាណាម៉ា (Panama) កាលពីខែមេសាឆ្នាំមុខផងដែរ។
លោក អូបាម៉ា និងលោក កាស្ត្រូ នឹងជល់កែវគ្នានៅយប់ថ្ងៃច័ន្ទនេះ នៅឯពិធីទទួលទានអាហារពេលល្ងាចជួបគ្នាមួយនៅឯវិមានបដិវត្តនោះ។
ដំណើរទស្សនកិច្ចរបស់លោកអូបាម៉ាពេលនេះ នឹងធ្វើឲ្យលោកក្លាយជាប្រធានាធិបតីអាមេរិកស្ថិតនៅក្នុងតំណែងដំបូងគេ ដែលបានធ្វើដំណើរទៅកាន់ប្រទេសគុយបា ក្នុងរយៈពេលជិត៩០ឆ្នាំមកនេះ។
ប្រធានាធិបតីគុយបាមិនបានទៅទទួលលោក អូបាម៉ាទេ នៅពេលលោក អូបាម៉ាចុះពីយន្តហោះ Air Force One កាលពីរសៀលថ្ងៃអាទិត្យនោះ។ ផ្ទុយទៅវិញរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានដឹកនាំគណៈប្រតិភូគុយបាមួយក្រុមតូច ដើម្បីស្វាគមន៍លោក អូបាម៉ា ភរិយារបស់លោក គឺលោកស្រី Michelle និងកូនស្រីទាំងពីររបស់ពួកគេ ព្រមទាំងម្តាយក្មេករបស់លោកអូបាម៉ា គឺលោកស្រី Marian Robinson។
ប្រមុខការទូតអាមេរិកប្រចាំនៅក្នុងប្រទេសគុយបា ក៏ទៅទទួលស្វាគមន៍ក្រុមគ្រួសាររបស់លោក អូបាម៉ាផងដែរ៕