ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាំ​ព្រះនាង​ផាមីណា​ទេវី​បង្ហាញ​ពី​ទស្សនៈ​ពឹង​អាស្រ័យ​គ្នា


ឈុត​មួយ​ក្នុង​រឿង​ «ព្រះនាង​ផាមីណា​ទេវី» ដែល​ច្នៃ​ចេញ​ពី​រឿង​ «ខ្លុយ​វេទមន្ត​» របស់​លោក​ Mozart ​ត្រូវ​បាន​សម្តែង​ដោយ​ក្រុម​សិល្បៈ​សុភីលីន​ នៅ​​ឯ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​ឧសភា​ ឆ្នាំ​២០១៥។
ឈុត​មួយ​ក្នុង​រឿង​ «ព្រះនាង​ផាមីណា​ទេវី» ដែល​ច្នៃ​ចេញ​ពី​រឿង​ «ខ្លុយ​វេទមន្ត​» របស់​លោក​ Mozart ​ត្រូវ​បាន​សម្តែង​ដោយ​ក្រុម​សិល្បៈ​សុភីលីន​ នៅ​​ឯ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​ឧសភា​ ឆ្នាំ​២០១៥។

របាំ​ព្រះនាង​ ផាមីណា ទេវី​ ដែល​ជា​ការ​ច្នៃប្រឌិត​ចេញ​ពី​លំនាំ​រឿង​ខ្លុយទិព្វ (Magic Flute) របស់​ លោក Mozart បាន​បង្ហាញ​មុខ​សាជា​ថ្មី​នៅ​លើ​ឆាក​សម្តែង​ក្នុង​រោង​មហោ​ស្រព​សម្តែង​សិល្បៈ​នៃ​នាយកដ្ឋាន​ភាពយន្ត​ក្រុង​ភ្នំពេញ កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន​នេះ។​

នៅ​ចំពោះ​មុខ​អ្នក​ទស្សនា​ជាតិ និង​អន្តរជាតិ​ អ្នកស្រី​ សុភីលីន-ជាម ស្សាភារ៉ូ ​ បាន​ដំណាល​សាច់រឿង​របស់​ព្រះនាង​ ផាមីណា ទេវី ​ដែល​បាន​ព្យាយាម​ស្វែងរក​ផ្លូវ ដើម្បី​ពន្លត់​កំហឹង​សងសឹក​របស់​មាតា និង​បិតា​របស់​ព្រះនាង​ ដែល​គ្រប់គ្រង​នគរ​ពីរ​ផ្សេង​ដាច់​ពី​គ្នា ដោយ​សារ​តែ​ខ្វះ​ការ​ស្វែង​យល់​ពីគ្នា​ទៅវិញ​ទៅ​មក។​

អ្នកស្រី​ សុភីលីន-ជាម ស្សាភារ៉ូ​ បាន​ពន្យល់​រៀបរាប់​ពី​ចង្វាក់​រាំ​របាំ​ព្រះនាង ​ផាមីណា​ ទេវី​ ដោយ​ការ​រាំ​ពី​ឆ្វេង​ទៅ​ស្តាំ ​ក្នុង​បំណង​បញ្ជាក់​ពី​ទស្សនៈ​ពីរ​ផ្សេង​គ្នា នៅ​ក្នុង​ដំណើរ​រឿង​ព្រះនាង ផាមីណា ទេវី​នេះ​ ដែល​បាន​ប្រើ​ពេល​ជាង​៧០នាទី ក្នុង​ការ​សម្តែង​ដោយ​ក្រុម​សិល្បៈ​ចំនួន​៣២រូប។​

អ្នកស្រី​មាន​ប្រសាសន៍​ថា ៖ «នៅ​ពេល​ចុង​បញ្ចប់​នាង ផាមីណា​ ទេវី​ ព្រះឆព័ន្ធ នរក្ស និងនរី​ហ្នឹង គេរាំ​ទៅឆ្វេង​ ទៅស្តាំ​តំណាង​ឲ្យ​ជា​និមិត្តរូប​នៃ​ទស្សនៈពីរ​ ទីមួយ​គឺ​នារី និង​បុរស​គួរតែ​ ចេះ​ដឹក​និង​ចេះ​តាម​ ហើយ​ទីពីរ​ទៀត​នារី​ និង​បុរស​គួរ​តែ​ចេះ​ពន្យល់​ហើយ​ចេះ​ស្តាប់​។ ហើយ​បើសិន​ជាយើង​ធ្វើ​អាហ្នឹង​បាន​ យើង​អាច​ស្វែងយល់​ពីគ្នា​ ហើយ​យើង​អាច​ធ្វើការ​ជាមួយ​គ្នា​បាន​ កសាង​សុភមង្គល​ជាមួយ​គ្នា​បាន​»។

ឈុត​មួយ​ដែល​បង្ហាញ​ពី​ព្រះ​នាង​ផាមីណា​ទេវី​ស្ថិត​នៅ​ក្នុង​ភាព​តាន​តឹង​រវាង​ព្រះ​អរុណ​ធិបតី​ និង​សាយ័ន្ត​រាជនី ក្នុង​រឿង​ «ព្រះនាង​ផាមីណា​ទេវី» ដែល​ច្នៃ​ចេញ​ពី​រឿង​ «ខ្លុយ​វេទមន្ត​» របស់​លោក​ Mozart ​ត្រូវ​បាន​សម្តែង​ដោយ​ក្រុម​សិល្បៈ​សុភីលីន​ នៅឯ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​ឧសភា​ ឆ្នាំ​២០១៥។
ឈុត​មួយ​ដែល​បង្ហាញ​ពី​ព្រះ​នាង​ផាមីណា​ទេវី​ស្ថិត​នៅ​ក្នុង​ភាព​តាន​តឹង​រវាង​ព្រះ​អរុណ​ធិបតី​ និង​សាយ័ន្ត​រាជនី ក្នុង​រឿង​ «ព្រះនាង​ផាមីណា​ទេវី» ដែល​ច្នៃ​ចេញ​ពី​រឿង​ «ខ្លុយ​វេទមន្ត​» របស់​លោក​ Mozart ​ត្រូវ​បាន​សម្តែង​ដោយ​ក្រុម​សិល្បៈ​សុភីលីន​ នៅឯ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​ឧសភា​ ឆ្នាំ​២០១៥។

នៅក្នុង​ឈុត​មួយ​នៃ​ការ​សម្តែង​នេះ​ ព្រះអរុណធិបតី​ដែល​ជា​ស្តេច​គ្រប់គ្រង​នគរ​ព្រះ​អាទិត្យ​ បាន​បញ្ជា​ឲ្យ​ តួអង្គ​ធរនា​ជាសេនា​របស់​ទ្រង់​ មក​ចាប់​យក​ព្រះនាង​ ផាមីណា ទេវី ​ជា​បុត្រី​របស់​ទ្រង់​ពីនគរ​ពេល​យប់​ ដែល​គ្រប់គ្រង​ដោយ​ព្រះរាជនីសាយណ្ហ​ ទៅ​កាន់​នគរ​ព្រះអាទិត្យ​ ដើម្បី​ទទួល​បាន​ការ​អប់រំ​ពី​បណ្ឌិត​នៃ​នគរ​ព្រះ​អាទិត្យ។​

អ្នកស្រី សុភីលីន-ជាម ស្សាភារ៉ូ ​បាន​ដំណាល​ឈុត​នេះ​ថា​៖ «ពេល​មក​ដល់​ហ្នឹង​ អរុណធិបតី​បានពន្យល់​ទៅ​នាង ផាមីណា​ ទេវី ថា​ ហេតុអី​បាន​ជា​លោក​ឲ្យ​គេ​ចាប់​នាង​ហ្នឹង​មក​ ព្រោះ​នគរ​ពេល​យប់​ហ្នឹង​គ្រប់​គ្រង​ដោយ​នារី​។ នារី​មាន​ចិត្ត​ស្មុគ្រស្មាញ​ និយាយ​ដើម​គ្នា​ អវិជ្ជា​ ហើយ​គិត​អ្វីតាម​មនោសញ្ចេត​នា​គ្នា​ គ្មាន​ប្រព័ន្ធ​ គ្មាន​ការ​ពិចារណា​ត្រឹម​ត្រូវ»។​

អ្នកស្រី​ បន្តថា​៖ «អញ្ចឹង​ព្រះនាង ​ផាមីណា ទេវី ​ក៏​ពន្យល់​ទៅ​ឪពុក​វិញ​ថា​ ហ៊ឺបិតា​ កុំ​មាន​បន្ទូល​អញ្ចឹង​អ្វី​ពីព្រោះ​ កាលនាង​នៅណោះ​ក៏មានសេច​ក្តីសុខ​ដែរ​ អញ្ចឹង​ថ្វីត្បិត​តែ​យើង​កើត​មក​ជាស្រី​មាន​កម្លាំង​ខ្សោយ​មែន​ ប៉ុន្តែ​បញ្ញា​ញាណ​របស់​យើង​ គតិបណ្ឌិត​របស់​យើង​ក៏​មាន​ខ្ពង់​ខ្ពស់​ដូច​បុរស​ដែរ។ ហើយ​អញ្ចឹង​ដូច​ពាក្យ​ចាស់​លោកថា ​ឈើវៀច​យក​ធ្វើកង់​ ឈើ​ត្រង់​យក​ធ្វើកាំ​ដៃឆ្វេង​ផ្គុំនឹង​ដៃ​ស្តាំ​ទាំង​ពីរ​ហ្នឹង​អាច​ធ្វើការ​ងារ​ យើង​អាច​កសាង​ជីវិត​ឲ្យ​មាន​សុភមង្គល​បាន​ជាមួយ​គ្នា»។

អ្នក​របាំ​ក្នុង​ក្រុម​សិល្បៈ​សុភីលីន​សំពះ​គ្រូ​ មុន​ហាត់​សម្តែង​រឿង​ «ព្រះនាង​ផាមីណា​ទេវី» ដែល​ច្នៃ​ចេញ​ពី​រឿង​ «ខ្លុយ​វេទមន្ត​» របស់​លោក​ Mozart នៅ​ឯ​រោង​សិល្បៈ​របស់​ពួកគេ​នៅ​ក្នុង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​ឧសភា ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)
អ្នក​របាំ​ក្នុង​ក្រុម​សិល្បៈ​សុភីលីន​សំពះ​គ្រូ​ មុន​ហាត់​សម្តែង​រឿង​ «ព្រះនាង​ផាមីណា​ទេវី» ដែល​ច្នៃ​ចេញ​ពី​រឿង​ «ខ្លុយ​វេទមន្ត​» របស់​លោក​ Mozart នៅ​ឯ​រោង​សិល្បៈ​របស់​ពួកគេ​នៅ​ក្នុង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​ឧសភា ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)

ខ្សែ​រឿង​ដែល​មាន​បីឈុត​ឆាក​នេះ​ បាន​បញ្ចប់​ទៅ​នៅ​ត្រង់​ តួ​អង្គ​នរ័ក្ស​ជា​ព្រាន​ព្រៃ​លើក​ឃ្មោះ​ទូង​ បំបែកការ​ប្រយុទ្ធ​រវាង​បិតា ​និង​មាតា​របស់​ព្រះនាង ​ផាមីណា​ ទេវី​ ដែល​ដណ្តើម​យក​ព្រះនាង​ផាមីណា ទេវី​ ទៅ​គ្រប់គ្រង​រៀងៗខ្លួន។​ ទំនាស់​ គឺ​បាន​កើត​ឡើង​ បន្ទាប់​ពី​ព្រះអារុណ​អធិបតី​ចាប់​យក​នាង​ព្រះនាង​ផាមីណា​ ទេវី​ ហើយ​រួម​ទាំង​បាន​ស្តី​បញ្ចើចបញ្ចើរ​ ឲ្យ​ទៅ​ព្រះសាយ​ណ្ហរាជនី​ថា​អស​មត្ថ​ភាព​ក្នុង​ការ​គ្រប់គ្រង​នគរ​ ដោយ​សារ​តែ​ផ្តេកផ្តួល​លើ​មនោ​សញ្ចេតនា។​

លោក គង់ វីរៈ ​អាយុ​ ៤៣​ឆ្នាំ ដែល​បាន​ចូលរួម​ទស្សនា​របាំ​នេះ​លើក​ដំបូង​ បាន​សម្តែង​ការ​សរសើរ​ចំពោះ​ខ្លឹម​សារ​នៃ​របាំនេះ​ ដែល​មាន​គោលដៅ​ពង្រឹង​នូវ​ទំនាក់​ទំនង​រវាង​បុរស​ និងស្រ្តី​ដោយ​ត្រូវ​ពឹង​ផ្អែក​គ្នាខ្វះ​មិនបាន​នៅក្នុង​សង្គម​មួយ។

លោក​និយាយ​ថា៖ «សាច់​រឿង​គំនិត​វាពីរ​គឺថា​ ដូច​ក្នុង​សាច់​រឿង​គឺថា​នគរ​មួយ​តំណាង​ឲ្យ​ពន្លឺ​ពេល​ថ្ងៃ​ដែល​តួរ​សម្តែង​ គឺថា​សុទ្ធតែ​បុរស​ ដល់​ពេល​នគរ​រាត្រី​នោះ​តួសម្តែង​សុទ្ធ​តែស្រី​ៗ​ ហើយ​ដល់​ពេល​ចុងបញ្ចប់​គឺថា​ ទាល់​តែ​មនុស្ស​ស្រី​មនុស្ស​ប្រុស​ហ្នឹង​មក​ជួបជុំ​គ្នា​ ភព​ប្រសព្វ​គ្នា បាន​អាច​វា​រីកចម្រើន​បាន អាច​ទៅមុខ​កើត​ជា​វប្បធម៌​បាន។​ វា​មិន​អាច​យប់​ដោយ​យប់​ ថ្ងៃ​ដោយ​ថ្ងៃ​ទេ​ ទាល់​តែ​មាន​យប់​មាន​ថ្ងៃ​បាន​ វា​ទៅ​មុខ​កើត​ ដូចស្រី​ និង​ប្រុស​ទាល់​តែ​ភព​ប្រសព្វ​គ្នា​បាន​អាច​តជា​កូន​ចៅទៅមុខទៀតបាន​»។

របាំ​ ផាមីណា ទេវី ​របស់​ក្រុម​សិល្បៈ​សុភីលីន ​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់អ្នកស្រី​ សុភីលីន-ជាម ស្សាភារ៉ូ​ ​ត្រូវ​បាន​ លោក Peter Sellars ​អ្នកដឹកនាំ​រឿង​ដ៏​ល្បីល្បាញ​ក្នុង​សកលលោក​នាំយក​ទៅ​សម្តែងនៅ​ទីក្រុង វីយ៉ែន ​ប្រទេសអូទ្រីស​ កាល​ពីឆ្នាំ​២០០៦​ ដើម្បី​រំលឹក​ដល់​ខួប​នៃការ​ចាប់​កំណើត​របស់​លោក​ Wolfgang Amadeu Mozart ​កាលពី​២៥០ឆ្នាំ​មុន។​ របាំ​ដដែល​នេះ​ក៏​ត្រូវបាន​នាំ​យក​ទៅ​សម្តែង​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ២០០៧ និង​នៅ​ប្រទេស ហូឡង់​ ​ឆ្នាំ​២០០៨៕

XS
SM
MD
LG