ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋប៉ាឡេស្ទីន​​រត់​គេច​ពី​តំបន់​ហ្កាហ្សា​ភាគខាង​ជើង​ ខណៈ​មាន​ការ​វាយប្រហារ​របស់​​អ៊ីស្រាអែល


ជន​ប៉ាឡេស្ទីន​កាន់​របស់​របរ​នៅ​ពេល​ពួកគេ​ដើរ​នៅ​តំបន់​ហ្គាហ្សា​ភាគ​ខាង​ត្បូង​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ២០២៣។
ជន​ប៉ាឡេស្ទីន​កាន់​របស់​របរ​នៅ​ពេល​ពួកគេ​ដើរ​នៅ​តំបន់​ហ្គាហ្សា​ភាគ​ខាង​ត្បូង​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ២០២៣។

យោធា​អ៊ីស្រាអែលនិយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ខ្លួន​បាន​សម្លាប់អ្នក​ផលិត​អាវុធ​កំពូល​ម្នាក់​របស់​ក្រុម​ហាម៉ាស់​ ខណៈពេលកងកម្លាំងអ៊ីស្រាអែលកំពុង​ធ្វើ​ប្រតិបត្តិការ​វាយលុក​តាម​ផ្លូវ​អាកាស​និង​ថ្មើរ​ជើង​ចូល​តំបន់​ហ្កាហ្សាដោយសំដៅទៅ​លើ​ក្រុម​សកម្ម​ប្រយុទ្ធហាម៉ាស់។​

បើ​តាម​រដ្ឋមន្ត្រី​ការពារ​ជាតិអ៊ីស្រាអែល​បាន​ឱ្យ​ដឹង​ថា កងកម្លាំងអ៊ីស្រាអែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ទីក្រុង ​Gaza City ហើយ​មាន​ពលរដ្ឋ​ប៉ាឡេស្ទីន​ស៊ីវិល​ជា​ច្រើន​នាក់​កំពុង​រត់​គេច​ខ្លួន​ចេញ​ពី​តំបន់​ភាគ​ខាង​ជើង​ហ្កាហ្សាឆ្ពោះ​ទៅ​កាន់​តំបន់​ជ្រោយ​ភាគ​ខាង​ត្បូង​ហ្កាហ្សា​វិញ។​

ការិយាល័យសម្រប​សម្រួល​កិច្ចការ​មនុស្សធម៌របស់​អង្គការ​សហប្រជាជាតិ​ បាន​ប៉ាន់ប្រមាណ​ថា​ មនុស្ស​ប្រមាណ​១ម៉ឺន​៥ពាន់នាក់​ បាន​រត់​ភៀសខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ ​ ដែលមាន​ចំនួន​កើន​លើស​៣​ដង​នៃ​ចំនួន​អ្នក​រត់​ភៀសខ្លួន​កាល​ពីថ្ងៃ​ចន្ទ​កន្លង​ទៅ។

អង្គការ​សហ​ប្រជាជាតិ​បានព្រមាន​ពីចំនួន​មនុស្ស​ណែន​លើស​ចំណុះ​នៅតំបន់​ហ្កាហ្សាភាគ​ខាង​ត្បូង​ ​ហើយ​មណ្ឌល​ជនភៀសខ្លួនមិនអាច​ទទួល​យក​អ្នកមក​ដល់ថ្មីៗបាន​ទៀត​ឡើយ​។ មនុស្ស​ប្រមាណ​២ភាគ​៣​នៃ​ពលរដ្ឋ​សរុប​ដែល​រស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ទាំង​២,៣​លាន​នាក់​ ជា​អ្នកបាត់​បង់​ទី​ជម្រក។ បើតាម​អង្គការ​សហប្រជាជាតិ​បាន​ឱ្យ​ដឹង​ថា​ ពលរដ្ឋ​ទាំង​អស់​នេះ កំពុង​ប្រឈមនឹង​ការ​រស់​នៅ​ដោយ​គ្មាន​អនាម័យ​ ខ្វះ​ទឹក​ និង​ខ្វះប្រេងឥន្ធនៈប្រើប្រាស់​។

ការ​ផ្តល់​ជំនួយ​តាម​រយៈ​ប្រទេស​អេហ្ស៊ីប​បាន​មក​ដល់​តំបន់​ហ្កាហ្សា​កាល​ពី២​សប្តាហ៍​កន្លង​ទៅ ដែល​ក្នុងនោះ​មាន​រថយន្ត​ដឹក​ជំនួយចំនួន​៨១​គ្រឿង​ទៀត​បាន​មក​ដល់​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។​ ​អង្គការ​សហប្រជាជាតិក៏​បាន​និយាយ​ផង​ដែរ​ថា​ ​មុន​ជម្លោះ​កើត​ឡើងក្នុង​តំបន់​ហ្កាហ្សា​ មាន​រថយន្ត​ដឹក​ជំនួយ​ជា​មធ្យម​៥០០​គ្រឿង​ក្នុងមួយថ្ងៃបាន​ចូល​ទៅ​តំបន់​ហ្កាហ្សា។

ក្រសួង​សុខាភិបាល​ក្នុង​តំបន់​ហ្កាហ្សាដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់​និយាយ​ថា​ ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស​អស់​ជាង១០.​៥០០​នាក់​ហើយ​រហូត​មក​ដល់​ពេល​នេះ​ ​ហើយ​២​ភាគ​៣​នៃ​អ្នក​ស្លាប់​ជាស្ត្រី​និង​កុមារ។​ ​

អង្គការ​សហ​ប្រជាជាតិ​និយាយ​ថា​ ជនបរទេសនិង​អ្នកមាន​សញ្ជាតិ​២​ប្រមាណ​៦០០​នាក់ បាន​ចាក​ចេញ​ពី​តំបន់​ហ្កាហ្សា​ដោយ​ឆ្លង​ច្រកព្រំដែនទៅ​កាន់​ប្រទេស​អេហ្ស៊ីប​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr ​បាន​និយាយតាម​វីដេអូ​នៅថ្ងៃ​ពុធ​នេះ​ថា​ ជនជាតិ​ហ្វីលីពីន​ចំនួន​៤០​នាក់ បាន​ឆ្លង​ចូល​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប ហើយ​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​មក​ប្រទេស​កំណើត​របស់​ខ្លួន​វិញ៕

XS
SM
MD
LG