ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ពិចារណា​ផ្អាក​ប្រតិបត្តិការ​យោធា​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​និង​ដោះលែង​ចំណាប់ខ្មាំង


ជន​ជាតិ​ប៉ាឡេស្ទីន​រង​របួស​នៅ​កន្លែង​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​អគារ​លំនៅដ្ឋាន ខណៈ​ដែល​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ក្រុម​អ៊ិស្លាម​ប៉ាឡេស្ទីនហាម៉ាស់ (Hamas) នៅ​ក្នុង​ក្រុង Khan Younis ក្នុង​តំបន់​ហ្កាហ្សា​ភាគ​ខាង​ត្បូង​មាន​ជាបន្ត នៅ​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជន​ជាតិ​ប៉ាឡេស្ទីន​រង​របួស​នៅ​កន្លែង​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​អគារ​លំនៅដ្ឋាន ខណៈ​ដែល​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ក្រុម​អ៊ិស្លាម​ប៉ាឡេស្ទីនហាម៉ាស់ (Hamas) នៅ​ក្នុង​ក្រុង Khan Younis ក្នុង​តំបន់​ហ្កាហ្សា​ភាគ​ខាង​ត្បូង​មាន​ជាបន្ត នៅ​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​ថា ប្រទេស​អ៊ីស្រាអែល​នឹង​ពិចារណា​អំពី​ការ​ផ្អាក​ប្រតិបត្តិការ​យោធា​រយៈពេល​ខ្លី​ដើម្បី​អនុញ្ញាត​ឱ្យ​ជំនួយ​មនុស្ស​ធម៌​បាន​ចូល​ទៅ​ដល់​តំបន់​ហ្កាហ្សា (Gaza) ឬ​ក៏​ដើម្បី​អនុញ្ញាត​ឱ្យ​ចំណាប់​ខ្មាំង​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) ចាប់​ឃុំ​អាច​ចាកចេញ​បាន ប៉ុន្តែ​លោក​បាន​ច្រានចោល​នូវ​កិច្ច​ឈប់​បាញ់​គ្នា​ជា​ទូទៅ​នៅ​ក្នុង​សង្គ្រាម​រយៈពេល​មួយ​ខែ​កន្លង​មក​នេះ​របស់​អ៊ីស្រាអែល​ជាមួយ​នឹង​ក្រុម​ហាម៉ាស់។

លោក Netanyahu បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​ ABC News ថា លោក​ប្រមើល​មើល​ឃើញ​ថា​ប្រទេស​អ៊ីស្រាអែល​នឹង «មាន​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​សន្តិសុខ​ជា​រួម» នៅ​ក្នុង​តំបន់​ហ្កាហ្សា​សម្រាប់​រយៈពេល​មិន​កំណត់​មួយ​នៅ​ក្រោយ​ពេល​ដែល​ខ្លួន​សម្រេច​បាន​នូវ​គោល​បំណង​នៃ​ការ​កម្ទេច​ក្រុម​ហាម៉ាស់​បាន​ទាំងស្រុង។

សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​ប្រធានាធិបតី Joe Biden និង​លោក Netanyahu បាន​ពិភាក្សា​គ្នា​នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​អំពី​លទ្ធភាព​នៃ​ការ​ផ្អាក​ប្រតិបត្តិការ​យោធា​បែប​យុទ្ធវិធី​ដើម្បី​អនុញ្ញាត​ឱ្យ​ជន​ស៊ីវិល​នៅ​ក្នុង​តំបន់​ហ្កាហ្សា​អាច​ចាកចេញ​ដោយ​សុវត្ថិភាព​ពី​តំបន់​ដែល​កំពុង​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​បន្ត ធានា​ថា​ជំនួយ​បាន​ចូល​ទៅ​ដល់​ដៃ​របស់​ជន​ស៊ីវិល​ដែល​ត្រូវការ​ជំនួយ និង​រិះរក​វិធី​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់​ខ្មាំង។

លោក Biden បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​គាំទ្រ​មិន​ងាករេ​របស់​លោក​ចំពោះ​ប្រទេស​អ៊ីស្រាអែល​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់ និង​បាន​សង្កត់​ធ្ងន់​អំពី​ភាព​ចាំបាច់​នៅ​ក្នុង​ការ​ការពារ​ជន​ស៊ីវិល​ប៉ាឡេស្ទីន​និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចំពោះ​ជន​ស៊ីវិល​ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​យោធា។ លោក​ក៏​បាន​លើកឡើង​អំពី​ស្ថានការណ៍​នៅ​ក្នុង​តំបន់ West Bank និង​តម្រូវការ​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​អ្នក​តាំងទី​ជ្រុល​និយម​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​ហិង្សា​របស់​ខ្លួន​ផង​ដែរ។

ការិយាល័យ​មនុស្សធម៌​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា រថយន្ត​ដឹក​ជំនួយចំនួន​ ៩៣ ​គ្រឿង​ដែល​ដឹក​ស្បៀង​អាហារ ថ្នាំពេទ្យ គ្រឿង​បរិក្ខារ​ពេទ្យ និង​ទឹក​បាន​ឆ្លង​ព្រំដែន​ពី​ប្រទេស​អេហ្ស៊ីប​ចូល​ទៅ​ក្នុង​តំបន់​ហ្កាហ្សា​កាលពី​ថ្ងៃ​ចន្ទ។

ទីភ្នាក់ងារ​មនុស្សធម៌​នេះ​បាន​បន្ថែម​ថា ចាប់​តាំងពី​ពេល​ដែល​ការ​ដឹក​ជញ្ជូន​ជំនួយ​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី ២១ ខែ​តុលា​មក រថយន្ត​ដឹក​ជំនួយ​សរុប​ចំនួន ៥៩៣ គ្រឿង​បាន​ចូល​ទៅ​ដល់​តំបន់​ហ្កាហ្សា បើ​ប្រៀប​ទៅ​នឹង​រថយន្ត​ដឹក​ជំនួយ​ជា​មធ្យម​ចំនួន ៥០០ គ្រឿង​ក្នុង​មួយ​ថ្ងៃ​ដែល​បាន​ចូល​ទៅ​ដល់​តំបន់​នោះ​មុន​ពេល​សង្គ្រាម​បាន​ចាប់ផ្ដើម។

នៅ​ក្នុង​ការ​ប្រជុំ​ជូន​ដំណឹង​តាម​អនឡាញ​មួយ​កាលពី​ថ្ងៃ​ចន្ទ អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក John Kirby បាន​បង្ហាញ​នូវ​ក្ដី​សង្ឃឹម​ថា ការ​ផ្អាក​ប្រតិបត្តិការ​យោធា​រយៈពេល​ខ្លី​ដើម្បី​មនុស្សធម៌​នឹង​ធ្វើ​ឡើង​ឆាប់ៗ​ខាង​មុខ​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​តំបន់​ហ្កាហ្សា៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

XS
SM
MD
LG