ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​ប៉ាគីស្ថាន​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​រៀបអាពាហ៍ពិពាហ៍​ខុស​ច្បាប់


រូបឯកសារ៖ ស្រ្តីវ័យជំទង់ជនជាតិប៉ាគីស្ថាន ដែលគេចផុតពីការ​បង្ខំ​ឲ្យ​រៀបអាពាហ៍ពិពាហ៍ និយាយទៅកាន់អ្នកសារព័ត៌មាន AFP កនៅប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣។ 
រូបឯកសារ៖ ស្រ្តីវ័យជំទង់ជនជាតិប៉ាគីស្ថាន ដែលគេចផុតពីការ​បង្ខំ​ឲ្យ​រៀបអាពាហ៍ពិពាហ៍ និយាយទៅកាន់អ្នកសារព័ត៌មាន AFP កនៅប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣។ 

របាយការណ៍​ពី​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​នៅ​ប្រទេស​ប៉ាគីស្ថាន​បង្ហាញ​ពី​អ្វី​ដែល​ខ្លួន​អះអាង​ថា ជា​ក្រុម​អ្នក​ជួញដូរ​មនុស្ស​ត្រូវ​បាន​ថត​សកម្មភាព​បាន​ពេល​កំពុង​រៀបចំអាពាហ៍ពិពាហ៍រវាង​បុរស​ជនជាតិ​ចិន​ និង​ស្រ្តី​ជនជាតិ​ប៉ាគីស្ថាន។

ស្ថានីយ​ទូរទស្សន៍របស់​ប៉ាគីស្ថាន​បាន​បញ្ចាំង​អ្វី​ដែល​ខ្លួន​បាន​ហៅ​ថា ​ការ​រៀប​អាពាហ៍ពិពាហ៍​ក្លែងក្លាយ​រវាងបុរសជន​ជាតិ​ចិន​និង​ស្រ្តី​ជន​ជាតិ​ប៉ាគីស្ថាន ​រួម​មាន​ក្មេង​ស្រី​ជំទង់ផងដែរ។ សេចក្តីរាយការណ៍​នោះបាន​ប្រាប់​ឲ្យ​ដឹងទៀតថា ​ស្រ្តី​ជនជាតិ​ប៉ាគីស្ថាន​ដែល​រៀបការ​ក្លែងក្លាយខ្លះ​ជាមួយបុរស​ជនជាតិ​ចិនត្រូវ​បានគេ​ជួញ​ដូរ​និង​លក់​សរីរាង្គនៅខេត្ត​សាងដុង​នៃ​ប្រទេស​ចិន​។

បណ្តាញ​ផ្សាយ​ព័ត៌មាន​ប៉ាគីស្ថាន​រាយការណ៍​ថា ​ពួកជួញ​ដូរ​មនុស្ស​ចិន​កំពុងបើក​មជ្ឈមណ្ឌល​រៀបការ​ខុស​ច្បាប់​ក្នុង​ប្រទេស​ប៉ាគីស្ថាន ​ដែល​នៅ​ទី​នោះ ​ពួកគេ​បានរង​ការ​ចោទ​ប្រកាន់​ថា បាន​ឆបោក​ស្រ្តី​មក​ពី​ក្រុម​គ្រួសារក្រីក្រ ឲ្យ​ធ្វើ​ការ​រៀបការ​ក្លែងក្លាយ មុនពេល​ដឹកជញ្ជូន​ និងបង្ខំ​ពួកគេ​ឲ្យ​ធ្វើជា​ស្រ្តី​ពេស្យា​ ឬ​លក់​សរីរាង្គ​របស់​ពួកគេ​នៅប្រទេស​ចិន។

ការ​បញ្ចេញព័ត៌មាន​នេះ​បាន​បណ្តាល​ឲ្យ​ស្ថាន​ទូត​ចិន​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ​ធ្វើ​ការ​ឆ្លើយ​តបកាល​ពី​ថ្ងៃ​សៅរ៍ ​ដោយ​និយាយ​ថា ​ពាណិជ្ជកម្មទាំង​នេះ ​ត្រូវបាន​ហាម​ឃាត់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ច្បាប់​ចិន​ ហើយ​សន្យាធ្វើ​ការបង្ក្រាប​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយអាជ្ញាធរ​ប៉ាគីស្ថាន​ស្តីពី​ការ​រក​ប្រាក់​កម្រៃ​ខុសច្បាប់​ តាម​រយៈ​ការ​រៀបការខុសច្បាប់​ឆ្លងកាត់​ព្រំ​ដែន​នេះ។

ចំនួន​ជន​ជាតិ​ចិន​ ដែល​ទៅ​ទស្សនា​ប៉ាគីស្ថាន​ដែល​ជា​ប្រទេស​ជិតខាង​បាន​កើនឡើង​យ៉ាង​ខ្លាំង​ចាប់​តាំង​ពីការ​ចាប់ផ្តើម​របៀង​សេដ្ឋ​កិច្ច​ទ្វេភាគី​រវាង​ចិន​និង​ប៉ាគី​ស្ថាន​ ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​កាល​ពី​៥​ឆ្នាំ​មុន។ គម្រោងសាក​ល្បងដ៏​សំខាន់​នៃ​កិច្ចផ្តួចផ្តើមផ្លូវពាណិជ្ជកម្ម (BRI) របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​នាំ​ការ​វិនិយោគទុន​ចិន​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​ ១៩​ពាន់​លាន​ដុល្លារ​ ដែល​មិន​ធ្លាប់​មាន​កាល​ពីពេល​មុនទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន។

សេចក្តី​រាយការណ៍​ព័ត៌មាន​អំពីការ​រៀបការ​ក្លែងក្លាយ​រវាងបុរស​ចិន​និង​ស្រ្តីប៉ាគីស្ថាន​បាន​លេច​ឡើង​ក្នុង​បណ្តាញ​ព័ត៌មាន​ជា​ប្រចាំ ​ដែល​បាន​ជំរុញ​ឲ្យសមា​ជិក​សភាជជែក​ដេញ​ដោល​អំពី​បញ្ហា​នេះ​ ហើយ​បាន​ទាម​ទារ​ឲ្យ​ពួក​មន្រ្តី​ពិនិត្យ​មើល​ការប្រតិបត្តិ​ខុសច្បាប់​នេះ។

ស្ថានីយ​ទូរទស្សន៍​ប៉ាគីស្ថាន​ផ្សព្វផ្សាយ​រូបភាព​ផ្សេងៗ​ពី​បុរស​ជនជាតិ​ចិន​មួយ​ចំនួន​ និង​ស្រ្តី​ប៉ាគីស្ថាន​ចំនួន​ប្រាំមួយ​នាក់ ដែល​ក្នុង​នោះ​មាន​ស្រ្តី​វ័យ​ជំទង់​ពីរ​នាក់ នៅ​មជ្ឈមណ្ឌល​រៀប​អាពាហ៌ពិពាហ៍​ខុស​ច្បាប់​មួយ​នៅ​ក្រុង​ Lahore។
ស្ថានីយ​ទូរទស្សន៍​ប៉ាគីស្ថាន​ផ្សព្វផ្សាយ​រូបភាព​ផ្សេងៗ​ពី​បុរស​ជនជាតិ​ចិន​មួយ​ចំនួន​ និង​ស្រ្តី​ប៉ាគីស្ថាន​ចំនួន​ប្រាំមួយ​នាក់ ដែល​ក្នុង​នោះ​មាន​ស្រ្តី​វ័យ​ជំទង់​ពីរ​នាក់ នៅ​មជ្ឈមណ្ឌល​រៀប​អាពាហ៌ពិពាហ៍​ខុស​ច្បាប់​មួយ​នៅ​ក្រុង​ Lahore។

​ប្រតិកម្ម​របស់​ស្ថាន​ទូត​ចិន​បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​ស្ថានីយ​ទូរទស្សន៍​ឯក​ជន​ដ៏​ល្បីមួយ​របស់​ប៉ាគីស្ថាន​បាន​បញ្ចាំង​រូបភាព​របស់​ពួក​បុរស​ចិន​ជា​ច្រើន​ជាមួយ​ស្រ្តីក្នុង​មូលដ្ឋានចំនួន ៦​នាក់​នៅ​ក្នុង​បន្ទប់​ផ្សេង​ៗ​គ្នា ​រួមមាន​ក្មេង​ស្រី​ជំទង់​ ២​នាក់​ផង ​នៅ​ឯ​មជ្ឈមណ្ឌលរៀបការ​ខុស​ច្បាប់​ក្នុង​ទីក្រុង Lahore ភាគ​ខាង​កើត។

រូប​ឯកសារ៖ អ្នក​ជិះ​កង់​ម្នាក់​ជិះ​កាត់​មជ្ឈមណ្ឌល​រៀប​អាពាហ៌ពិពាហ៌​នៅ​ក្រុង​ Peshawar។
រូប​ឯកសារ៖ អ្នក​ជិះ​កង់​ម្នាក់​ជិះ​កាត់​មជ្ឈមណ្ឌល​រៀប​អាពាហ៌ពិពាហ៌​នៅ​ក្រុង​ Peshawar។

ក្រុម​បណ្តាញ​ទូរទស្សន៍ ARY News បាន​បង្ហាញ​ខ្លួន​ដោយ​ការ​មិ​ន​ប្រកាសនៅឯ​មជ្ឈ​មណ្ឌល​នោះ ​រួម​ជាមួយ​ប៉ូលិស​មូលដ្ឋាន​ ហើយ​បាន​សម្ភាសន៍​ជន​បរទេស ​អ្នក​សម្រប​សម្រួល​ទី​កន្លែង​រៀបការ​ខុស​ច្បាប់​នោះ ​និង​ស្រ្តី​ជា​ភរិយា​ជនជាតិប៉ាគី​ស្ថាន​របស់​បុរស​ចិនទាំង​នោះ។

ស្ថានីយ​ទូរទស្សន៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ​នៅ​ពេលសួរ​សមាជិក​របស់​ជន​ឥន្ធពាលដែល​រងការ​ចោទ​ប្រកាន់ថា ​ជា​អ្នក​ជួញ​ដូរមនុស្ស​ជន​ជាតិ​ចិន​មិន​អាច​បង្ហាញលិខិតរៀប​អាពាហ៍ពិពាហ៍​នៅ​មូលដ្ឋាន​ឬ​ឯក​សារ​ដែល​បង្ហាញ​ថា ​ពួក​បុរស​ទាំង​នោះ​បាន​ប្តូរ​ទៅ​ជា​សាសនា​ឥស្លាម​ មុនពេល​រៀបការ​ស្រ្តីជាតិ​ប៉ាគីស្ថាន​កាន់​សាសនា​ឥស្លាម ​ដែល​ជា​តម្រូវការ​នៅ​ក្នុង​ច្បាប់​មូលដ្ឋាន។

ជន​រងគ្រោះ​ជាតិ​ប៉ាគីស្ថាន​បាន​ពន្យល់​ថា ក្នុងការ​ដោះ​ដូរចំពោះ​ការ​រៀប​ការ​របស់​ខ្លួន​ជាមួយបុរស​ជន​ជាតិ​ចិន ​ក្រុម​គ្រួសារ​របស់​ពួកគេ​នឹង​ទទួល​បាន​ប្រាក់​ ៣​រយ​ដុល្លារ ​ក្នុង​មួយ​ខែ​និង​ទិដ្ឋាការ​ចិន​សម្រាប់​សមាជិក​ប្រុសៗ​ក្នុង​ក្រុម​គ្រួសារ។ អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​រៀបការ​ក្នុង​មូលដ្ឋាន​នោះ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​ថា ពួក​គេ​ទាក់ទាញ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ឲ្យ​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​ដោយ​និយាយ​ថា កូនប្រសារ​ប្រុស​ជន​ជាតិ​ចិន​របស់​ពួកគេ​នឹង​ស្វះស្វែង​រក​សញ្ជាតិ​ប៉ាគីស្ថាន​ដែល​គេ​អាច​វិនិយោគទុន​នៅ​ប៉ាគីស្ថាន​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​របៀង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ចិន​និង​ប៉ាគីស្ថាន។

ស្ថានទូត​ចិន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «យើង​រំឭក​ទាំង​ពលរដ្ឋ​ចិន​ និង​ប៉ាគីស្ថាន​ឲ្យ​ស្ថិត​ក្នុងការ​ប្រុងប្រយ័ត្ន​ហើយ​កុំ​ចាញ់​បោក​គេ។​ យើង​សង្ឃឹម​ថា សាធារណជន​មិន​ជឿ​ព័ត៌មានដែល​នាំ​ឲ្យ​យល់​ខុសនេះ​ទេ ​ហើយធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ការពារ​មិត្តភាព​រវាង​ប៉ាគីស្ថាន​ និង​ចិន»។

សេចក្តីថ្លែងការណ៍​នោះ​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​ទាំង​២ ជំទាស់​ប្រឆាំង​យ៉ាងដាច់​អហង្ការ​ដល់​ការ​ជួញ​ដូរ​មនុស្សនិងការ​លក់​ដូរ​សរីរាង្គ​មនុស្ស ហើយ​បានច្រាន​ចោល​ថា​ ជាសេចក្តី​រាយការណ៍ «នាំ​ឲ្យ​យល់​ខុស​និង​គ្មាន​ហេតុ​ផល» អំពី​ការលក់​ដូរ​សរីរាង្គ​មនុស្ស​ក្នុង​ប្រទេស​ចិន។

សេចក្តីថ្លែងការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា៖ «​ចំពោះ​អ្នក​ដែលប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​កម្ម ការ​ទទួល​ខុសត្រូវផ្នែក​ឧក្រិដ្ឋកម្ម ​ត្រូវធ្វើ​ការ​ស៊ើបអង្កេត​ស្រប​ទៅ​តាម​ច្បាប់។​ ចិនកំពុង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ទីភ្នាក់​ងារ​ពង្រឹង​ច្បាប់​ប៉ាគីស្ថាន​ ដើម្បី​បង្ក្រាបមជ្ឈ​មណ្ឌល​រៀបការ​ខុ​សច្បាប់»។ ​សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​ថ្លែង​ទៀត​ថា ​ទាំង​យុវជន​ចិន​និង​ប៉ាគីស្ថាន ជា​ជន​រងគ្រោះ​របស់​ភ្នាក់​ងារខុសច្បាប់។

រូបឯកសារ៖ កូនក្រមុំ​ជនជាតិ​ប៉ាគីស្ថាន​ចូលរួម​នៅ​ក្នុង​ពិធី​មង្គលការ​មួយ​នៅ​ក្រុង​ Karachi។
រូបឯកសារ៖ កូនក្រមុំ​ជនជាតិ​ប៉ាគីស្ថាន​ចូលរួម​នៅ​ក្នុង​ពិធី​មង្គលការ​មួយ​នៅ​ក្រុង​ Karachi។

អ្នក​ការទូត​ចិន​ម្នាក់​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ​ក៏​បាន​បញ្ជូន​សេចក្តី​រាយការណ៍​តាម Twitter កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​ស្ថានីយ​ទូរទស្សន៍រដ្ឋ​ដែល​បង្ហាញ​ពី​ការបង្ក្រាប​របស់ប៉ូលិស​លើ​មជ្ឈមណ្ឌល​រៀបការ​ខុសច្បាប់​២​ ដែល​ទាក់​ទិន​នឹង​ជន​ជាតិ​ប៉ាគីស្ថាន​ក្នុង​ខេត្ត​សានដុង​នៃ​ប្រទេស​ចិន។

ខណៈ​ដែលនិយាយ​ប្រាប់​ត្រួសៗ​ដល់​សមាជិក​សភា​ប៉ាគីស្ថានក្នុង​ជំនួប​កាល​ពី​ពេលថ្មី​ៗ​នេះ​មាន​សេចក្តី​រាយការណ៍​ថា ក្រុម​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​និយាយ​ថា រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ​បាន​ធ្វើ​ការទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​អំពី​បញ្ហា​នៃការ​រៀបការ​ក្លែងក្លាយ​និង​វិធានការ​ដែល​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ទប់​ទល់​នឹង​បញ្ហា​នេះ។

លោកTariq Sardar អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ប៉ាគីស្ថាន​បាន​ត្រូវ​គេដក​ស្រង់​សម្តីនៅពេល​ប្រាប់​ជំនួប​នោះ​ថា៖ «ការិយាល័យ​រៀប​អាពាហ៍​ពិពាហ៍​ឯកជន​ខ្លះ ​បានទាក់ទិន​ទៅ​នឹង​ការ​រៀប​ការ​ទាំង​នោះ។ ហើយ​ពាក្យ​បណ្តឹង​ជា​ច្រើន​ត្រូវបានទទួល​មក​ពី​ទីក្រុង Lahore និង​ទីក្រុង Abbottabad នៃ​ប្រទេស​ប៉ាគីស្ថាន»។

ប៉ាគីស្ថាន​និង​ចិន​មាន​ការប្រុង​ប្រយ័ត្ន​បំផុតដល់​សេចក្តី​រាយការណ៍​ណា ​ដែល​រិះគន់​ទំនាក់​ទំនង​របស់ប្រទេស​ទាំង២។ ក្រុមមន្រ្តី​ប្រទេស​ទាំង២ ​ក៏បាន​រារាំង​ការិះគន់​របៀង​សេដ្ឋកិច្ច​ទ្វេភាគីរវាង​ចិន​ និង​ប៉ាគី​ស្ថាន​ ឬ (CPEC) និង​ការវិនិយោគទុនកិច្ច​ផ្តួចផ្តើម​ផ្លូវពាណិជ្ជកម្ម ឬ (BRI) ថា ជា​ការឃោសនា​របស់​ប្រទេស​លោក​ខាង​លិច។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ការពារ​របៀង​សេដ្ឋកិច្ច​ទ្វេភាគី​រវាង​ចិន​និង​ប៉ា​គី​ស្ថាន​ ឬ (CPEC)​ ថា​ ជា​កិច្ច​ផ្តួច​ផ្តើម​ប្រកប​ដោយ​ផ្លែផ្កា​យ៉ាង​ខ្លាំង ដោយ​និយាយ​ថា របៀង​សេដ្ឋ​កិច្ច​ទ្វេ​ភាគីរវាង​ចិន​និង​ប៉ាគី​ស្ថាន​ ឬ (CPEC) បាន​បង្កើត​ការងារ​រាប់​ពាន់​ក្នុង​ស្រុក ​និង​ដោះស្រាយ​វិបត្តិ​ថាមពល​ដែល​បាន​ធ្វើ​ឲ្យ​ជាប់គាំង​អស់​រាប់​ទសវត្ស​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

សហរដ្ឋ​អាមេរិក​បាន​ពោល​អះអាង​ថា គម្រោង​កិច្ចផ្តួចផ្តើម​ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​របស់​ចិន ​ជា​គម្រោង​សេដ្ឋ​កិច្ច​មានការ​មន្ទិល​សង្ស័យ​ ហើយ​មានផល​ប្រយោជន៍ផ្នែកសន្តិសុខ​ជាតិ​ដល់រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ កាល​ពី​សប្តាហ៍​មុន ​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​ថា រដ្ឋាភិ​បាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ព្យាយាម​ព្រមាន​ប្រទេស​ផ្សេង​ៗ​ទៀត​អំពី​ហានិភ័យនេះ៕

ប្រែ​សម្រួល​ដោយជឹង ​ប៉ូជីន

XS
SM
MD
LG