ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​ក្មេងៗ​នៅ​ប៉ាគីស្ថាន​បន្ត​ចំណូល​ចិត្ត​លេង​បាល់​ទាត់​ទោះ​មាន​ការ​ជំទាស់​ក៏​ដោយ


រូបភាពកាត់ពីវីដេអូបង្ហាញពីស្រ្តីក្មេងៗប៉ាគីស្ថានកំពុងលេងបាល់ទាត់។
រូបភាពកាត់ពីវីដេអូបង្ហាញពីស្រ្តីក្មេងៗប៉ាគីស្ថានកំពុងលេងបាល់ទាត់។

ស្ត្រី​ក្មេងៗ​មួយ​ក្រុម​បាន​ហ្វឹក​ហាត់​លេង​បាល់​ទាត់​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​នៃ​រសៀល​ថ្ងៃ​មួយ​នៅ​តំបន់​ក្រីក្រ​មួយ​កន្លែង​ក្នុង​ទីក្រុង Karachi ប្រទេស​ប៉ាគីស្ថាន។ ទិដ្ឋភាព​បែប​នេះ​ធ្វើ​ឲ្យ​គេ​ពិបាក​ស្រមៃ​បាន​ថា​តើ​បញ្ហា​អ្វី​ខ្លះ​ដែល​ស្ត្រី​ក្មេងៗ​ទាំង​នេះ​បាន​ប្រឈម មុន​នឹង​ឈាន​មក​ដល់​ដំណាក់កាល​នេះ។

នាង Mahnoor Muhammad ដែល​ជា​ប្រធាន​ក្រុម​បាល់ទាត់​ស្ត្រី​វ័យ​ក្មេង​ទាំង​នេះ និយាយ​ថា៖ «ខ្ញុំ​មក​ពី​តំបន់ Lyari ក្នុង​ទីក្រុង Karachi។ នៅ​ក្នុង​តំបន់​នេះ ក្មេង​ស្រី​មិន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​លេង​បាល់​ទាត់​ទេ។ ខ្ញុំ​ត្រូវតែ​តស៊ូ​ជម្នះ​លើ​រឿង​នេះ​ឲ្យ​បាន។ គ្រួសារ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ស្រីៗ​គេ​មិន​លេង​បាល់​ទាត់​ទេ។ ខ្ញុំ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​បញ្ចុះបញ្ចូល​គ្រួសារ​របស់​ខ្ញុំ។ ឥឡូវ​នេះ ក្រោយ​ពី​ខ្ញុំ​បាន​ក្លាយ​ជា​ប្រធាន​ក្រុម​បាល់​ទាត់​នេះ​មក ក្រុម​គ្រួសារ​ខ្ញុំ​បាន​ចាប់ផ្ដើម​ប្ដូរ​ការ​គិត​របស់​ពួកគេ​បន្តិច​ម្ដងៗ»។

ស្ត្រី​វ័យ​ក្មេង​ទាំង​នេះ​មក​ពី​ក្លឹប​បាល់​ទាត់ Jafa Academy នៅ​ក្នុង​តំបន់​ក្រីក្រ Lyari នៃ​ទីក្រុង Karachi។

ក្លឹប​នេះ​គឺ​ជា​ក្លឹប​បាល់​ទាត់​ឯកជន​មួយ​ក្នុង​ចំណោម​ក្លឹប​ស្រដៀង​នេះ​ជា​ច្រើន​ទៀត​សម្រាប់​ស្ត្រី​នៅ​ទូទាំង​ប្រទេស​ប៉ាគីស្ថាន។ ទោះបីជា​ក្លឹប​នេះ​ចុះ​ឈ្មោះ​ក្នុង​សហព័ន្ធ​បាល់​ទាត់​ជាតិ​ក៏​ដោយ ក៏​ក្លឹប​នេះ​មិន​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​អ្វី​ទាំង​អស់។

គ្រូ​បង្វឹក​គឺ​ជា​អ្នក​ស្ម័គ្រចិត្ត។ ចំណែក​ឯ​សម្ភារៈ​កីឡា​គឺ​ឧបត្ថម្ភ​ដោយ​អ្នក​មាន​ធូរធារ​មួយ​ចំនួន។

បន្ថែម​ទៅ​នឹង​ការ​ប្រឆាំង​គ្រប់​ទម្រង់​នៅ​ក្នុង​សង្គម ភាគ​ច្រើន​នៃ​ក្មេង​ស្រី​ទាំង​នេះ​ប្រឈម​នឹង​ស្ថានភាព​ក្រីក្រ​នៅ​ក្នុង​គ្រួសារ​របស់​ពួកគេ។ អ្នក​ខ្លះ​ត្រូវ​បង្ខំ​ខ្លួន​ចុះចាញ់​ស្ថានការណ៍​នេះ ទោះបីជា​មាន​ចំណង់​ចំណូល​ចិត្ត និង​ទេពកោសល្យ​ក៏​ដោយ។

នាង Maikaan Baloch ដែល​ជា​កីឡាករ​បាល់​ទាត់​មួយ​រូប និយាយ​ថា៖ «កីឡាការនី​ដ៏​ឆ្នើម​ម្នាក់​នៃ​ក្រុម​របស់​យើង ដែល​ធ្លាប់​លេង​ជា​ខ្សែ​កណ្ដាល និង​ជា​អនុ​ប្រធាន​ក្រុម មិន​ចូលរួម​ជាមួយ​ពួក​យើង​ទៀត​ទេ ដោយសារតែ​ក្រុម​គ្រួសារ​របស់​គាត់​មិន​គាំទ្រ​ឲ្យ​គាត់​លេង​បាល់​ទាត់។ ម្ដាយ​របស់​គាត់​ងងឹត​ភ្នែក ហើយ​បង​ប្អូន​ប្រុស​របស់​គាត់​បង្អាក់​ទឹក​ចិត្ត​គាត់ និង​ចង់​ឲ្យ​គាត់​នៅ​ផ្ទះ។ កីឡាការនី​ឆ្នើម​របស់​ក្រុម​យើង​ម្នាក់​ទៀត ដែល​ធ្លាប់​លេង​ជា​ខ្សែ​ប្រយុទ្ធ ឥឡូវ​នេះ​ត្រូវ​ធ្វើ​ការ​រក​លុយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ បន្ទាប់ពី​ឪពុក​របស់​គាត់​បាន​ស្លាប់»។

អ្នក​ដែល​អាច​ជម្នះ​ឧបសគ្គ​ទាំង​នេះ​បាន និង​ធ្វើ​តាម​ចំណូល​ចិត្ត​របស់​ខ្លួន បាន​ត្អូញត្អែរ​ថា ពួកគេ​ទទួល​បាន​ការ​គាំទ្រ​ផ្លូវការ​តិចតួច​ប៉ុណ្ណោះ។ ទោះបីជា​ប្រទេស​ប៉ាគីស្ថាន​មាន​ក្រុម​ជម្រើស​ជាតិ​បាល់​ទាត់​ស្ត្រី​ក៏​ដោយ ក៏​ក្រុម​បាល់​ទាត់​ស្ត្រី​នេះ​នៅ​ខ្វះខាត​ធនធាន និង​ការ​គាំទ្រ​ជា​ទូទៅ។

ក្មេង​ស្រី​ទាំង​នេះ​និយាយ​ថា ទោះបីជា​ពួកគេ​បាន​បញ្ចុះបញ្ចូល​ក្រុម​គ្រួសារ​ពួកគេ​ឲ្យ​អនុញ្ញាត​ឲ្យ​ពួកគេ​លេង​បាល់​ទាត់​ក៏​ដោយ ក៏​ពួកគេ​នៅ​មិន​ទាន់​ច្បាស់​អំពី​អនាគត​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​កីឡា​បាល់​ទាត់​នេះ​ដែរ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG