កាលពីថ្ងៃព្រហស្បតិ៍ តុលាការកំពូលនៃប្រទេសប៉ាគីស្ថានបានកំណត់រយៈពេលបន្តតំណែងនៃអគ្គមេបញ្ជាការកងទ័ពចំនួន៦ខែផ្ទុយពីការពន្យារពេល៣ឆ្នាំតាមការណ៍ដែលរដ្ឋាភិបាលចង់ប្រគល់ឱ្យលោក។ បន្ថែមពីលើនេះ តុលាការនេះក៏បានសុំឱ្យរដ្ឋាភិបាលប្រើពេលវេលានេះសម្រាប់កែប្រែច្បាប់ដើម្បីចែងបំភ្លឺអំពីអាណត្តិនិងលក្ខខណ្ឌនៃតំណែងនេះ ដោយមានរួមបញ្ចូលរយៈពេលនៃតំណែងនេះនិងថាតើតំណែងនេះអាចត្រូវពន្យារពេលបានឬទេ។
តុលាការនេះបាននិយាយថានៅពេលណាច្បាប់ថ្មីនេះចូលជាធរមាន ខ្លួននឹងកំណត់អំពីអនាគតនៃការកាន់តំណែងរបស់លោកឧត្តមសេនីយ៍ Qamar Javed Bajwa អគ្គមេបញ្ជាការនៃកងទ័ពនិងអំពីលក្ខខណ្ឌឯទៀតៗនៃការកាន់តំណែងនេះផងដែរ។
កាលពីថ្ងៃអង្គារ តុលាការកំពូលបានព្យួរការប្រាប់ឱ្យដឹងដោយរដ្ឋាភិបាលអំពីការពន្យារពេលអាណត្តិរបស់លោកឧត្តមសេនីយ៍ Bajwa ចំនួនបីឆ្នាំ។
សេចក្តីសម្រេចនេះបានបណ្តាលឱ្យមានការរង្គោះរង្គើនៅទូទាំងប្រទេសមួយដែលក្រុមយោធាបានគ្រប់គ្រងជាងពាក់កណ្តាលនៃរយៈពេលដែលប្រទេសនេះបានត្រូវបង្កើតហើយដែលនៅទីនោះគេចាត់ទុកក្រុមយោធាថាជាស្ថាប័នមានអំណាចខ្លាំងបំផុតហើយដែលគេមានជំនឿជាទូទៅថាមានឥទ្ធិពលជាសម្ងាត់លើស្ថាប័នឯទៀតៗដូចជាអង្គការនីតិប្រតិបត្តិ សភានិងស្ថាប័នតុលាការផងដែរ។
លោក Bajwa មិនមែនជាអគ្គមេបញ្ជាការយោធាទីមួយដែលបានទទួលការពន្យារអាណត្តិទេ។ ពួកអគ្គមេបញ្ជាការកងទ័ពមួយចំនួនកាលពីអតីតកាលដែលខ្លះជាអ្នកកាន់អំណាចផ្តាច់ការ បានបម្រើការច្រើនអាណត្តិ។ ក៏ប៉ុន្តែគ្មានអគ្គមេបញ្ជាការកងទ័ពណាម្នាក់ត្រូវជំទាស់នៅក្នុងសកម្មភាពបែបនេះក្នុងតុលការទេ។ កាលពីពីរទសវត្សរ៍មុននេះមានតែអគ្គមេបញ្ជាការកងទ័ពតែម្នាក់គត់គឺលោក Raheel Sharif ដែលបានចុះចេញពីតំណែងនៅទីបញ្ចប់នៃអាណត្តិបីឆ្នាំរបស់លោក៕