ប្រទេសប៉ាគីស្ថានបានបិទស្ថានកុងស៊ុលរបស់ខ្លួនដែលមានទីតាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលជាប្រទេសជិតខាងជាបណ្តោះអាសន្ន ដោយផ្អែកលើហេតុផលបញ្ហាសន្តិសុខ និងបានចោទពួកអាជ្ញាធរអាហ្វហ្គានីសា្ថនថាបានចូលជ្រៀតជ្រែតនៅក្នុងការងារការទូតរបស់ខ្លួន។
ស្ថានកុងស៊ុលប៉ាគីស្ថានស្ថិតនៅក្នុងក្រុង Jalalabadនៃខេត្ត Nangarharភាគខាងកើតជាប់ព្រំដែនជាមួយនឹងប៉ាគីស្ថាន។
ស្ថានទូតរបស់ប៉ាគីស្ថាននៅក្នុងទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថានបានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រសួងការបរទេសអាហ្វហ្គានីសា្ថនកាលពីថ្ងៃសុក្រ ដោយបានស្តីបន្ទោសពួកអាជ្ញាធរខេត្តថាបានចូលជ្រៀតជ្រែកហួសហេតុនៅក្នុងការងារការទូតរបស់ប៉ាគីស្ថាន ដែលការណ៍នេះបានបណ្តាលឲ្យប៉ាគីស្ថានសម្រេចបិទស្ថានកុងស៊ុលនេះជាបណ្តោះអាសន្ន។
តាមរយៈលិខិតនេះអាជ្ញាធរប៉ាគីស្ថានបានជំរុញឲ្យក្រសួងការបរទេសអាហ្វហ្គានីស្ថានចាត់វិធានការណ៍ទៅលើលោកអភិបាលខេត្ត Hayatullah Hayat ដើម្បីឲ្យលោកបញ្ឈប់សកម្មភាពនានាដែលជាការរំលោភទៅលើសន្ធិសញ្ញាអន្តរជាតិស្តីពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
លិខិតនោះក៏បានស្នើឲ្យរៀបចំស្តារឡើងវិញនូវផ្នែកសន្តិសុខដែលអាជ្ញាធរអាហ្វហ្គានីស្ថានបានដកចេញកាលពីដើមសប្តាហ៍នេះ។
លិខិតនោះត្រូវបានសរសេររៀបរាប់ថា«ស្ថានទូតសូមធ្វើការជូនដំណឹងថាស្ថានកុងស៊ុលនឹងបន្តបិទទ្វារហូតទាល់តែមានការស្តារឡើងវិញនូវសន្តិសុខឲ្យបានចប់សព្វគ្រប់ទៅតាមអ្វីដែលស្ថានទូតចង់បាន»។
លោកអភិបាលខេត្ត Hayat Saturdayបានច្រានចោលការចោទប្រកាន់ថាលោកបានជ្រៀតជ្រែកដល់ការងារផ្ទៃក្នុងរបស់ប៉ាគីស្ថាន ហើយលោកបានចោទស្ថានកុងស៊ុលប៉ាគីស្ថានថាបានប្រមាថលើជនជាតិអាហ្វហ្គានីស្ថាននិងថាស្ថានកុងស៊ុលបានយកថ្លៃធ្វើទិដ្ឋការដោយខុសច្បាប់ពីពលរដ្ឋអាហ្វហ្គានីស្ថាន។
មិនទាន់មានការឆ្លើយតបភ្លាមៗពីសំណាក់ក្រុមមន្រ្តីប៉ាគីស្ថានទៅនឹងការចោទប្រកាន់របស់លោក Hayatនេះនៅឡើយទេ។
ប៉ាគីស្ថាននិងអាហ្វហ្គានីស្ថានបានយល់ព្រមមិនគិតថ្លៃសម្រាប់ធ្វើទិដ្ឋាការដល់ប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរ៕