ក្រុមមន្រ្តីប៉ាគីស្ថានបាននិយាយថា ក្រុមសកម្មប្រយុទ្ធប៉ាគីស្ថានបានវាយសង្គ្រប់សាលារៀនមួយកន្លែងក្នុងទីក្រុង Peshawar ភាគពាយ័ព្យ ដោយបានសម្លាប់មនុស្ស១៣០នាក់ ភាគច្រើនជាកូនសិស្ស។
មន្រ្តីខេត្តបាននិយាយថា ក្រុមសកម្មប្រយុទ្ធក៏បានធ្វើឲ្យមនុស្សជាងមួយរយនាក់ទៀតរងរបួសនៅថ្ងៃអង្គារនេះ នៅឯសាលារៀនមួយដែលរៀបចំចាត់ចែងដោយក្រុមកងទ័ព។ ក្រុមមន្រ្តីមន្ទីរពេទ្យបាននិយាយថាអ្នករបួសជាច្រើនមានស្ថានភាពធ្ងន់ធ្ងរ។
ក្រុមបុរសប្រដាប់អាវុធ៦នាក់ប្រដាប់ទៅដោយអាវុធស្វ័យប្រវត្តិ បានចូលក្នុងសាលារៀនមួយកន្លែង ហើយបុរសប្រដាប់អាវុធម្នាក់ក្នុងចំណោមក្រុមនោះបានបំផ្ទុះខ្លួនឯង។
អ្នកនាំពាក្យរដ្ឋាភិបាលខេត្តបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្រុមសកម្មប្រយុទ្ធបានស្លៀកសម្លៀកបំពាក់កងទ័ព។ អ្នកនាំពាក្យកងទ័ពបាននិយាយថា អ្នកវាយប្រហារ៤នាក់បានត្រូវសម្លាប់រហូតមកទល់ពេលនេះ ខណៈដែលអ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកកំពុងរាយការណ៍ពីការផ្ទុះម្តងមួយៗចេញពីខាងក្នុងសាលារៀន។
ក្រុមមន្រ្តីយោធានិយាយថា សិស្សនិងបុគ្គលិកភាគច្រើនបានត្រូវជម្លៀស ខណៈដែលសិស្សនិងបុគ្គលិកផ្សេងទៀត ស្ថិតនៅជាចំណាប់ខ្មាំងនៅខាងក្នុងសាលប្រជុំក្នុងសាលារៀន។ ក្រុមមន្រ្តីនិយាយថា កិច្ចប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តធ្វើឡើង។
អ្នកនាំពាក្យក្រុមតាលីបង់ប៉ាគីស្ថានបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយនិយាយថា ការវាយប្រហារនេះជាការសងសឹកចំពោះការវាយប្រហាររបស់ប៉ាគីស្ថានដែលសំដៅមកលើជនសកម្មប្រយុទ្ធនៅក្នុងតំបន់ក្រុមកុលសម្ព័ន្ធ ភាគពាយ័ព្យប៉ាគីស្ថាន នៅជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន។
តំបន់នោះត្រូវបានគេចាត់ទុកថាជាទីជម្រកនិងកន្លែងហ្វឹកហាត់ដ៏សំខាន់មួយសម្រាប់ក្រុមបះបោរប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ដែលទទួលការខុសត្រូវចំពោះការវាយប្រហារភេរវកម្មនៅប្រទេសទាំង២ ដែលមានព្រំដែនអាចចេញចូលបានជាច្រើនកន្លែងនោះ។
នាយករដ្ឋមន្រ្តីនៃប្រទេសប៉ាគីស្ថាន លោក Nawaz Sharif បានថ្កោលទោសការវាយប្រហារនេះ ដោយបានហៅការវាយប្រហារនេះ ជាសោកនាដកម្មរបស់ជាតិ៕