ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបោះឆ្នោតពេលខាងមុខនៅប៉ាគីស្ថានស្ថិតក្រោមការពិនិត្យពិច័យ នៅពេលមានការចោទប្រកាន់ពីការលួចបន្លំមុនការបោះឆ្នោត


រូបឯកសារ៖ ស្ត្រីប៉ាគីស្ថាន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​មួយ​នៅ​ខេត្ត Khyber Pakhtunkhwa នៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ ស្ត្រីប៉ាគីស្ថាន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​មួយ​នៅ​ខេត្ត Khyber Pakhtunkhwa នៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និង​ពួក​អ្នក​ឃ្លាំមើល​ការបោះឆ្នោត​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​បាន​សម្តែង​ការមន្ទិល​សង្ស័យ​ កាលពី​ថ្ងៃ​ចន្ទ ទី១ ខែ​មករា​នេះ ​ពី​សុច្ចរិតភាព​និង​ភាព​ដែល​ជឿ​ទុកចិត្តបាន​នៃ​ការបោះ ឆ្នោត​សភា​នៅ​ថ្ងៃ​ទី ៨ ខែ​កុម្ភៈខាង​មុខ​ ដោយ​សំដៅ​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​យោធា​លើ​គណបក្ស​នយោបាយ​ដ៏​សំខាន់​មួយ​ ហើយ​បាន​បង្កើន​ការត្រួត​ពិនិត្យ​មុន​ការផ្សាយរបស់បណ្តាញ​សារព័ត៌មាន។

តាម​ការស្ទង់មតិ​មួយ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការបង្ក្រាប​នោះ​គឺ​ដៅ​លើ​អតីត​នាយក​រដ្ឋមន្ត្រី Imran Khan ​នៃ​គណបក្ស Tehreek-e-Insaf ឬ PTI ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​គណបក្ស​នយោបាយ​ដ៏​ធំ​បង្អស់​មួយ​របស់​ប៉ាគីស្ថាន។

លោក​ស្រី Munizae Jahangir ជា​សហ​ប្រធាន​នៃ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ឯករាជ្យ​របស់​ប៉ាគីស្ថាន​ បាន​ប្រាប់​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​រដ្ឋធានី​អ៊ីស្លាមម៉ាបាត​ថា៖ «មក​ដល់​ពេលនេះ មាន​ភស្តតាង​តិចតួច​បង្ហាញ​ថា ​ការបោះឆ្នោត​នៅ​ពេល​ខាង​មុខ​នឹង​មាន​ភាពសេរី យុត្តិធម៌​និង​គួរ​ឱ្យ​ទុកចិត្ត​បាន»។

លោក​ស្រី​បាន​ថ្លែង​ នៅខណៈដែល​និយាយ​សំដៅ​ដល់​អ្វី​ដែល​លោក​ស្រី​បាន​ចាត់ទុក​ថា​ជា​ការបង្ក្រាប​ខុស​ច្បាប់​លើ​គណបក្ស PTI នោះ​ថា៖ «មុនគេ​បង្អស់​ គឺ​ការបំភ្លៃ​ទិដ្ឋភាព​នៃ​ការបោះឆ្នោត​ឥត​លៀមលាក់​ ដែល​គណបក្ស​នយោបាយ​មួយ​ក្នុង​ចំណោម​គណបក្ស​នានា​ដែល​បាន​ត្រូវ​គេ​ចុចយក​សម្រាប់ការបំបែកជា​ប្រព័ន្ធ​នេះ»។

រដ្ឋាភិបាល​ចាំផ្ទះ​របស់​នាយក​រដ្ឋមន្ត្រី Anwaar-ul-Haq Kakar តម្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ មាន​តម្លាភាព​និង​ភាពត្រឹមត្រូវ​នៅ​ក្នុង​ការបោះឆ្នោត​នៅពេល​ខាង​មុខនោះ ​បាន​រងការចោទប្រកាន់​ពីការធ្វើការគាំទ្រ​គណបក្ស​នានា​ដែល​និយម​ពួក​យោធា។

លោក​ Murtaza Solangi រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ប៉ាគីស្ថាន​ បាន​ច្រានចោល​ការចោទប្រកាន់​ទាំង​នេះ​កាលពី​ថ្ងៃ​ចន្ទ ទី១ ខែ​មករា​នេះ​ ដោយ​និយាយ​ថា ​រដ្ឋាភិបាល​របស់​លោក​បាន​តាំងចិត្ត​ជួយ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឯករាជ្យ​ នៅ​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ដោយ​តម្លាភាព។

លោក​ស្រី​ Munizae Jahangir ​បាន​សង្កត់​ថា​ គណបក្ស​នយោបាយ​ជា​ច្រើន​ក៏​រង​យុទ្ធវិធីផ្សេងៗ​ស្រដៀងគ្នា​ ហើយ​ការបង្ក្រាប​លើ​ក្រុមប្រឆាំង​បានបន្ត​រឹតត្បិត​លើសេរីភាព​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ​នៅពេល​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​សម្តែង​ទស្សនៈរបស់​ពួកគេ​ មុន​ការបោះឆ្នោត​ដោយ​សេរី។

បណ្តាញ​ព័ត៌មាន​ដែលរៀបចំ​ចាត់ចែង​ដោយ​រដ្ឋ​បាន​ដកស្រង់​សម្តី​ លោក Solangi មក​ចុះផ្សាយ​ថា ​រដ្ឋាភិបាល «មិន​មាន​អ្វី​ទាក់ទិន​នឹង​ការសុខចិត្ត​ទទួលយក​ ឬ​បដិសេធ​នៃ​បញ្ជី​នៃ​ការតែងតាំង» របស់​បេក្ខជន​គណបក្ស PTI នោះ​ទេ ​ដោយ​បាន​ដំណើរការ​នេះ​ស្របទៅតាម​រដ្ឋធម្មនុញ្ញ។

លោក Michael Kugelman ជា​នាយក​នៃ​វិទ្យាស្ថាន​អាស៊ី​ខាង​ត្បូង​នៅ​មជ្ឈមណ្ឌល Wilson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ព្រមាន​ពី​ការបំបាត់​ឬ​ដាក់កម្រិត​ការចូលរួម​របស់​គណបក្ស PTI នៅ​ក្នុង​ការបោះ​ឆ្នោត​នោះ​ ដោយ​និយាយ​ថា​ ការណ៍​នេះ​នឹង​មិន​នាំឱ្យ​មាន​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ទេ។

លោក Kugelman បាន​ប្រាប់​វីអូអេ​នៅ​ក្នុង​អត្ថាធិប្បាយ​ជា​លាយលក្ខណ៍​អក្សរ​ថា៖ «គណបក្ស PTI ​ទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំង ​ហើយ​ទំនង​ជា​គណបក្ស​នយោបាយ​ដែល​មាន​ប្រជាប្រិយ៍ភាព​បំផុត​មួយ​របស់​ប៉ាគីស្ថាន។ ការដក​គណបក្ស​នេះ​ចេញពី​ការបោះឆ្នោត​នឹងមិន​ធ្វើ​ឱ្យ​ស្ងប់ចិត្ត​សាធារណជន​ដែល​មានការរកាំចិត្ត​ខ្លាំង​នោះ​ទេ»។

លោក Kugelman បាន​ប្រាប់​វីអូអេ​ទៀត​ថា៖​ «ចំពោះ​សហគមន៍​អន្តរជាតិ រួមមាន​ប្រទេស​លោក​ខាង​លិច ការរំពឹង​និង​បំណង​គឺ​ការបោះឆ្នោត​ដែល​មាន​ស្ថិរភាព​និង​គ្មាន​អំពើ​ហិង្សា»។

ញត្តិ​មិន​ទុកចិត្ត​សភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រឆាំង​បាន​ដក​លោក Khan ជា​កីឡាករ cricket ដ៏ល្បី​ដែល​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ចេញពី​តំណែងនៅ​ខែ​មេសា ឆ្នាំ២០២២។

មេដឹកនាំ​ប៉ាគីស្ថាន​អាយុ ៧១ ឆ្នាំ ​ដែល​ត្រូវ​បាន​គេ​ទម្លាក់​ចេញពី​តំណែង​បាន​ប្រឈម​ការចោទប្រកាន់​រាប់​សិប រួមមាន​អំពើ​ពុករលួយ ឃាតកម្ម​និង​ការលេចធ្លាយ​ការសម្ងាត់​រដ្ឋ។ លោក Khan ត្រូវ​បាន​កាត់​ឱ្យ​ជាប់ទោស ​ហើយ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៣ឆ្នាំ ចំពោះ​អំពើ​ពុករលួយ​កាលពី​ចុង​ខែ​សីហា​ឆ្នាំ​ទៅ។

លោក​បាន​ច្រានចោល​ការចោទប្រកាន់​ទាំង​អស់​ ដោយ​និយាយ​ថា​ ​យោធា​បាន​ប្រតិដ្ឋ​ការចោទប្រកាន់ទាំង​នោះ​ដើម្បី​រារាំង​ការវិលត្រឡប់​របស់​លោក​មកកាន់​អំណាច​វិញ​ ហើយ​នឹង​ធ្វើឱ្យ​អន្តរាយ​ប្រជាប្រិយ៍ភាព​របស់​គណបក្ស​លោក។ លោក Khan និង​គណបក្ស​របស់​លោក​ក៏​ប្រឈម​ការហាម​ឃាត់ដែល​មិន​ប្រកាស​ឲ្យ​ដឹង​ជាមុន​ ដោយ​មិន​ឱ្យបង្ហាញ​មុខ​លើ​បណ្តាញ​ព័ត៌មាន​ទូរទស្សន៍​របស់​ប៉ាគីស្ថាន​ដែរ។

​មន្ត្រី​រៀបចំ​ការបោះឆ្នោត​បាន​បដិសេធ​បញ្ជី​តែងតាំង​របស់​លោក Khan កាលពី​ខែ​ធ្នូ​ ដោយ​និយាយ​ថា​ ច្បាប់​រារាំង​ជន​ដែល​មាន​ទោស​មិន​ឱ្យ​ឈរឈ្មោះ​កាន់​តំណែង​សាធារណៈ​ទេ។

អង្គការ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ (FAFEN)​ ដែល​ជា​អង្គការ​មិន​រកកម្រៃ​ដែល​លើកស្ទួយ​អភិបាលកិច្ច​ល្អ​និង​ការបោះឆ្នោត​ត្រឹមត្រូវ​ នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បាន​ជំរុញ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឱ្យ​បញ្ចេញ​ជា​សាធារណៈ​នូវការជំទាស់​ប្រឆាំង​របស់​ខ្លួន​និង​ការច្រានចោល​បញ្ជី​តែងតាំងរបស់​បេក្ខជន​ ដើម្បី​ជួយ​ពង្រឹង​តម្លាភាព​នៃ​ការបោះឆ្នោត។

សេចក្តីថ្លែងការណ៍​របស់​អង្គការ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា៖​ «វិធានការ​នេះ​នឹង​មិន​ត្រឹមតែ​ពង្រឹង​តម្លាភាព​នៃ​ដំណើការ​បោះឆ្នោត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចាត់ទុក​ជា​ការការពារ​ដល់​ភាព​ដែល​អាច​ទុកចិត្តបាន​របស់​ខ្លួន​ដើម្បី​ទប់ទល់​នឹង​ការរាលដាល​នៃ​ព័ត៌មាន​ក្លែងក្លាយ​និង​ព័ត៌មាន​ប្រតិដ្ឋ​ដែល​ជារឿយៗ​កើតចេញពី​ព័ត៌មានមិនពេញលេញ។

​យោធា​បាន​បដិសេធ​ការជ្រៀតជ្រែក​របស់​ខ្លួន​ដល់​ដំណើការ​បោះឆ្នោត​ ឬ​បញ្ហា​នយោបាយ​នេះ ក៏ប៉ុន្តែ​អ្នក​រិះគន់​បាន​ច្រានចោល​ថា​ជា​ការអះអាងតែ​ប៉ុណ្ណោះ។ ស្ថាប័ន​សន្តិសុខ​បាន​ត្រួតត្រា​ប្រទេស​ប៉ាគីស្ថាន​អស់​ជាង​ ៣​ទសវត្សរ៍​ បន្ទាប់ពី​បណ្តេញ​រដ្ឋាភិបាល​ជាប់ឆ្នោត​នៅ​ក្នុង​រដ្ឋប្រហារ​យោធា។

អន្តរាគមន៍​របស់​យោធា​នេះ​បាន​ធ្វើ​ឱ្យ​ខ្សោយ​ការអនុវត្ត​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ ហើយ​បាន​អនុញ្ញាត​ឱ្យ​ពួក​ឧត្តមសេនីយ៍​មាន​ឥទ្ធិពល​លើ​ការធ្វើសេចក្តីសម្រេច​ ទោះបី​ជា​មិន​កាន់​អំណាច​ក៏ដោយ។ នេះ​បើ​តាមអតីត​រដ្ឋមន្ត្រី​និងអ្នក​សង្កេតការណ៍​ឯករាជ្យ៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG