ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ប៉ាគីស្ថាន​បង្ក្រាប​គណបក្ស​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក​ Khan ​នៅ​ពេល​មាន​បាតុកម្ម​​ដ៏​ប្រល័យ​​


អ្នក​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Imran Khan វាយកម្ទេច​រថយន្ត​ប៉ូលិស​នៅ​ទី​ក្រុង Peshawar ប្រទេស​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣ ​ក្នុង​អំឡុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​មេដឹកនាំ​របស់​ពួក​គេ។
អ្នក​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Imran Khan វាយកម្ទេច​រថយន្ត​ប៉ូលិស​នៅ​ទី​ក្រុង Peshawar ប្រទេស​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣ ​ក្នុង​អំឡុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​មេដឹកនាំ​របស់​ពួក​គេ។

ពួក​ប៉ូលិសនិង​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ក្នុង​ប្រទេស​ប៉ាគីស្ថាន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ភាគ​ច្រើន​នៃ​ក្រុម​មេដឹកនាំគណបក្សនយោបាយ​ធំ​បំផុតរបស់​ប្រទេស​ គឺ​គណបក្ស​របស់​អតីត​នាយក​រដ្ឋមន្ត្រីលោក Imran Khan ​និង​ក្រុមអ្នក​គាំទ្រ​លោក​រាប់រយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ឬ​កំពុង​ត្រូវ​តាម​ប្រមាញ់។

ការ​បង្ក្រាប​នេះ​មានឡើង​ជា​ការឆ្លើយ​តបនឹង​បាតុកម្ម​ធំៗ​ប្រកប​ដោយ​ហិង្សានៅ​ទូទាំង​ប្រទេសដឹកនាំ​ដោយគណបក្ស​ប្រឆាំង​របស់​លោក​ Khan គឺគណបក្ស Pakistan Tehreek-e-Insaf​ ឬ​PTI ​តវ៉ា​ប្រឆាំងការចាប់​ខ្លួន​លោក​កាល​ពី​ថ្ងៃ​អង្គារនៅ​ខាង​ក្រៅ​សាល​តុលាការ​មួយ​ក្នុង​រដ្ឋធានី​អ៊ីស្លាមម៉ាបាដ។

ការ​ប៉ះទង្គិច​គ្នារវាង​ក្រុមបាតុករ​ មាន​រួមពួកបុរស​និង​ស្ត្រី ​និង​ក្រុមប៉ូលិស​បាន​នាំ​ឱ្យមនុស្ស​យ៉ាងតិច​ណាស់​៨នាក់​ស្លាប់​និងបណ្តាល​ឱ្យ​មាន​មនុស្ស​ច្រើន​នាក់​ទៀត​ត្រូវរបួស។ ពួកប៉ូលិស​បាន​ការពារវិធានការ​ចាប់ខ្លួន​បាតុករ​ ដោយ​និយាយថាការចាប់ខ្លួន​ជន​ទាំង​នេះបានធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​ចោទ​ប្រកាន់ពី​បទ​បំភ័យ ​កុបកម្ម​និង​ការបំផ្លាញ​ទ្រព្យ​សម្បត្តិ​រដ្ឋ។

អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch​ បាន​និយាយនៅ​ថ្ងៃព្រហស្បតិ៍នេះថាពួក​ប៉ូលិស​ប៉ាគីស្ថាន​«បាន​បាញ់​លើ​ក្រុម​បាតុករ​និង​បាន​ប្រើ​កម្លាំង​ហួស​ហេតុ‍»។

រដ្ឋាភិបាល​ចម្រុះរបស់​លោក​នាយក​រដ្ឋមន្ត្រី Shehbaz Sharif ​បានហៅពួក​ទាហានកាលពី​យប់មិញឱ្យ​ជួយ​ប៉ូលិស​រៀប​ចំឱ្យ​មាន​ច្បាប់​និង​សណ្តាប់ធ្នាប់​ក្នុង​តំបន់​មាន​ចលាចល​ខ្លាំង​ មានរួមក្រុង​អ៊ីស្លាមម៉ាបាដ ​និង​ខេត្តពីរ ​គឺ​ខេត្ត Punjab ​ដែល​មានប្រជារាស្ត្រ​ច្រើន​ជាង​គេ​នៅ​ប៉ាគីស្ថាន​ និងខេត្ត​Khyber Pakhtunkhwa។

សឹង​តែ​គ្មាន​ការ​ផ្សាយទាំង​ស្រុង​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​អំពី​បាតុកម្ម​ដឹកនាំ​ដោយ​គណបក្ស PTI លើទូរទស្សន៍​រាប់សិបក្នុងក្រុង Islamabad និង​ជុំវិញក្រុង​នេះ។ សេវា​អ៊ីនធឺណិត​ចល័តនិង​បណ្តាញ​ព័ត៌មាន​សង្គម​ ដូចជា Twitter, Facebook, និង​ YouTube​ ជាដើម​នៅ​តែត្រូវ​រឹតត្បិតនៅ​ទូទាំង​ប្រទេសក្នុង​ថ្ងៃ​ទី​បី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ការ​ប៉ះទង្គិចគ្នា​យូរៗ​ម្តង​បាន​កើត​មាន​ឡើង​ក្នុង​ផ្នែក​ខ្លះ​នៃ​ក្រុង​អ៊ីស្លាមម៉ាបាដ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយផ្លូវ​ធំៗ​ចូល​ក្នុង​ក្រុង​នេះត្រូវ​ពួក​ប៉ូលិស​បិទ។ បើ​តាមអ្នកស្រុក​និង​ប៉ូលិស​ថាអាជ្ញាធរក្នុង​ក្រុង Lahore ​ទីរួម​ខេត្ត Punjab ​បានរាំងខ្ទប់ផ្នែក​ភាគ​ច្រើន​នៃ​ក្រុង​នេះ៕

XS
SM
MD
LG