យន្តហោះដឹកអ្នកដំណើរមួយរបស់អាកាសចរណ៍ជាតិប៉ាគីស្ថាន ដែលបានដឹកមនុស្សយ៉ាងហោចណាស់ ៩៨ នាក់បានធ្លាក់កាលពីរសៀលថ្ងៃសុក្រ នៅក្នុងសង្កាត់មួយនៃទីក្រុងការ៉ាជី ដែលជាទីក្រុងធំជាងគេរបស់ប្រទេសប៉ាគីស្ថាន ដោយបំផ្លាញអគារជាច្រើននៅតាមផ្លូវចង្អៀតមួយ។
ក្រុមអ្នកជួយសង្គ្រោះប៉ាគីស្ថានបានទៅដល់កន្លែងធ្លាក់ដែលមាន ផ្សែងហុយ ធូលី និងភ្លើងពីគំនរ នៅតាមផ្លូវដ៏ចង្អៀតក្នុងរសៀលដែលក្តៅហួតហែងស្រាប់ និងធ្វើឲ្យលំបាកដល់កិច្ចការជួយសង្គ្រោះ។ ពួកគេបានទាញគំនរសាកសព និងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ។
ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា មកទល់នឹងពេលនេះ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានរស់រានពីគ្រោះថ្នាក់នេះ ប៉ុន្តែអាជ្ញាធរបារម្ភថា អ្នកដទៃទៀតលើយន្តហោះទំនងបានស្លាប់។
យន្តហោះប្រភេទ Airbus A320 របស់អាកាសចរណ៍ជាតិប៉ាគីស្ថាន ឈ្មោះ Pakistan International Airlines បានហោះចេញពីទីក្រុង Lahore ភាគខាងជើងប្រទេសមកកាន់ទីក្រុងការ៉ាជី ភាគខាងត្បូងប្រទេស មុនពេលវាបានធ្លាក់នៅសង្កាត់ Model Colony មុនចុះចតនៅទីក្រុងគោលដៅនេះ។
សាក្សីនិយាយថា យន្តហោះនេះហាក់បានព្យាយាមចុះចតពីរឬបីដង មុនពេលវាធ្លាក់ក្នុងសង្កាត់ក្រីក្រនិងមានមនុស្សច្រើននេះ។
ក្រុមហ៊ុនផលិតយន្តហោះ Airbus មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេអំពីការធ្លាក់នេះ។ យន្តហោះ Airbus នេះអាចដាក់អ្នកដំណើរបានដល់ ១៦០ នាក់ ប៉ុន្តែត្រូវបន្ថយចំនួនអ្នកដំណើរ ដោយសារវិធានការរក្សាគម្លាតពីគ្នាក្នុងសង្គម ដោយសារជំងឺកូវីដ១៩។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បានសរសេរក្នុង Twitter ថា លោកមានការរន្ធត់និងសោកសៅចំពោះគ្រោះថ្នាក់ និងចូលរួមមរណទុក្ខ និងបួងសួងជាមួយក្រុមគ្រួសារជនរងគ្រោះ៕