ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិភពលោក​មាន​ប្រតិកម្ម​ទាក់ទិន​នឹង​រឿង​ដែល​អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្តហោះ​បណ្ដាល​ឲ្យ​មនុស្ស ១៧៦ នាក់​ស្លាប់


មនុស្សម្នា​ប្រមូល​ផ្តុំ​ដើម្បី​អុជទៀន​ និង​គោរព​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​នៃ​ការ​ធ្លាក់​យន្តហោះ​អ៊ុយក្រែន នៅ​សាកលវិទ្យាល័យ Amri Kabir កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។ ជន​រងគ្រោះ​មួយ​ចំនួន​ជា​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ Amri Kabir នេះ។
មនុស្សម្នា​ប្រមូល​ផ្តុំ​ដើម្បី​អុជទៀន​ និង​គោរព​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​នៃ​ការ​ធ្លាក់​យន្តហោះ​អ៊ុយក្រែន នៅ​សាកលវិទ្យាល័យ Amri Kabir កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។ ជន​រងគ្រោះ​មួយ​ចំនួន​ជា​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ Amri Kabir នេះ។

ដោយសារតែ​ប្រឈម​នឹង​ភស្តុតាង​ជា​ច្រើន ប្រទេស​អ៊ីរ៉ង់​បាន​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ខ្លួន​ជា​អ្នក​បាញ់​ទម្លាក់​ដោយ​ចៃដន្យ​នូវ​យន្តហោះ​អ៊ុយក្រែន​មួយ​គ្រឿង ដែល​ធ្វើ​ឲ្យ​មនុស្ស​ទាំង ១៧៦ នាក់​នៅ​លើ​យន្តហោះ​នោះ​ស្លាប់។

ក្រោយ​ពី​បដិសេធ​អស់​រយៈពេល ៣ ថ្ងៃ​រួច​មក ​អ៊ីរ៉ង់​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​អ៊ុយក្រែន​ដោយ​អចេតនា។ ពិភពលោក​ទាំង​មូល​បាន​មាន​ប្រតិកម្ម​ភ្លាមៗ​ចំពោះ​រឿង​នេះ។

នៅ​អ៊ីរ៉ង់ លោក​ឧត្ដមសេនីយ៍ Amir Ali Hajizadeh ដែល​ជា​មេបញ្ជាការ​កងពល​ដែន​អាកាស​របស់​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ថា​កងពល​របស់​លោក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ការ​បាញ់​ទម្លាក់​យន្តហោះ​នេះ។ ចំណែក​ឯ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei និង​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani ក៏​បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ហេតុការណ៍​នេះ និង​ចូលរួម​រំលែកទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ផង​ដែរ។

នៅ​អ៊ុយក្រែន លោក​ប្រធានាធិបតី Volodymyr Zelenskiy បាន​អរគុណ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស ប្រទេស​កាណាដា និង​ប្រទេស​ផ្សេង​ទៀត ទាក់ទិន​នឹង​ព័ត៌មាន​អំពី​ការ​ធ្លាក់​យន្តហោះ​នេះ។ លោក​បាន​និយាយ​ថា ព័ត៌មាន​ទាំង​នេះ «បាន​ជួយ​យ៉ាង​ជាក់​ច្បាស់» នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​អ៊ីរ៉ង់​ទទួល​ស្គាល់​ថា​ខ្លួន​ជា​អ្នក​បាញ់​យន្តហោះ​នោះ​ឲ្យ​ធ្លាក់។

រី​ឯ​នៅ​ក្នុង​ប្រទេស​កាណាដា​វិញ លោក​នាយករដ្ឋមន្ត្រី Justin Trudeau បាន​ទាមទារ​ឲ្យ​អ៊ីរ៉ង់​ផ្ដល់ «ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ពេញ​ទំហឹង» អំពី​ការ​បាញ់​ទម្លាក់​យន្តហោះ​នេះ ដែល​រដ្ឋាភិបាល​កាណាដា​ថា មាន​ជនជាតិ​កាណាដា ៥៧ នាក់ ជិះ​នៅ​លើ​នោះ​ផង​ដែរ។

ចំណែក​ឯ​នៅ​សហរដ្ឋ​អាមេរិក​វិញ លោក​ប្រធានាធិបតី Donald Trump បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​ពេល​ដែល​ពួកគេ​ចេញ​តវ៉ា​តាម​ដង​ផ្លូវ​ទាមទារ​ឲ្យ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ali Khamenei ចុះចេញ​ពី​តំណែង ក្រោយ​ពី​រដ្ឋាភិបាល​ពួកគេ​ទទួល​ស្គាល់​ថា បាន​បាញ់​ទម្លាក់​យន្តហោះ​នេះ​ដោយ​អចេតនា។

បន្ថែម​ពី​នេះ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​បញ្ជាក់​ថា៖ «សំឡេង​របស់​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគេ​ឆ្អែត​ចិត្ត​នឹង​ការ​កុហក​របស់​របប​ដឹកនាំ​អ៊ីរ៉ង់ អំពើ​ពុករលួយ ភាព​ល្ងីល្ងើ និង​ភាព​ឃោរឃៅ​របស់​ក្រុម​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​នៅ​ក្រោម​របប​ពុករលួយ​ផ្ដាច់ការ​របស់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ali Khamenei។ សហរដ្ឋ​អាមេរិក​គាំទ្រ​ប្រជាពលរដ្ឋ​អ៊ីរ៉ង់ ដែល​សម​នឹង​ទទួល​បាន​អនាគត​ប្រសើរ​ជាង​នេះ»៕

XS
SM
MD
LG