បុរសម្នាក់ដែលត្រូវបានគេហៅថា អ្នកម្ដាយ Teresa ឬ Mother Teresa ដែលជាអ្នកស្រឡាញ់មនុស្សជាតិដ៏ល្បីល្បាញម្នាក់ ហើយត្រូវបានគេពណ៌នាថាជាទេវតា បានត្រូវគេបញ្ចុះកាលពី២-៣ថ្ងៃមុន ដោយផ្ដល់កិត្តិយសជាលក្ខណៈផ្លូវរដ្ឋដ៏ពេញលេញ។
ការប្រមូលសាកសពដែលគេបោះចោលយកទៅបញ្ចុះសពឲ្យបានត្រឹមត្រូវ ជាសេវាសង្គមមួយដែលអង្គការរបស់លោកបានធ្វើ។ ឈ្មោះលោក Abdul Sattar Edhiនៅប្រទេសប៉ាគីស្ថានប្រៀបដូចជាទីជម្រកនិងកន្លែងសុវត្ថិភាព។
មនុស្សវិកលចរិត ស្ត្រីត្រូវគេរំលោភ ក្មេងកំព្រា ក្មេងដែលត្រូវគេបោះបង់ចោល និងជនដែលត្រូវការជួយ បានទទួលការការពារនិងការថែទាំពីលោក។
«ឪពុកយើង រៀបការលើកទី២ហើយម្ដាយថ្មីថា បើពួកគេនៅ គាត់នឹងចេញ។ ដូច្នេះ ឪពុកយើង បានទុកយើងចោលនៅផ្សារ។ ប៉ូលិសនាំយើងមកកាន់ទីនេះ»។
Edhiបានចាប់ផ្ដើមធ្វើការជាង៦០ឆ្នាំមុនដោយស្ទើរតែគ្មានធនធានអ្វីសោះ ប៉ុន្តែ បានបន្តការងារនេះ ដោយបង្កើតបានអង្គការសង្គមកិច្ចដ៏ធំបង្អស់នៅប៉ាគីស្ថាន។
ក្នុងប្រទេសមួយដែលអំពើពុករលួយ ត្រូវបានចាត់ទុកថាបានរាលដាលខ្លាំង មនុស្សម្នា បានទុកចិត្តលោក។
ថវិកាប្រចាំឆ្នាំរបស់មូលនិធិលោកប្រហែលពី១៥ទៅ២០លានក្នុងមួយឆ្នាំ បានមកពីការជួយឧបត្ថម្ភពីសប្បុរសជន។
មូលនិធិនេះ ប្រតិបត្តិឡានពេទ្យច្រើនបំផុតនៅប្រទេសប៉ាគីស្ថានហើយនឹងចាត់ចែងមជ្ឈមណ្ឌលរាប់រយដោយមិនគិតថ្លៃ។
ការចូលចិត្តរបស់លោក Edhi ដើម្បីបម្រើមនុស្សគ្រប់រូបដោយគ្មានការបែងចែក បានធ្វើឲ្យអ្នកកាន់សាសនាខ្លះ មិនសប្បាយចិត្ត។
បព្វជិតសាសនាខ្លះ បានខឹងពេលដែលមជ្ឈមណ្ឌលលោក Edhi បានចាប់ផ្ដើមបង្កើតអង្រឹង សម្រាប់ដាក់ទារកដែលគេបំបរបង់ចោលក្រោយពីកើតមក។
អង្រឹងទាំងនោះ បានត្រូវគេដាក់នៅទីនេះដើម្បីកុំឲ្យមនុស្សទុកទារកចោលនៅក្នុងសំរាម។ មានសញ្ញាដែលគេបិទដើម្បីឲ្យស្ត្រី អាចទុកទារករបស់ខ្លួននៅទីមានសុវត្ថិភាពថា «កុំសម្លាប់ពួកគេ ទុកពួកគេក្នុងអង្រឹងនេះមក។យើង នឹងថែទាំពួកគេ»។
បន្ទាប់មក ចំនួនទារកដែលគេបោះចោលក្នុងសំរាម បានធ្លាក់ចុះយ៉ាងខ្លាំង។
បព្វជិតខ្លះ បានចោទលោក Edhi ពីការផ្សព្វផ្សាយរឿង អសីលធម៌ ដោយការអនុញ្ញាតឲ្យស្រ្តីទុកកូនដែលកើតចេញពីចំណងអាពាហ៍ពិពាហ៍។
បុគ្គលិករបស់លោក Edhi និយាយថា លោក មិនបានវិនិច្ឆ័យនរណាទេ។ បាវចនារបស់លោកគឺ សេវាសម្រាប់មនុស្សទាំងអស់គ្នា។
«លោកជឿជាក់ក្នុងការសង្គ្រោះជីវិតមនុស្សជាតិ ក្នុងការជួយអ្វីៗដែលនៅមានជីវិត។ នៅពេលលោកបានឃើញឆ្កែមានរបួស លោកនឹងយកឆ្កែនោះមកកាន់មជ្ឈមណ្ឌលរបស់លោកហើយប្រាប់យើងឲ្យរុំរបួសឲ្យឆ្កែនោះ»។
ការតាំងចិត្តនេះ ធ្វើឲ្យមនុស្សរាប់លាននាក់ចូលចិត្តលោកនៅទូទាំងប្រទេស។
ក្នុងជីវិតនេះ លោកមានតែសំលៀកបំពាក់២សម្រាប់ប៉ុណ្ណោះ។ ពេលស្លាប់ លោកបានក្លាយជាមនុស្សដំបូងគេដែលបានទទួលពិធីបុណ្យសពជាលក្ខណៈផ្លូវរដ្ឋនៅក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន