ការជិះកង់ស្ដាប់ទៅហាក់ដូចជាសកម្មភាពសាមញ្ញបំផុតនៅតាមតំបន់ជាច្រើននៅជុំវិញពិភពលោក។ ប៉ុន្តែសកម្មភាពបែបនេះសម្រាប់ស្ត្រីវ័យក្មេងមួយក្រុមនៅក្នុងក្រុង Lyari ដែលជាតំបន់រស់នៅបែបអភិរក្សនិយមនៅក្នុងទីក្រុង Karachi ប្រទេសប៉ាគីស្ថាន មិនត្រូវបានគេគិតថាជារឿងធម្មតានោះទេ។
ស្ត្រីនៅក្នុងក្រុង Lyari នេះ ភាគច្រើនមិនឃើញធ្វើសកម្មភាពណាមួយជាសាធារណៈនោះទេ។ ហេតុដូច្នេះហើយ នៅពេលដែលអង្គការ Lyari Girls Cafe ដែលជាអង្គការក្រៅរដ្ឋាភិបាលឧបត្ថម្ភដោយប្រទេសអាល្លឺម៉ង់ បានជួយបង្រៀនក្រុមស្ត្រីវ័យក្មេងទាំងនេះឲ្យចេះជិះកង់មក ក្រុមអ្នកស្រុកមានការភ្ញាក់ផ្អើល។
ដំបូង គេឃើញមានការប្រឆាំងខ្លាំងក្លា។ អ្នកស្រុកតិះដៀលអាក្រក់ៗ។ សូម្បីតែស្ថាប័នសិក្សាសាសនាឥស្លាមក្នុងស្រុកមួយចំនួនក៏បានបញ្ជូនសិស្សក្មេងៗឲ្យគប់ដុំថ្មដាក់ក្រុមស្ត្រីវ័យក្មេងទាំងនោះផងដែរ។
អ្នកស្រី Zulekha Dawood ដែលជាគ្រូបង្រៀនជិះកង់ និយាយថា៖ «ពេលខ្លះ ពាក្យរិះគន់មានភាពខ្លាំងក្លាពេកដែលធ្វើឲ្យពួកយើងឈឺចាប់ ប៉ុន្តែពួកយើងមិនបោះបង់ចោល និងនៅតែបន្តដំណើរទៅមុខជានិច្ច»។
នៅរៀងរាល់ថ្ងៃអាទិត្យ ស្ត្រីវ័យក្មេងទាំងនេះបានយកកង់របស់ពួកគេទៅរៀនជិះនៅកន្លែងចតឡានទំនេរមួយកន្លែង។ សម្រាប់ពួកគេ ការជិះកង់នេះគឺលើសពីកីឡាធម្មតាទៅទៀត គឺវាជាទម្រង់មួយនៃការតស៊ូមតិ។
អ្នកស្រី Habiba ដែលជាអ្នកជិះកង់ម្នាក់នៃក្រុមស្ត្រីវ័យក្មេងទាំងនោះ និយាយថា៖ «ខ្ញុំមកពីតំបន់មួយដែលស្ត្រីជារឿយៗត្រូវគេគាបសង្កត់។ ខ្ញុំមិនចង់ឲ្យកូនស្រីរបស់ខ្ញុំឆ្លងកាត់អ្វីដែលខ្ញុំធ្លាប់បានឆ្លងកាត់កាលពីក្មេងនោះទេ។ ខ្ញុំបានចាប់ផ្ដើមរៀនជិះកង់ដោយខ្លួនខ្ញុំផ្ទាល់ ដូច្នេះខ្ញុំអាចយកកូនស្រីរបស់ខ្ញុំទៅជាមួយបាន»។
គ្មានស្ត្រីណាម្នាក់ក្នុងចំណោមស្ត្រីទាំងនេះមានកង់ផ្ទាល់ខ្លួននោះទេ។ កង់ចំនួន ៣០ គ្រឿង ដែលស្ត្រីទាំងនេះចែកគ្នាជិះភាគច្រើនគឺជាការឧបត្ថម្ភពីអាជ្ញាធរក្នុងស្រុក ឬក៏ពីស្ថានកុងស៊ុលអាល្លឺម៉ង់នៅក្នុងទីក្រុង Karachi។
ស្ត្រីវ័យក្មេងទាំងនេះសង្ឃឹមថាអាចកែប្រែផ្នត់គំនិតរបស់សាធារណជនទូទៅបាន។ ពួកគេចង់ឲ្យការជិះកង់នេះក្លាយជារឿងធម្មតាសម្រាប់ស្ត្រី។ ពួកគេចង់ឲ្យការជិះកង់ក្លាយជាផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដូចជាទៅសាលារៀន ឬក៏ទៅធ្វើការជាដើម។
ពួកគេមានក្ដីសង្ឃឹមខ្ពស់សម្រាប់ថ្ងៃអនាគត ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ននេះ កន្លែងចតឡានដ៏ទូលាយមួយកន្លែងដែលមានសភាពទំនេរនៅរាល់ព្រឹកថ្ងៃអាទិត្យដែលពួកគេតែងតែមករៀនជិះកង់នោះ គឺជាកន្លែងតែមួយគត់ដែលពួកគេអាចបង្ហាញអំពីចំណង់ចំណូលចិត្តនៃការជិះកង់របស់ពួកគេបាន៕
ប្រែសម្រួលដោយ ភី សុភាដា