ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរប៉ាគីស្ថានបង្អាក់សេវាទូរសព្ទដៃនិងសេវាអ៊ីនធឺណិតនៅថ្ងៃបោះឆ្នោត


ស្ត្រីម្នាក់កំពុងបោះឆ្នោតនៅមណ្ឌលបោះឆ្នោតមួយកន្លែងក្នុង​ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ស្ត្រីម្នាក់កំពុងបោះឆ្នោតនៅមណ្ឌលបោះឆ្នោតមួយកន្លែងក្នុង​ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

អាជ្ញាធរ​ប៉ាគីស្ថាន​បង្អាក់​សេវា​ទូរសព្ទ​ដៃនិង​សេវា​អ៊ីនធឺណិត​នៅ​ថ្ងៃបោះឆ្នោត​ នៅ​ថ្ងៃព្រហស្បតិ៍​នេះ ​នៅ​ពេលក្រុម​អ្នកបោះឆ្នោត​បាន​បោះឆ្នោតនៅ​ក្នុង​ការបោះឆ្នោត​សភា​ដែលមាន​រឿង​ច​ម្រូងចម្រាស់​ហើយ​នោះ។

សេចក្តីប្រកាស​កាលពី​ពេលព្រឹក​របស់​ក្រសួង​មហាផ្ទៃ​នៅមុន​ស្ថានីយ៍​បោះឆ្នោត​បើកដំណើរការសម្រាប់​ក្រុម​អ្នក​មាន​សិទ្ធិ​បោះឆ្នោតប្រមាណ​ ១២៨ ​លាន​នាក់ បាន​និយាយ​ថា ការ​បង្អាក់សេវាទូរសព្ទគឺ​ដើម្បី​ «បន្ធូរការគំរាម​កំហែង​ខាង​សន្តិសុខ‍‍» ​និង ​«ថែរក្សា​ច្បាប់​និង​សណ្តាប់​ធ្នាប់‍»។ សេចក្តី​ប្រកាស​នេះមិន​បាន​ពិភាក្សាការផ្អាកសេវា​ អ៊ីនធឺណិត​ទេ។​

ការផ្អាក​សេវា​ទាំង​នេះ​មាន​ឡើង​ក្រោយការ​ផ្ទុះ​គ្រាប់បែក​ពីរ​ដាច់​ដោយ​ឡែក​ពីគ្នា​នៅ​ខាង​ក្រៅ​ការិយាល័យ​ឃោសនាបោះឆ្នោត​ក្នុង​ខេត្ត​ Baluchistan ​នាប៉ែកនិរតីប្រទេសកាលពី​ថ្ងៃ​ពុធ​ ដែល​បានសម្លាប់មនុស្ស​ ៣០ នាក់​ ដោយ​ក្រុមសកម្ម​ប្រយុទ្ធរដ្ឋអ៊ិស្លាម​បាន​អះអាង​ទទួលខុស​ត្រូវ​ដល់​ការបំផ្ទុះ​គ្រាប់បែក​ទាំងនេះ។

រដ្ឋាភិបាល​បានដាក់​ពង្រាយទាហាន​ កង​ប៉ារ៉ា​និង​ប៉ូលិសជាង ៦៥.០០០​ នាក់​ ដើម្បីផ្តល់​សន្តិសុខ​ដល់​ស្ថានីយ៍​បោះឆ្នោត​រាប់ម៉ឺននៅក្នុង​ប្រទេស​នេះ ​ដែល​មាន​ប្រជារាស្ត្រ​ច្រើន​ទី​ ៥ ​ក្នុងពិ​ភពលោក ​ដោយ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ ២៤១ ​លាន​នាក់។

ការផ្ទុះ​គ្រាប់បែកមួយសំដៅ​លើ​ពួកប៉ូលិស​យាមល្បាតនៅក្នុង​ស្រុក Dera Ismail Khan នាផ្នែក​ពាយ័ព្យប្រទេសកាល​ពីរសៀល​ថ្ងៃព្រហស្បតិ៍ ​បា​នសម្លាប់​ប៉ូលិស​យ៉ាងតិច​ណាស់ ​៥ ​នាក់។ គ្មាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ភ្លាមៗ​ទេ​ដល់​ការបំផ្ទុះ​គ្រាប់បែក​នេះ។

តែការផ្អាក​សេវា​ទូរសព្ទ​និងសេវា​អ៊ីនធឺណិតបាននាំ​ឱ្យមានការចោទប្រកាន់ថា​ជា​ការប៉ុនប៉ង​មួយ​ទៀត ដោយ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​គាំទ្រដោយ​ពួក​យោធា ​ដើម្បី​បន្លំ​សន្លឹក​ឆ្នោត ​ដោយរឹតត្បិត​ក្រុម​បេក្ខជន​ស្មោះ​ត្រង់​នឹង​គណបក្ស​របស់អតីតនាយក​រដ្ឋមន្ត្រីជាប់​ពន្ធនាគារ​លោក​ Imran Khan​ កុំ​ឱ្យ​មាន​ការគាំទ្រ​ច្រើន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG