ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan ត្រូវកាត់ទោសជាប់ពន្ធនាគារ ១០ ឆ្នាំ


រូបឯកសារ៖ អតីតនាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Imran Khan ថ្លែង​នៅ​វិមាន​នាយករដ្ឋមន្ត្រី ក្នុងទីក្រុង Lahore ប្រទេស​ប៉ាគីស្ថាន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។
រូបឯកសារ៖ អតីតនាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Imran Khan ថ្លែង​នៅ​វិមាន​នាយករដ្ឋមន្ត្រី ក្នុងទីក្រុង Lahore ប្រទេស​ប៉ាគីស្ថាន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

អតីត​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Imran Khan ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១០ ឆ្នាំ​ក្រោម​បទ​ចោទ​ប្រកាន់​ថា​លោក​បាន​បង្ហាញ​កិច្ចការ​សម្ងាត់​របស់​ជាតិ​ជា​សាធារណៈ។

អ្នក​នាំពាក្យ​គណបក្ស Pakistan Tehreek-e-Insaf របស់​លោក Khan បាន​និយាយ​ថា លោក Khan និង​លោក Shah Mahmood Qureshi ដែល​ជា​សម្ព័ន្ធមិត្ត ត្រូវ​បាន​កាត់ទោស​ដោយ​តុលាការ​ពិសេស​មួយ​នៅ​ក្នុង​ទីក្រុង Rawalpindi។

លោក Khan ត្រូវ​បាន​សភា​បោះឆ្នោត​ដក​សេចក្ដី​ទុកចិត្ត​បង្ខំ​ចុះចេញ​ពី​តំណែង​នៅ​ក្នុង​ឆ្នាំ ២០២២។

រដ្ឋអាជ្ញា​បាន​បញ្ជាក់​ថា លោក Khan បាន​គ្រវី​ចុះឡើង​នូវ​សារ​ឆ្លើយឆ្លង​ការទូត​សម្ងាត់​រវាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​រដ្ឋាភិបាល​ប៉ាគីស្ថាន​នៅ​ក្នុង​ការ​ជួបជុំ​មួយ។ លោក Khan បាន​និយាយ​ថា​នោះ​ជា​មូលហេតុ​ដែល​សភា​បាន​បោះឆ្នោត​ដក​លោក​ចេញ​ពី​តំណែង និង​ថា​ការ​ដក​លោក​ចេញ​ពី​តំណែង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ឃុបឃិត​សម្ងាត់​រវាង​សហរដ្ឋ​អាមេរិក​និង​យោធា​ប៉ាគីស្ថាន។ ទាំង​សហរដ្ឋ​អាមេរិក​និង​ប៉ាគីស្ថាន​សុទ្ធតែ​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​លោក Khan នេះ។

លោក Khan កំពុង​ជាប់​ពន្ធនាគារ ៣ ឆ្នាំ​នៅ​ក្នុង​ការ​ផ្ដន្ទាទោស​ដាច់​ដោយឡែក​ពី​នេះ​រឿង​អំពើ​ពុករលួយ។ ការ​ផ្ដន្ទាទោស​នេះ​បាន​ធ្វើ​ឱ្យ​លោក​មិន​អាច​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​ក្រោយ​បាន។

គណបក្ស​ Pakistan Tehreek-e-Insaf ឬ PTI របស់​លោក Khan​ បាន​ច្រានចោល​សេចក្តី​សម្រេច​របស់​តុលាការ​ថា​ជា «ការចំអក​ទាំងស្រុង​ និង​មិន​គោរព​ច្បាប់»​ នៅក្នុង​ការកាត់ក្តី​មួយ​ «ដោយ​គ្មាន​ការចូលយក​ព័ត៌មាន​ពី​ប្រព័ន្ធផ្សព្វផ្សាយ ​ឬ​សាធារណៈជន»​ឡើយ។ គណបក្ស​នេះ​បាន​និយាយ​ថា ក្រុម​អ្នក​ច្បាប់​របស់​ខ្លួន «នឹង​ជំទាស់​នឹង​ការ​សម្រេច​ចិត្ត​ទៅតុលាការ​ជាន់​ខ្ពស់» ហើយ «សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​ព្យួរ​ទោស​នេះ»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង​ AFP

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG