ប្រទេសប៉ាគីស្ថានបានបង្ហាញកាលពីថ្ងៃសៅរ៍ថា ខ្លួនបានចូលរួមនឹងការចរចាជាមួយនឹងប្រទេសអាហ្វហ្គានីស្ថានទៅលើយន្តការរួមគ្នាមួយ ដើម្បីដោះស្រាយកង្វល់ទៅលើបញ្ហាភេរវកម្មឆ្លងព្រំដែន ហើយភាគីទាំងពីរអាចធ្វើឲ្យកិច្ចព្រមព្រៀងនេះទៅជាផ្លូវការនៅសប្តាហ៍ក្រោយនេះ។
លោក Sartaj Aziz ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយការបរទេស បានថ្លែងប្រាប់អ្នកកាសែតនៅក្នុងទីក្រុង Islamabad ថា លោកនឹងពិភាក្សាបន្ថែមទៀតទៅលើបញ្ហានេះ នៅពេលដែលលោកជួបជាមួយនឹងលោក Salahuddin Rabbani រដ្ឋមន្ត្រីក្រសួងការបរទេសអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំបន្ទាប់បន្សំពីកិច្ចប្រជុំកំពូលថ្នាក់តំបន់នៅក្នុងទីក្រុង Islamabad នៅថ្ងៃអាទិត្យនេះ។
លោកបាននិយាយថា លោក Rabbani បានបញ្ជាក់ថានឹងចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចប្រទេសទាំង១០ ឬហៅថា ECO ជាមួយនឹងមន្ត្រីជាន់ខ្ពស់អាហ្វហ្គានីស្ថានដទៃទៀត។
លោក Aziz បានថ្លែងបន្តថា ភាគីទាំង២យល់ឃើញថា អំពើភេរវកម្មគឺជាសត្រូវរួម ហើយបានព្រមព្រៀងគ្នាថា ពិតជាមានតម្រូវការទៅលើកិច្ចសហប្រតិបត្តិការរួមគ្នា។
ទំនាក់ទំនងទ្វេភាគីបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែរដ្ឋាភិបាលក្រុង Islamabad និងរដ្ឋាភិបាលក្រុង Kabul បានចោទប្រកាន់គ្នាទៅវិញទៅមក ថាបានផ្តល់ទីជម្រកដល់ក្រុមសកម្មប្រយុទ្ធដែលប្រឆាំងនឹងរដ្ឋនិងឧបត្ថម្ភដល់ការវាយប្រហារភេរវកម្មទៅលើទឹកដីរបស់ពួកគេរៀងខ្លួន៕