ទីប្រឹក្សាសន្តិសុខជាតិថ្មីត្រូវបានរាយការណ៍ថា បានប្រាប់ដល់បុគ្គលិករបស់ខ្លួនថា អ្នកកាន់សាសនាឥស្លាមដែលបានធ្វើសកម្មភាពភេរវកម្មគឺជាអ្នកបំផ្លាញសាសនាឥស្លាម។ នេះគឺជាជំហរមនោគមវិជ្ជាមួយដែលខុសឆ្ងាយពីទីប្រឹក្សាជាន់ខ្ពស់ដទៃទៀតរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។
លោកឧត្ដមសេនីយ៍ឯកH.R. McMaster បានថ្លែងប្រាប់ដល់សមាជិកនៃក្រុមប្រឹក្សាសន្តិសុខជាតិថា ការប្រើប្រាស់ពាក្យ«ភេរវកម្មជ្រុលនិយមឥស្លាម» គឺជាពាក្យដែលខូចប្រយោជន៍ ដោយសារតែសកម្មភាពភេរវកម្មគឺ «មិនមែនជាសាសនាឥស្លាមនោះទេ»។ នេះបើយោងតាមកាសែត the New York Times។
សុន្ទរកថារបស់លោក McMaster ត្រូវបានរាយការណ៍ថា បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងកិច្ចប្រជុំបុគ្គលិកទាំងអស់លើកដំបូងរបស់លោក។ នេះបើយោងតាមអ្នកដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ។
អត្ថាធិប្បាយរបស់លោកខុសពីភាសាដែលលោកប្រធានាធិបតីនិងលោក Michael Flynn ដែលអ្នកកាន់តំណែងជាទីប្រឹក្សាសន្តិសុខជាតិមុនលោក បានលើកឡើងជារឿយៗ។ លោក Michael Flynn បានលាលែងពីតំណែងបន្ទាប់ពីមានរឿងអាស្រូវទាក់ទងនឹងការនិយាយទូរស័ព្ទជាមួយនឹងមន្ត្រីការទូតរុស្ស៊ី៕