មេដឹកនាំប្រទេសនានានៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃសុក្របានគាំទ្រគំនិតផ្តួចផ្តើមដ៏សំខាន់មួយខាងការត្រួតពិនិត្យរួមគ្នា និងបានប្រឆាំងទៅនឹងវិធានការរបស់សម្ព័ន្ធមិត្តនានារបស់ចិននៅក្នុងតំបន់នោះដែលចង់ធ្វើឱ្យតៃវ៉ាន់នៅឯកោ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ដែលបានធ្វើសេចក្តីរាយការណ៍ពេលក្រុមមេដឹកនាំប្រទេសទាំងនេះបញ្ចប់កិច្ចប្រជុំកំពូលថ្នាក់តំបន់ក្នុងប្រទេសតុងហ្កា។
បញ្ហាសន្តិសុខជាចំណុចស្នូលក្នុងកិច្ចពិភាក្សារបស់អង្គការវេទិកាបណ្ដាប្រទេសដីកោះប៉ាស៊ីហ្វិក (Pacific Islands Forum) នៅឆ្នាំនេះ ដែលអង្គការនេះជាប្លុកមួយ ដែលប្រទេសខ្លះនៅក្នុងប្លុកនេះគឺជាដៃគូរបស់សហរដ្ឋអាមេរិក ខ្លះជាមិត្តរបស់ចិន និងខ្លះនៅរក្សាចំណងទាក់ទងជាមួយតៃវ៉ាន់។
ប្រទេសអូស្រ្តាលី ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បានបញ្ចុះបញ្ចូលប្រទេសជិតខាងរបស់ខ្លួនក្នុងតំបន់ប៉ាស៊ីហ្វិកឱ្យគាំទ្រផែនការជាប្រវត្តិសាស្ត្រនេះ ដោយផ្ដល់ឱ្យខ្លួននូវតួនាទីធំជាងមុនក្នុងការបណ្តុះបណ្តាលប៉ូលិសនៅក្នុងតំបន់។
ផែនការនេះនឹងបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺននគរបាលថ្នាក់តំបន់ចំនួន ៤ និងកងកម្លាំងប្រតិកម្មទៅនឹងវិបត្តិពហុជាតិ ដោយមានថវិកាបឋមចំនួន ២៧១ លានដុល្លារផ្តល់ដោយអូស្ត្រាលី។
ទោះបីជាប្រទេសជាច្រើនដូចជាហ្វីជីជាដើមហៅផែនការនេះថាជា «លាភ» ក៏ដោយ ក៏ប្រទេសផ្សេងទៀតដែលស្និទ្ធនឹងចិនមិនសូវសប្បាយចិត្តនឹងគំនិតនេះទេ។
រដ្ឋមន្ត្រីការបរទេសនៃប្រទេស Solomon Islands លោក Peter Agovaka បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPកាលពីថ្ងៃសុក្រថា៖ «រឿងម្យ៉ាងគត់ដែលយើងមិនយល់ស្របគ្នាគឺថាផែនការនេះដាក់លក្ខខណ្ឌលើសន្តិសុខក្នុងប្រទេសរបស់យើងផ្ទាល់»៕
វេទិកាបញ្ចេញមតិ