សហភាពអឺរ៉ុបបានព្រមព្រៀងជាមួយក្រុមហ៊ុន Pfizer-BioNTech ដើម្បីទិញវ៉ាក់សាំងកូវីដ១៩បន្ថែមចំនួន ៣០០ លានដូសថែមទៀត។
នៅឯសន្និសីទកាសែតក្នុងទីក្រុង Brussels កាលពីថ្ងៃសុក្រ លោកស្រី Ursula Von der Leyen ប្រធានគណៈកម្មការសហភាពអឺរ៉ុប បាននិយាយថា កិច្ចព្រមព្រៀងនោះ នឹងបង្កើនចំនួនទ្វេដងនូវចំនួនដូសដែលសហភាពអឺរ៉ុបទិញពីក្រុមហ៊ុនផលិតឱសថនោះ។ គណៈកម្មការនេះ ជាផ្នែកនីតិប្រតិបត្តិរបស់សហភាពអឺរ៉ុប។
លោកស្រី Von der Leyen បានថ្លែងថា សហភាពអឺរ៉ុប បានធ្វើកិច្ចព្រមព្រៀងដាច់ដោយឡែកមួយទៀតជាមួយក្រុមហ៊ុនផលិតឱសថសហរដ្ឋអាមេរិក Moderna ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុននោះ ដែលត្រូវបានអនុញ្ញាតឲ្យប្រើនៅក្នុងតំបន់អឺរ៉ុបនៅដើមសប្តាហ៍នេះ។
លោកស្រីថ្លែងថា គម្រោងទិញវ៉ាក់សាំងទាំងពីរនេះ នឹងនាំឲ្យសហភាពអឺរ៉ុប មានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ឲ្យពលរដ្ឋអឺរ៉ុបចំនួន ៣៨០ លាននាក់ ឬជាង ៨០ ភាគរយនៃប្រជាពលរដ្ឋទាំងអស់របស់ប្លុកនេះ។ ថ្នាំវ៉ាក់សាំងនីមួយៗតម្រូវឲ្យចាក់ ២ ដូស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីដូសទី១។
លោកស្រី Von der Leyen ថ្លែងថា វ៉ាក់សាំងបន្ថែមចំនួន ៧៥ លានដូស នឹងមកដល់នៅត្រីមាសទី២ នៅឆ្នាំនេះ ហើយវ៉ាក់សាំងនៅសល់ នឹងមកដល់នៅចុងឆ្នាំ២០២១។
ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងជំងឹកូវីដ១៩ សហភាពអឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងចំនួន ៦ គឺ៖ ក្រុមហ៊ុន Moderna, Pfizer-BioNTech, AstraZeneca, Sanofi-GSK, Janssen Pharmaceutica NV និង CureVac៕